ក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ទម្រង់ និងយន្តការភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព” ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានចែករំលែកបទពិសោធជោគជ័យ និងយន្តការនវានុវត្តន៍របស់ SDF ក្នុងការជំរុញការអភិវឌ្ឍជំនាញនៅកម្ពុជា។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមបានគូសបញ្ជាក់នូវទស្សនទានដ៏មានអត្ថន័យថា “ហិរញ្ញប្បទានគឺជាយន្តការជំរុញ ភាពជាដៃគូគឺជាក្បាលម៉ាស៊ីន ហើយលទ្ធផលគឺជាភស្តុតាងបញ្ជាក់”។ ដើម្បីសម្រេចបានចក្ខុវិស័យនេះ ឯកឧត្តម បានលើកឡើងនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៣ រួមមាន៖ ១. ការវិនិយោគរួមគ្នា (Co-investment)៖ បង្កើតនូវភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់ពីនិយោជក តាមរយៈការផ្សារភ្ជាប់ហិរញ្ញប្បទានទៅនឹងតម្រូវការជាក់ស្តែងនៃអាជីវកម្ម និងកម្លាំងពលកម្ម, ២. ទិន្នន័យលទ្ធផលបង្កើតនូវទំនុកចិត្ត (Outcome Data Creates Trust)៖ បង្កើតនូវទំនុកចិត្តតាមរយៈភស្តុតាងជាក់ស្តែង ដូចជា អត្រាមានការងារធ្វើ និងការកើនឡើងនៃផលិតភាព ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហការប្រកបដោយប្រសិទ្ធភាព, ៣. កិច្ចសហប្រតិបត្តិការរវាងវិស័យរដ្ឋ ឯកជន និងប្រជាជន (Public-Private-People Partnership)៖ ពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ តាមរយៈការរួមគ្នារវាងវិស័យរដ្ឋ ឯកជន និងប្រជាជន ក្នុងការបង្កើត និងវិនិយោគលើកម្មវិធីអភិវឌ្ឍជំនាញ ដើម្បីធានាបាននូវផលជះយូរអង្វែង។
ជាមួយគ្នានេះ ក្រុមការងារ SDF បានដកស្រង់នូវបទពិសោធ និងការអនុវត្តល្អៗពីវាគ្មិនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងអឺរ៉ុប ដែលផ្តោតលើចំណុចយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ ការពង្រឹងការផ្សារភ្ជាប់រវាងប្រព័ន្ធ TVET និងឧត្តមសិក្សាដើម្បីគាំទ្រដល់ការសិក្សាពេញមួយជីវិត, ការជំរុញកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ដើម្បីតម្រង់ទិសជំនាញឱ្យស្របតាមទីផ្សារការងារ, និងការលើកកម្ពស់ការបណ្តុះបណ្តាលបង្កើនជំនាញ (Upskilling/Reskilling) ផ្នែកឌីជីថល។ ទន្ទឹមនឹងការសង្កេតឃើញពីកម្រិតអភិវឌ្ឍន៍ខុសៗគ្នានៃវិស័យ TVET ក្នុងតំបន់ ក្រុមការងារក៏បានសិក្សាពីគំរូជោគជ័យរបស់ប្រទេសសិង្ហបុរី ដែលមានគោលនយោបាយម៉ត់ចត់ និងការអនុវត្តកម្មវិធីសិក្សានៅកន្លែងធ្វើការ (Work-Based Learning) តាមរយៈការចុះកម្មសិក្សាដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដើម្បីពង្រឹងជំនាញអនុវត្តជាក់ស្តែង និងបង្កើនឱកាសការងារជូនដល់សិក្ខាកាម។
លើសពីនេះទៀត SDF ក៏បានចុះទស្សនកិច្ចសិក្សានៅរោងចក្រផលិតកម្មរបស់ក្រុមហ៊ុន BOSCH (Robert Bosch (Malaysia) Sdn Bhd) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដើម្បីស្វែងយល់ពីការអនុវត្តជាក់ស្តែងនៃ កម្មវិធីសិក្សាជំនាញបែបប្រព័ន្ធឆ្លាស់ (Dual Apprenticeship Program) ដែលជាប្រព័ន្ធដ៏មានប្រសិទ្ធភាពសម្រាប់សិស្សTVET ក្នុងការទទួលបានបទពិសោធឧស្សាហកម្មពិតប្រាកដ ពង្រឹងជំនាញអនុវត្តជាក់ស្តែង ព្រមទាំងលើកកម្ពស់ភាពត្រៀមលក្ខណៈកម្លាំងពលកម្ម និងឱកាសទទួលបានការងារធ្វើឱ្យកាន់តែប្រសើរឡើង។
យោងតាមសមិទ្ធផលការងារចាប់ពីឆ្នាំ ២០១៨ - ២០២៦ SDF បានជំរុញភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជនយ៉ាងសកម្ម ក្នុងនោះមានក្រុមហ៊ុន និងរោងចក្រ-សហគ្រាសគ្រប់កម្រិតចំនួន ៦១២ និងគ្រឹះស្ថានបណ្ដុះបណ្ដាលទាំងរដ្ឋ ឯកជនចំនួន៧៥ និងសមាគមធុរកិច្ចចំនួន ៣៣ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធក្នុងបេសកកម្មរបស់ SDF ដើម្បីបង្កើនការអភិវឌ្ឍជំនាញនៅកម្ពុជាទាំងបរិមាណ និងគុណភាព ឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងរួមគ្នាប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០ តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕
ព័ត៌មានថ្មីៗអំពី SDF៖ https://s.mtrbio.com/skills-development-fund
#SkillsDevelopmentFund #SDF #TVET #Partnership #CambodiaSkills #MalaysiaWorkshop2026