លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា ប្រទេសថៃ មិនអាចបដិសេធមិនទទួលស្គាល់ផែនទីបាំរាំង សៀម ខ្នាត ១/២០០,០០០ ដូចការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល នោះទេ។ អ្នកជំនាញរូបនេះ បានចាត់ទុកការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ គ្រាន់តែជាសារបង្កប់ន័យនយោបាយ ដើម្បីបង្កើនចរន្តជាតិនិយមថៃ តែប៉ុណ្ណោះ ព្រោះផែនទីបារាំង សៀម បានក្លាយជាសន្ធិសញ្ញាអន្តរជាតិ ទៅហើយ។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ប្រសិនថៃ បដិសេធមិនប្រើផែនទីនេះ នោះមានន័យថា ថៃ ក៏កំពុងបដិសេធទាំងស្រុងនូវមរតករដ្ឋ ដែលថៃ បានកកើតឡើងប្រមាណ១០០ឆ្នាំចុងក្រោយមកនេះដូចគ្នាដែរ។ សម្រាប់អ្នកជំនាញរូបនេះ បញ្ហាសេដ្ឋកិច្ចថៃ ត្រូវបានបញ្ជ្រាបដោយចលនាជាតិនិយមថៃ ដែលកំពុងប៉ះពាល់ដល់កម្ពុជា យ៉ាងខ្លាំង ដែលទាមទារឱ្យកម្ពុជាត្រូវតែប្រកាន់គោលជំហរឱ្យបានរឹងមាំ។
ជាមួយគ្នានេះ លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា សន្ធិសញ្ញាបារាំង សៀម គឺជាគោលការណ៍ច្បាប់អន្តរជាតិ ដែលថៃ មិនអាចទាត់ចោលជាឯកតោភាគីបាននោះទេ ព្រោះសន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខារួមគ្នារវាងថៃ និងកម្ពុជា និងមានការទទួលស្គាល់ជាអន្តរជាតិ។ អ្នកជំនាញរូបនេះបានក្រើនរម្លឹកដល់ភាគីថៃ ឱ្យបញ្ឈប់ទង្វើចម្លែកៗនេះ ហើយងាកមកចរចាដោយសន្តិវិធី ពោលគឺប្រសិនបើថៃ មិនចង់រងសម្ពោធពីសហគមន៍អន្តរជាតិ គួរតែបញ្ឈប់គំនិតចង់បង្កសង្គ្រាមដែលនាំឱ្យបាត់បង់ជីវិតមនុស្សបន្តទៅទៀតទៅ។ សម្រាប់អ្នកជំនាញរូបនេះ ថៃ កំពុងដើរតាមក្ដីស្រមៃ ដោយប្រើកម្លាំងយោធាក្នុងការដណ្ដើមទឹកដីខ្មែរនៅទីតាំង ដែលថៃ ឈ្លានពានបានកាលពីពេលកន្លងទៅ។
ពាក់ព័ន្ធបញ្ហានេះដែរ លោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទបានសង្កេតឃើញថា ភាគីថៃ មិនដែលទទួលស្គាល់ផែនទីបារាំង សៀម ខ្នាត ១/២០០,០០០ ជាយូរមកហើយ ដូចនេះការប្រកាសរបស់នាយករដ្ឋមន្រ្តីថៃ ហាក់ចង់ទាត់ចោលផែនទីនេះ ហើយងាកទៅប្រើផែនទីខ្នាត ១/៥០,០០០ ដែលថៃ គូសវាសដោយឯកតោភាគីក្នុងការកំណត់ព្រំប្រទល់ព្រំដែនរវាងប្រទេសទាំងពីរ។ អ្នកជំនាញផ្នែកច្បាប់រូបនេះជឿជាក់ថា ក្នុងករណីកម្ពុជា នៅតែទទួលស្គាល់ផែនទីបារាំង សៀម ដូច្នោះវាមានន័យថា នៅតែមានសុពលភាពជានិច្ច។ លោកមេធាវីសុខ សំអឿន បានសង្កត់ធ្ងន់ថា កម្ពុជា ដាច់ខាតមិនត្រូវភ្លាត់ស្នៀតព្រមព្រៀងទទួលស្គាល់ផែនទីថៃ គូសដោយឯកតោនោះឡើយ ក្នុងកាលៈទេសៈនេះ ពោលគឺវាអាចនាំឱ្យកម្ពុជា ធ្លាក់ចូលកាន់តែជ្រៅរកច្រកចេញមិនរួច៕
អត្ថបទ៖ ជា ម៉ារ៉ា