បទល្មើស Scam Online

ពីអ្នកបង្ក្រាប ទៅជាជនសង្ស័យ​! ករណីមន្ត្រីនគរបាល និងអាវុធហត្ថជាង ៣០នាក់ កាត់សោចូលលួចសម្ភារៈវត្ថុតាង Scam Online កក្រើកខេត្តកំពត


​​ករណីមន្ត្រីនគរបាល និងអាវុធហត្ថជាង ៣០នាក់ កាត់សោរចូលលួចវត្ថុតាង Scam Online កក្រើកខេត្តកំពត! ក្រុមអ្នកជំនាញយល់ឃើញថា ទង្វើប្រព្រឹត្តអំពើចោរកម្មរបស់ក្រុមមន្ត្រីកងកម្លាំងទាំងនេះ មិនត្រឹមតែជាការរំលោភបំពានច្បាប់ និងវិន័យកងកម្លាំងយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជាប់ពាក់ព័ន្ធយ៉ាងខ្លាំងនឹងចេតនាបំផ្លាញភស្តុតាង នៃបទឧក្រិដ្ឋកម្មបច្ចេកវិទ្យាថែមទៀតផង។
បទល្មើស Scam Online
ដោយ

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានចាត់ទុកទង្វើរបស់ក្រុមមន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថខេត្តកំពត ដែលបានគប់គិតគ្នាចូលលួចសម្ភារៈវត្ថុតាង នៃការបង្ក្រាប Scam Online នៅកាស៊ីណូមួយកន្លែង នៅព្រែកចាកនេះថា ជាទង្វើបំពានយ៉ាងធ្ងន់ធ្ងរលើកាតព្វកិច្ច និងវិន័យកងកម្លាំង ព្រមទាំងប្រាសចាកទាំងស្រុងពីក្រមសីលធម៌វិជ្ជាជីវៈ។ បើតាមអ្នកជំនាញរូបនេះ មន្ត្រីនគរបាល និងអាវុធហត្ថ គឺជារនាំង និងជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ប៉ុន្តែនៅពេលដែលពួកគេបែរជាមកប្រព្រឹត្តទង្វើខុសច្បាប់ដោយគ្មានការទទួលខុសត្រូវបែបនេះ វាបានបំផ្លាញកិត្តិយស និងតម្លៃរបស់ស្ថាប័នជាតិយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ស្នើឱ្យថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវតែចាត់វិធានការកាត់សាច់ស្អុយទាំងនេះចោលដោយម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង ដើម្បីជាការព្រមានទៅដល់មន្ត្រីខិលខូចដទៃទៀត។

ជាមួយគ្នានេះ លោក ឱក សេរី សោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អបានវាយតម្លៃថា ទង្វើរបស់ក្រុមមន្រ្តីនគរបាល និងអាវុធហត្ថខេត្តកំពត ដែលចូលលួចវត្ថុតាងទាំងនេះ ទំនងជាកើតចេញពីការចង់លុបបំបាត់ភស្តុតាង ដែលពាក់ព័ន្ធក្នុងបទឧក្រិដ្ឋ Scam Online ច្រើនជាងការចង់បានរបស់ទ្រព្យទាំងនោះ។ អ្នកជំនាញរូបនេះបានសន្និដ្ឋានថា ឫសគល់ដែលជំរុញឱ្យពួកគេហ៊ានប្រព្រឹត្តទង្វើជាន់ឈ្លីលើច្បាប់បែបនេះ អាចមានអ្នកមានអំណាចជាខ្នងបង្អែកនៅពីក្រោយចាំជួយជ្រោមជ្រែង។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ដោយសារតែទង្វើប្រាសចាកច្បាប់របស់មន្ត្រីខិលខូចមួយក្តាប់តូចបែបនេះហើយ ទើបធ្វើឱ្យសាធារណជនបាត់បង់ទំនុកចិត្តបន្តិចម្តងៗលើមន្ត្រីអនុវត្តច្បាប់នាពេលកន្លងមក។

ដោយឡែក លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម យល់ឃើញថា ករណីដែលស្នងការដ្ឋាននគរបាលខេត្តកំពត ហ៊ានវះកាត់ចាប់ខ្លួនមន្ត្រីចម្រុះរបស់ខ្លួនរហូតដល់ជាង៣០នាក់បែបនេះ គឺឆ្លុះបញ្ចាំងពីការប្រើប្រាស់កណ្តាប់ដៃដែករបស់រាជរដ្ឋាភិបាលក្នុងការកម្ចាត់មន្ត្រីខិលខូច និងសម្អាតផ្ទះខ្លួនឯង។ ប៉ុន្តែទន្ទឹមនឹងនេះ វាក៏ចៀសមិនផុតពីការធ្វើឱ្យសាធារណជនមានការខកចិត្ត និងបាត់បង់ទំនុកចិត្តទៅលើស្ថាប័នច្បាប់នោះដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានអះអាងថា ស្នងការដ្ឋាននគរបាលខេត្តកំពត ពិតជាបានឃាត់ខ្លួនមន្ត្រីទាំងអស់នោះពិតប្រាកដមែន ប៉ុន្តែមិនទាន់បានផ្សព្វផ្សាយជាសាធារណៈទូលំទូលាយនៅឡើយទេ ដោយសារតែសមត្ថកិច្ចកំពុងតែបន្តនីតិវិធីស៊ើបអង្កេតលើករណីនេះ។ ការចេញមកបញ្ជាក់បែបនេះធ្វើឡើងបន្ទាប់ពីមានប្រភពព័ត៌មានផ្ទៃក្នុងជាច្រើនបានទម្លាយថា មានមន្ត្រីជាន់ខ្ពស់រួមមាន ស្នងការរងនគរបាលខេត្តកំពត ទទួលផែនការងារព្រំដែន អធិការនគរបាល អធិការរង មេបញ្ជាការវរៈការពារព្រំដែន រួមទាំងមន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថសរុបជាង៣០នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីពួកគេបានគប់គិតគ្នាកាត់សោរ ទម្លាយចូលទៅលួចសម្ភារៈបច្ចេកវិទ្យា និងឧបករណ៍ផ្សេងៗ ដែលជាវត្ថុតាងនៅក្នុងកាស៊ីណូ មួយកន្លែងនាទឹកដីតំបន់ព្រែកចាក ដែលជាទីតាំងទើបបង្ក្រាបបទល្មើស Scam Online នាពេលថ្មីៗកន្លងទៅនេះ៕




អត្ថបទបន្ទាប់


វិទ្យាស្ថានស្រាវជ្រាវរបស់​អង់គ្លេស ព្រមាន​ពីការផ្ទុះសង្គ្រាមនុយក្លេអ៊ែ ប្រសិនបើមានការប៉ះទង្គិចប្រដាប់អាវុធណាមួយរវាងអាម៉េរិក និងចិន ដោយសាររឿងកោះតៃវ៉ាន់

វិទ្យាស្ថានស្រាវជ្រាវអំពីវិស័យការពារជាតិ ឈានមុខគេ​របស់​អង់គ្លេស បានព្រមាន​ធ្ងន់ៗ​នៅ​ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ​​ថា ការផ្ទុះ​សង្គ្រាម​ណាម…

តើផែនទីបារាំង ពិតជាលែងមានតម្លៃគតិយុត្តិក្នុងការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ ដូចលោក អានុទីន លើកឡើងមែនឬយ៉ាងណា?

​​ក្រុមអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងអ្នកច្បាប់ បានលើកឡើងថា ការប្រកាសរបស់នាយករដ្ឋមន្ត្រីថៃនេះធ្វើឡើងគ្រាន់តែចង់បញ្ឆេះចរន្តជាតិនិយមជ្រុលលើរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ