​​​​​​​​​​​​​​​​​​​​​​​​​​​​ពោតក្រហម

ពោតក្រហម នៅខេត្តបាត់ដំបង មានទីផ្សារល្អប្រសើរឡើងវិញ ក្រោយជួបបញ្ហាខ្វះឈ្មួញប្រមូលទិញមួយរយៈ


ទីផ្សារពោតក្រហម នៅក្នុងខេត្តបាត់ដំបង បានចាប់ផ្ដើមមានទីផ្សារឡើងវិញហើយ បន្ទាប់ពីបានជួបវិបត្តិទីផ្សារត្បិតខ្វះឈ្មួញចុះជួយប្រមូលទិញកាលពីពេលកន្លងទៅ។ បើតាមការអះអាងពីក្រុមកសិករ បច្ចុប្បន្នតម្លៃពោតក្រហមស្រស់បានហក់ឡើងដល់៦០០រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីមុនអាចលក់បានក្នុងតម្លៃត្រឹមតែជាង ៣០០រៀលប៉ុណ្ណោះ។ បើតាមប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ភាពល្អប្រសើរនៃតម្លៃពោតក្រហមនាពេលនេះ គឺបានមកពីកិច្ចអន្តរាគមន៍ស្វែងរកដៃគូចុះប្រមូលទិញពីភាគីពាក់ព័ន្ធ ជាពិសេសការជួយគាំទ្រយ៉ាងសកម្មពីសំណាក់ក្រុមឈ្មួញនៅក្នុងស្រុកដោយផ្ទាល់។
​​​​​​​​​​​​​​​​​​​​​​​​​​​​ពោតក្រហម
ដោយ

លោក សុខ វិន ប្រធានសហគមន៍កសិកម្មតាសែននៅក្នុងខេត្តបាត់ដំបងបានលើកឡើងដោយក្តីរីករាយថា បច្ចុប្បន្ននេះមានក្រុមហ៊ុនឯកជនបានចុះទៅជួយប្រមូលទិញពោតក្រហមដល់ចម្ការរបស់កសិករជាបន្តបន្ទាប់ ក្នុងតម្លៃមួយសមរម្យអាចទទួលយកបានគឺ៦០០រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីមុនអាចលក់បានត្រឹមតែជាង៣០០រៀលប៉ុណ្ណោះ។ បើតាមប្រធានសហគមន៍រូបនេះ ឈ្មួញដែលចុះទៅប្រមូលទិញភាគច្រើនជាឈ្មួញក្នុងស្រុក តែទោះជាយ៉ាងណា លោកនៅតែបង្ហាញក្តីបារម្ភថា តម្លៃនេះអាចនឹងមានការប្រែប្រួលទៅថ្ងៃខាងមុខ ប្រសិនបើគ្មានការចងក្រងទីផ្សារឱ្យបានច្បាស់លាស់។

ជាមួយគ្នានេះលោក សឿង សំអឿន កសិករដាំពោតក្រហមម្នាក់ទៀតនៅក្នុងខេត្តបាត់ដំបង ក៏បានអះអាងដែរថា ទីផ្សារពោតក្រហមបច្ចុប្បន្នហាក់មានភាពល្អប្រសើរឡើងវិញបន្តិច ដោយនៅតំបន់របស់លោកអាចលក់បានក្នុងតម្លៃ ៥៧០រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីប៉ុន្មានសប្តាហ៍មុនអាចលក់បានត្រឹមតែ៥០០រៀលប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី កសិកររូបនេះបានត្អូញត្អែរថា បើទោះជាតម្លៃពោតក្រហមលក់បានគ្រាន់បើជាងមុនក្តី ប៉ុន្តែកសិករហាក់មិនសូវទទួលបានប្រាក់ចំណេញច្រើននោះទេ ដោយសារតែថ្លៃដើមផលិតកម្មទាំងជី និងប្រេងឥន្ធនៈនៅឆ្នាំនេះហក់ឡើងខ្ពស់ គួបផ្សំនឹងបញ្ហាគ្រោះរាំងស្ងួត ដែលបានធ្វើឱ្យប៉ះពាល់ដល់ទិន្នផល និងគុណភាពកសិផលយ៉ាងខ្លាំង។

ពាក់ព័ន្ធបញ្ហានេះដែរលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានឱ្យដឹងថា កសិករនៅក្នុងខេត្តបាត់ដំបងនៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បានជួបប្រទះនឹងបញ្ហាប្រឈមធំៗជាន់គ្នាទាំងវិបត្តិគ្រោះរាំងស្ងួត ដែលបានបំផ្លាញផលដំណាំអស់ប្រមាណ២០០ហិកតា និងការរំខានដោយសារការវាយប្រហារឈ្លានពានពីសំណាក់យោធាថៃនៅតាមតំបន់ព្រំដែន។ ប៉ុន្តែទោះជាយ៉ាងណា ប្រធានមន្ទីររូបនេះ បានអះអាងថា នៅដើមរដូវកាលប្រមូលផលពោតក្រហមលើកទី២ក្នុងឆ្នាំនេះ តម្លៃពោតមានសន្ទុះល្អឡើងវិញ ក៏ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានស្វះស្វែងទំនាក់ទំនងស្វែងរកទីផ្សារ និងដៃគូប្រមូលទិញ គួបផ្សំឆ្នាំនេះកម្លាំងទិញស្ទើរតែទាំងស្រុង គឺជាឈ្មួញនៅក្នុងស្រុក។

បើតាមការគូសបញ្ជាក់របស់លោក ឈឹម វជិរា ការប្រមូលផលអំឡុងចុងឆ្នាំ២០២៥ និងដើមរដូវវស្សាដើមឆ្នាំ២០២៦ កន្លងទៅនេះ កសិករប្រមូលផលពោតក្រហមបានសរុបប្រមាណ៨០ម៉ឺនតោន ហើយលោកបានប៉ាន់ប្រមាណថា នៅរដូវកាលប្រមូលផលខាងមុខ ទិន្នផលអាចនឹងឈានដល់៨០ម៉ឺនតោនបន្ថែមទៀត។ ទន្ទឹមប្រធានមន្ទីររូបនេះ បានសង្កត់ធ្ងន់ថា បន្ទាប់ពីជួបវិបត្តិទីផ្សារ ក៏ដូចជាវិបត្តិគ្រោះរាំងស្ងួតហើយនោះ បច្ចុប្បន្នកសិករដាំពោតក្រហមនៅតាមតំបន់ជាយដែន ក៏កំពុងប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ធំមួយទៀត គឺយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ពីការវាយប្រហារឈ្លានពានរបស់ភាគីថៃកាលពីកន្លងទៅ ដែលបញ្ហានេះកំពុងបង្កជាឧបសគ្គយ៉ាងខ្លាំងដល់ការបង្កបង្កើនផលរបស់កសិករ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកជំនាញចាត់ទុកទស្សនកិច្ចរបស់ សម្តេចធិបតី ទៅកាន់ប្រទេសចិនមានលក្ខណៈជាយុទ្ធសាស្ត្រ និងជារបត់ថ្មី នៃទំនាក់ទំនងទ្វេភាគី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងដឹកនាំគណៈប្រតិភូទៅចូលរួមសន្និសីទបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ពិភពលោកឆ្នាំ២០២៦ និ…

ចិន បានដាក់ចេញផែនការជាតិ ឱ្យប្រជាជនរស់បានជាមធ្យម៨០ឆ្នាំ នៅត្រឹមឆ្នាំ២០៣០

កាលពីមុនពេលនិយាយពីប្រទេស ដែលប្រជាជនមានអាយុវែងជាងគេ គេតែងនឹកឃើញដល់ប្រទេសជប៉ុន។ ប៉ុន្តែពេល​នេះ ប្រទេសចិន ក៏កំពុងបោះជំហានទៅរកគោលដៅដូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ