វិស័យ​ការបរទេស

បើថៃ មិនអនុវត្តតាមសេចក្តីសម្រេចរបស់ស្ថាប័នអន្តរជាតិ តើកម្ពុជា មានយន្តការអ្វីបន្ថែម ដើម្បីដាក់សម្ពាធថៃ ឱ្យប្រគល់ដីមកឱ្យកម្ពុជាវិញ?


កម្ពុជា បានប្រើប្រាស់យន្តការការទូត និងច្បាប់អន្តរជាតិ យ៉ាងសកម្ម ដើម្បី​​តវ៉ា និង​ប្រឆាំងយ៉ាងដាច់អហង្ការ​ចំពោះទង្វើរំលោភបំពានដោយខុសច្បាស់របស់យោធាថៃ មកលើដែនអធិបតេយ្យភាព និងបូរណភាព​ទឹកដីកម្ពុជា។​ ការប្រើប្រាស់យន្តការនេះត្រូវបាន​រំពឹងថា ​នឹងអាចជួយឱ្យកម្ពុជា ទទួលបានយុត្តិធម៌ និងទទួលបានទឹកដីដែលយោធាថៃ កំពុងគ្រប់គ្រងដោយខុសច្បាប់​មកគ្រប់គ្រងវិញ។
វិស័យ​ការបរទេស
ដោយ

ទោះយ៉ាងណាគេកត់សម្គាល់ឃើញថា ភាគីថៃ ហាក់ពុំបានខ្លាចញញើតនឹងច្បាប់អន្តរជាតិ នោះទេ ជាហេតុធ្វើឱ្យមានការចោទសួរថា ប្រសិនបើអន្តរជាតិឱ្យភាគីថៃ ប្រគល់ទឹកដីឱ្យកម្ពុជាវិញ ប៉ុន្តែបើថៃ មិនអនុវត្តតាមទេ តើកម្ពុជា គួរមានយន្តការគតិយុត្ត និងយុទ្ធសាស្ត្របែបណាបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានេះដោយសន្តិវិធី?

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានគូសបញ្ជាក់ថា ព្រំដែនរវាងកម្ពុជា និងថៃ ត្រូវបានកំណត់ដោយផែនទី និងស្ថាប័នអន្តរជាតិ រួចមកហើយ ដូច្នេះរាល់ការរំលោភបំពានណាមួយរបស់ថៃ វាជាអំពើខុសច្បាប់។ ស្របពេលកម្ពុជា កំពុងរងការរំលោភបំពាន និងរុកកួនឥតឈប់ឈរពីយោធាថៃ អ្នកជំនាញរូបនេះយល់ថា រដ្ឋាភិបាលកម្ពុជា ត្រូវព្យាយាមប្រើប្រាស់យន្តការការទូត និងច្បាប់អន្តរជាតិ ឱ្យអស់ពីលទ្ធភាព ហើយត្រូវស្វែងរកយន្តការបន្ថែម ដើម្បីអនុវត្តច្បាប់អន្តរជាតិ ប្រសិនបើភាគីថៃ មិនព្រមចេញពីតំបន់ ដែលពួកគេកំពុងកាន់កាប់ដោយខុសច្បាប់។ តែយ៉ាងណាលោកបណ្ឌិត យង់ ពៅ សង្កត់ធ្ងន់ថា កម្ពុជាត្រូវតែធ្វើទំនើបកម្មយុទ្ធោបករណ៍ និងកែទម្រង់វិស័យការពារជាតិ ឱ្យបានកាន់តែខ្លាំង ដើម្បីការពារការឈ្លានពានពីប្រទេសជិតខាង។

ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម កត់សម្គាល់ឃើញថា កម្ពុជា កំពុងប្រើប្រាស់យន្តការការទូត និងច្បាប់អន្តរជាតិ យ៉ាងសកម្ម ដើម្បីប្ដឹង និងតវ៉ាចំពោះសកម្មភាពឈ្លានពានរបស់ភាគីថៃ ខណៈចំណាត់ការបស់កម្ពុជា ពុំត្រូវបានភាគីថៃញញើតនោះទេ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើច្បាប់អន្តរជាតិ មិនអាចផ្ដល់យុត្តិធម៌ឱ្យកម្ពុជា បានទេ នោះការប្រើប្រាស់កងកម្លាំងអាចនឹងក្លាយជាជម្រើសចុងក្រោយសម្រាប់កម្ពុជា ក្នុងការដណ្ដើមទឹកដីត្រឡប់មកវិញ។

ទាក់ទិននឹងបញ្ហានេះដែរ លោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទយល់ឃើញថា ការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ អាចធ្វើឡើងក្រោមយន្តការធំៗរួមមាន ការប្រើកម្លាំងយោធា, ការចរចារទ្វេរភាគី, ការផ្សះផ្សាដោយមានភាគីទី៣ និងយន្តការតុលាការអន្តរជាតិ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា វិវាទព្រំដែនសមុទ្រ បានឈានដល់យន្តការតុលាការអន្តរជាតិហើយ នៅឡើយតែព្រំដែនគោកដែលនៅតែប្រើត្រឹមចរចាទ្វេភាគី។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះកន្លងមក កម្ពុជា គ្រាន់តែប្រើយន្តការអង្គការសហប្រជាជាតិ ហើយយន្តការនេះ គឺអាស្រ័យលើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ប្រសិនបើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់ការ ដោយមានមហាអំណាចធំៗលូកដៃគេអាចបញ្ជូនកម្លាំងសន្តិសុខអង្គការសហប្រជាជាតិ ចូលមកតំបន់មានវិវាទ និងគ្រប់គ្រងតំបន់នោះជាតំបន់ទំនាស់ តែក៏មិនអាចធ្វើសេចក្តីសម្រេចយ៉ាងណាបានដែរ។ ជាទស្សនៈរបស់អ្នកជំនាញច្បាប់រូបនេះ ដើម្បីឱ្យដាច់ស្រេច គឺមានតែតុលាការអន្តរជាតិ ហើយកម្ពុជា ត្រូវប្តឹងទៅតុលាការអន្តរជាតិ ដើម្បីឱ្យកាត់សេចក្តីឱ្យបានច្បាស់លាស់។

គួររំលឹកថា ក្រសួងការបរទេសកម្ពុជា ជានិច្ចកាលតែងតែបង្ហាញជំហរច្បាស់លាស់ដោយផ្ញើលិខិតបដិសេធ និងតវ៉ាដាច់អហង្ការចំពោះការរំលោភបំពានខុសច្បាប់ណាមួយចូលក្នុងទឹកដីកម្ពុជា ពីសំណាក់យោធាថៃ។ កម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិថា ខ្សែបន្ទាត់ព្រំដែននៃរដ្ឋទាំងពីរមិនអាចប្រែប្រួល ឬផ្លាស់ប្តូរបានឡើយតាមរយៈការប្រើប្រាស់កម្លាំងយោធា ពោលគឺត្រូវតែដោះស្រាយដោយសន្តិវិធី និងគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក៕




អត្ថបទបន្ទាប់


ស្រមោលខ្មៅនៃឧក្រិដ្ឋកម្មបច្ចេកវិទ្យានៅតែអន្ទងតាមលងកម្ពុជា តើរដ្ឋាភិបាលត្រូវចាត់វិធានការក្តៅបែបណា ដើម្បីលាងជម្រះវា?

នៅមួយរយៈពេលចុងក្រោយនេះ មានធនាគារមួយចំនួនត្រូវបានបិទទ្វារ និងមួយចំនួនទៀតរងទណ្ឌកម្មពីសហរដ្ឋអាម៉េរិក ដោយសារមានការជាប់ពាក់ព័ន្ធនឹងបណ្តាញ…

ចរន្តគាំទ្រផលិតផលខ្មែរអាចនឹងរលត់! សហគ្រិនខ្មែរត្រូវតែពង្រឹងស្តង់ដា និង គុណភាព បើចង់ឈ្នះការប្រកួតប្រជែងរយៈពេលវែង

ទោះបីជាចរន្តគាំទ្រផលិតផលក្នុងស្រុក និងស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរ កំពុងបង្កើតជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកក្នុងការពង្រីកខ្លួន ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ