ការបោកប្រាស់លុយ

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Prudential នៅជប៉ុន នឹងត្រូវកាត់ប្រាក់ខែ ៣០% ក្រោយបែកធ្លាយ​ករណី​បុគ្គលិក​បោកប្រាស់លុយ​អតិថិជន


ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential Financial នៅប្រទេសជប៉ុន នឹងកាត់​បន្ថយប្រាក់បំណាច់របស់ខ្លួនចំនួន ៣០% រយៈពេល ៣ខែ ដើម្បីទទួលខុសត្រូវចំពោះករណី​បោកប្រាស់​របស់បុគ្គលិក ដែលបានបណ្តាលឱ្យអតិថិជនរងការខាតបង់ប្រាក់សរុបជាង ៣,១ ពាន់លាន​យ៉េន ឬស្មើនឹងប្រមាណ ២០លានដុល្លារអាម៉េរិក។ នេះបើយោងតាម​សារ័ពត៌មាន The Straitstimes ចុះផ្សាយនៅថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦។
ការបោកប្រាស់លុយ
ដោយ

បើតាមប្រភពព័ត៌មានដដែលនេះ លោក Hiromitsu Tokumaru ប្រធានក្រុមហ៊ុន Prudential Life Insurance នៅជប៉ុន និងថ្នាក់ដឹកនាំជាន់ខ្ពស់ពីររូបទៀត នឹងទទួលរងការកាត់បន្ថយប្រាក់បំណាច់ ៣០% រយៈពេល ៣ខែ។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ បានរកឃើញថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយនេះ បានប្រព្រឹត្តកំហុសឆ្គងនៅក្នុងក្របខណ្ឌអភិបាលកិច្ច និងគំរូអាជីវកម្មរបស់ខ្លួន។
តាមរបាយការណ៍ស៊ើបអង្កេត ករណីនេះពាក់ព័ន្ធនឹងបុគ្គលិកផ្នែកលក់បច្ចុប្បន្ន និងអតីតបុគ្គលិកជាង ១០០នាក់ របស់ក្រុមហ៊ុន Prudential Life បានរកឃើញនូវការប្រព្រឹត្តកំហុសជាច្រើនមានចាប់ពីការណែនាំអតិថិជនឱ្យវិនិយោគលើគម្រោងក្លែងក្លាយ រហូតដល់ការខ្ចីប្រាក់ពីអតិថិជន។ ករណីទាំងនេះបានធ្វើឱ្យអតិថិជនរងការខាតបង់ប្រាក់សរុបប្រមាណ ២០លានដុល្លារ។
ករណីរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential នេះ គឺជារឿងអាស្រូវចុងក្រោយបង្អស់ក្នុងចំណោមរឿងអាស្រូវជាបន្តបន្ទាប់ ដែលបានវាយប្រហារឧស្សាហកម្មធានារ៉ាប់រងរបស់ប្រទេសជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត នៅពេលដែលគ្រួសារនានាកំពុងស្វែងរកការវិនិយោគប្រាក់សន្សំរបស់ពួកគេបន្ថែមទៀត។
យោងតាមប្រភពព័ត៌មានអន្តរជាតិជាច្រើនបានរាយការណ៍ដែរថា និយតករហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន កំពុងពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life ដោយរួមទាំងបទបញ្ជាផ្អាកអាជីវកម្មជាបណ្តោះអាសន្នផងដែរ។
គណៈកម្មការស៊ើបអង្កេតបានរកឃើញថា បញ្ហានេះមិនមែនកើតឡើងត្រឹមតែពីសកម្មភាពរបស់បុគ្គលិកមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែមានឫសគល់ពី ភាពខ្សោយនៃប្រព័ន្ធអភិបាលកិច្ច និងគំរូអាជីវកម្មរបស់ក្រុមហ៊ុន ផងដែរ។ ប្រព័ន្ធវាយតម្លៃ និងផ្តល់ប្រាក់បំណាច់របស់ក្រុមហ៊ុន ត្រូវបានរកឃើញថាបានជំរុញឱ្យបុគ្គលិកផ្តោតខ្លាំងលើលទ្ធផលរយៈពេលខ្លី។
ជាការឆ្លើយតប Prudential Life សន្យានឹងកែសម្រួលប្រព័ន្ធប្រាក់បំណាច់ និងការវាយតម្លៃបុគ្គលិក ដើម្បីលើកទឹកចិត្តឱ្យមានការផ្តោតលើ ទំនាក់ទំនងរយៈពេលវែងជាមួយអតិថិជន ការអនុវត្តតាមបទប្បញ្ញត្តិ និងការលក់ប្រកបដោយភាពត្រឹមត្រូវ៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីជាង១០រូបមកពីបក្សរបស់លោក អានុទីន កំពុងប្រឈមនឹងការបោះឆ្នោតដកសេចក្តីទុកចិត្ត

រដ្ឋាភិបាលថៃកំពុងរងសម្ពាធយ៉ាងខ្លាំង ដោយប្រភពផ្ទៃក្នុងពីថ្នាក់ដឹកនាំគណបក្សប្រឆាំងថៃបានទម្លាយឱ្យដឹងថា ខ្លួនកំពុងពន្លឿនការរៀបចំញត្តិដកសេចក្តីទ…

តើកម្ពុជា និងវៀតណាមត្រូវពង្រឹងអ្វីបន្ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅទំហំពាណិជ្ជកម្ម២០ពាន់លានដុល្លារឱ្យបានកាន់តែឆាប់?

តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាលោក ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាមនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ