ធនាគារពិភពលោកបានបញ្ជាក់ថា បើទោះបីជាតម្លៃប្រេងឥន្ធនៈបានដាក់សម្ពាធខ្លាំងលើសកម្មភាពអាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដោយ ក៏ធនាគារពិភពលោកនៅតែចេញមុខអះអាងថា សេដ្ឋកិច្ចរបស់កម្ពុជា កំពុងបង្ហាញពីភាពធន់ដោយមានការទ្រទ្រង់យ៉ាងរឹងមាំពីការកើនឡើង នៃលំហូរវិនិយោគទុនបរទេស និងការនាំចេញ។
លោកស្រី តានីយ៉ា ម៉ីយេ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាបានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា កំពុងតែប្រឹងប្រែងទប់ខ្លួនយ៉ាងខ្លាំងនៅចំពោះមុខសភាពការណ៍ប៉ះទង្គិចជាច្រើន និងសម្ពាធសេដ្ឋកិច្ចជាច្រើនទិសដៅក្នុងពេលដំណាលគ្នា។ ទោះជាយ៉ាងនេះក្តី កម្ពុជា នៅតែអាចរក្សាបាននូវភាពធន់តាមរយៈការដាក់ចេញនូវវិធានការ និងគោលនយោបាយចំគោលដៅច្បាស់លាស់ ដើម្បីការពារស្ថិរភាពការងារ និង ជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ។ ថ្នាក់ដឹកនាំធនាគារពិភពលោករូបនេះបានគូសបញ្ជាក់ថា ចំនួនប្រជាជនពេញវ័យរបស់កម្ពុជានឹងហក់ឡើងដល់ចំណុចកំពូលនៅក្នុងរយៈពេលពី១៥ទៅ២០ឆ្នាំខាងមុខ។
ដើម្បីទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមាពីឱកាសនេះកម្ពុជាចាំបាច់ត្រូវតែបង្កើនការវិនិយោគលើធនធានមនុស្ស តាមរយៈការអប់រំ និងការបង្កើតការងារជំនាញខ្ពស់ ដែលជាក្បាលម៉ាស៊ីនរុញច្រានកំណើនបែបថ្មី និងប្រែក្លាយភាគលាភប្រជាសាស្ត្រនេះឱ្យទៅជាឧត្តមភាពប្រកួតប្រជែងដ៏ខ្លាំងក្លាមួយ។
ជាមួយគ្នានេះលោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជា ក៏បានចាត់ទុកការវិនិយោគលើធនធានមនុស្សជាកត្តាគន្លឹះមិនអាចខ្វះបានសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិទៅថ្ងៃអនាគត។ បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ ការវិនិយោគលើមនុស្ស ត្រូវតែផ្តោតលើការបណ្តុះបណ្តាលជំនាញតាំងពីកម្រិតកុមារភាពឡើងទៅ។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា របស់ធនាគារពិភពលោកសម្រាប់ខែមិថុនា ឆ្នាំ២០២៦ ដែលមានចំណងជើងថា «ពុះពារឆ្លងវិបត្តិ» បានគូសបញ្ជាក់ថា ការហក់ឡើងតម្លៃប្រេងឥន្ធនៈបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឱ្យថ្លៃដឹកជញ្ជូន និងថ្លៃដើមផលិតកម្មរបស់បណ្តាក្រុមហ៊ុននៅកម្ពុជាកើនឡើងខ្ពស់។ បញ្ហានេះបានកើតឡើងចំពេលដែលសេដ្ឋកិច្ចក្នុងស្រុកកំពុងជួបសម្ពាធពីការថមថយចុះនៃវិស័យអចលនទ្រព្យ និងការធ្លាក់ចុះនៃលំហូរប្រាក់ផ្ញើពីក្រៅប្រទេស បន្ទាប់ពីពលករចំណាកស្រុកជិត ១លាននាក់បានវិលត្រឡប់ពីប្រទេសថៃ ចូលមកស្រុកវិញ។
ទោះជាយ៉ាងណា ធនាគារពិភពលោក បានកត់សម្គាល់ឃើញថា លំហូរការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែមានភាពវិជ្ជមានដោយបានហក់ឡើងដល់ជាង ៥,១ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ទំហំនៃការនាំចេញទំនិញរបស់កម្ពុជា នៅតែរក្សាភាពរឹងមាំ ដោយបានកើនឡើងជាង១៧% នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៦។ កត្តានេះជំរុញឱ្យធនាគារពិភពលោកព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៣,៩%នៅឆ្នាំ២០២៦ និង ៤,៩%នៅឆ្នាំ២០២៧៕
អត្ថបទ៖ បូ ដូឡា,រូបភាព ប៉ុក វន្ថា