ថ្លែងនៅប្រទេសកាហ្សាក់ស្ថាន ដែលស្ថិតនៅតំបន់អាស៊ីកណ្ដាល កាលពីថ្ងៃទី២៦ ខែសីហា ទេសរដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានលើកឡើងថា សិង្ហបុរី ចង់ឱ្យអាស៊ានពង្រីកទំនាក់ទំនងលើសពីដៃគូប្រពៃណី និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ីកណ្តាលឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត។ ផែនការនេះកើតឡើង ស្របពេលសិង្ហបុរី និងកាហ្សាក់ស្ថាន កំពុងពង្រីកភាពជាដៃគូ ដោយបានចុះកិច្ចព្រមព្រៀងលើច្រករបៀងកណ្ដាល ដែលជាផ្លូវពាណិជ្ជកម្មភ្ជាប់ចិន និងអឺរ៉ុប កាត់តាមអាស៊ីកណ្តាល ព្រមទាំងការគ្រប់គ្រងធនធានទឹក។
មន្ត្រីជាន់ខ្ពស់រូបនេះបានអះអាងថា សិង្ហបុរី នឹងជួយកាហ្សាក់ស្ថានកែលម្អពាណិជ្ជកម្មឌីជីថល ភ័ស្តុភារកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងប្រព័ន្ធគយ។ បរិមាណទំនិញឆ្លងកាត់តាមច្រកនេះកំពុងកើនឡើងប្រមាណ៣០% ក្នុងមួយឆ្នាំ ខណៈការរំខានលើផ្លូវពាណិជ្ជកម្មផ្សេងៗបានធ្វើឱ្យច្រករបៀងកណ្ដាលកាន់តែមានសារៈសំខាន់។
ការគ្រប់គ្រងទឹកក៏ជាអាទិភាពមួយទៀត ដោយសិង្ហបុរីនឹងចែករំលែកជំនាញលើការគ្រប់គ្រងទឹកជំនន់ ការកែច្នៃទឹក និងបច្ចេកវិទ្យាឌីជីថល ខណៈកាហ្សាក់ស្ថាន ប្រឈមនឹងបម្រែបម្រួលអាកាសធាតុ និងការខ្វះខាតទឹក។ ប្រទេសទាំងពីរ ក៏នឹងសហការលើបច្ចេកវិទ្យា AI បច្ចេកវិទ្យាឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារួមទាំងការបណ្តុះបណ្តាលមន្ត្រីអាស៊ីកណ្តាល។
គួរបញ្ជាក់ថា កាហ្សាក់ស្ថានជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សិង្ហបុរីនៅអាស៊ីកណ្តាល ដោយពាណិជ្ជកម្មទំនិញទ្វេភាគីមានទំហំជាង៣២៦លានដុល្លារ និងការវិនិយោគសិង្ហបុរីក្នុងទំហំប្រមាណជាង២ពាន់លានដុល្លារ។ លោក លី សៀនឡុង បានសង្កត់ធ្ងន់ថា សិង្ហបុរីអាចក្លាយជាច្រកសម្រាប់អាជីវកម្មអាស៊ីកណ្តាលចូលអាស៊ីអាគ្នេយ៍ ខណៈកាហ្សាក់ស្ថានអាចជាស្ពានភ្ជាប់ក្រុមហ៊ុនសិង្ហបុរី ទៅកាន់អាស៊ីកណ្តាល និងទីផ្សារអឺរ៉ាស៊ី៕
ដោយ: តែម សុខុម