ដំណើរទស្សនកិច្ចការងាររយៈពេល៣ថ្ងៃនេះ ត្រូវបានក្រុមអ្នកវិភាគនយោបាយ និងសេដ្ឋកិច្ចសង្គមវាយតម្លៃថា មានតម្លៃជាយុទ្ធសាស្ត្រខ្ពស់បំផុត និងជារបត់ប្រវត្តិសាស្ត្រថ្មីមួយក្នុងការរុញច្រានកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា និងចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត។ នៅក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបសម្តែងការគួរសមជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាង ដើម្បីពង្រឹងសសរស្តម្ភ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានវាយតម្លៃថា ការបំពេញទស្សនកិច្ចការងាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិននាពេលនេះវានឹងក្លាយជាក្បាលម៉ាស៊ីនរុញច្រានថ្មីក្នុងការបង្កើនកម្រិតទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ អ្វីដែលជាចំណុចពិសេស និងជារបត់ថ្មីនៃដំណើរទស្សនកិច្ចនេះ គឺលទ្ធភាពនៃការបង្កើតយន្តការសន្ទនា៣+៣ រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះលោកបណ្ឌិត គិន ភា រំពឹងថា ដំណើរទស្សនកិច្ចការងារទៅចិននៅពេលនេះថ្នាក់ដឹកនាំកម្ពុជាអាចនឹងមានជំនួបទ្វេភាគីជាមួយមេដឹកនាំថៃ ក្រោមការសម្របសម្រួលពីថ្នាក់ដឹកនាំរបស់ចិនផងដែរ។
ដោយឡែកលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមជឿជាក់ថា កម្ពុជាអាចនឹងមានការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗជាច្រើនជាមួយចិននៅក្នុងអំឡុងពេលទស្សនកិច្ចនេះ ដែលនឹងបើកផ្លូវឱ្យលំហូរទុនវិនិយោគ និងបច្ចេកវិទ្យាចិនមកកម្ពុជាកាន់តែច្រើន។ ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានយល់ស្របទៅនឹងការលើកឡើងដែលថា ថ្នាក់ដឹកនាំចិនអាចនឹងដើរតួជាអ្នកសម្របសម្រួលការទូតដ៏សំខាន់ ដើម្បីឱ្យនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃបានជួបចរចាទល់មុខគ្នាផ្ទាល់ ក្នុងគោលបំណងស្វែងរកដំណោះស្រាយដោយសន្តិវិធីលើវិវាទព្រំដែនដែលកំពុងអូសបន្លាយ។
គួរជម្រាបថា នៅក្នុងដំណើរទស្សនកិច្ចការងារទៅកាន់ទីក្រុងសៀងហៃលើកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងត្រូវអមដំណើរដោយឧបនាយករដ្ឋមន្ត្រីរហូតដល់ទៅ៣រូប ព្រមទាំងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ ក្រៅពីជំនួបកំពូលទ្វេភាគីជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី លី ឈាង សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ (World AI Conference 2026)។ បន្ថែមលើរបៀបវារៈដ៏មមាញឹកនេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏នឹងអនុញ្ញាតឱ្យតំណាងធុរជន និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់ចិនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីកៀរគរការវិនិយោគថ្មីៗផងដែរ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ