កម្ពុជា​ជា​ផ្សារ​ធំ​មួយ​របស់​ថៃ

ផលិតផល​ថៃ​បន្ត​វាយ​លុក​ក្នុង​ទីផ្សារ​កម្ពុជា​ជាមួយ​នឹង​ការ​ចំណេញ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ


ទំនិញ​ថៃ​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុងតែ​ចរាចរ​នៅក្នុង​ទីផ្សារ​កម្ពុជា។ ទំហំ​នៃ​ការ​ប្រើប្រាស់​ទំនិញ​ថៃ​នៅតែ​បន្ត​កើន​ឡើង​ខ្លាំង ខណៈ​ដែល​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ល្អ​ប្រសើរ។
ផលិត​ផល​ថៃ​ត្រូវ​គេ​មើល​ឃើញថា វាយ​លុកទីផ្សារ​កម្ពុជា​យ៉ាង​ខ្លាំង

ទន្ទឹមនឹងនេះ ថៃក៏នៅតែបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា តាមរយៈការនាំចូលទំនិញជាច្រើនប្រភេទមកដាក់តាំងលក់នៅក្នុងពិព័រណ៍ពាណិជ្ជកម្មថៃនៅកម្ពុជា។ 

ពលរដ្ឋខ្មែរមួយចំនួនតែងតែនិយមចូលចិត្តប្រើប្រាស់ផលិតផលថៃ ដោយបានអះអាងថា ផលិតផលថៃមានគុណភាពល្អ និងមានតម្លៃសមរម្យ។ កម្ពុជាគឺជាទីផ្សារសំខាន់សម្រាប់ការនាំចេញរបស់ថៃ។ ហើយកម្ពុជាមានតម្រូវការខ្ពស់លើទំនិញឧស្សាហកម្ម និងទំនិញមូលដ្ឋានផ្សេងទៀត។

ថៃបាននាំចេញទំនិញជាច្រើនប្រភេទមកកម្ពុជា ដូចជា ម្ហូបអាហារ ផលិតផលកសិកម្ម ទេសចរណ៍ គ្រឿងសំអាង  ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ 

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ជីរ៉ាវុឍ សុវណ្ណអាត អគ្គទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកម្ពុជាជាទីផ្សារដ៏សំខាន់របស់ពាណិជ្ជករថៃក្នុងការនំាចេញទំនិញគ្រប់ប្រភេទមកចរាចរណ៍នៅទីនេះ។ 

លោកបញ្ជាក់ថា កម្ពុជាជាប្រទេសជិតខាងនិងជាដៃគូពាណិជ្ជកម្មដ៏ល្អរបស់ថៃ។ ហើយកម្ពុជាជាប្រទេសមួយអំណោយផលដល់ពួកយើងក្នុងការនាំចូលផលិតផលល្អៗជាច្រើន។

កម្ពុជា​ចំណេញ​តិច​តួច​ប៉ុណ្ណោះ​ពីការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ថៃ?

យោងតាមទិន្នន័យពីស្ថានទូតថៃប្រចំានៅកម្ពុជាបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងថៃកាលពីឆ្នាំ២០១៦ សម្រេចបានទឹកប្រាក់ ៥ពាន់៦០០លានដុល្លារ ពោលគឺមានការថយចុះ៦ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជុំវិញទៅនឹងការថយចុះនេះ លោក ជីរ៉ាវុឍ សុវណ្ណអាត បញ្ជាក់ថា ការថយចុះនេះបណ្តាលមកពីមានអ្នកវិនិយោគទុនថៃ និងពាណិជ្ជករថៃមួយចំនួនបានមកធ្វើការវិនិយោគនៅប្រទេសកម្ពុជា ហើយបានផលិតទំនិញ មួយចំនួនដែលឆ្លើយតបទីផ្សារកម្ពុជា។ 

បើទោះបីជាទំហំពាណិជ្ជកម្មទេ្វភាគីរវាងប្រទេសទំាងពីរមានភាពល្អប្រសើរក៏ពិតមែន ប៉ុន្តែ កម្ពុជាហាក់បីដូចជាទទួលបានទឹកប្រាក់តិចតួចពីទំនាក់ទំនងពាណិជ្ជកម្មជាមួយថៃ។ 

ជាក់ស្តែងនៅក្នុងឆ្នាំ២០១៦កន្លងទៅនេះ កម្ពុជាបាននាំចេញផលិតផលសំខាន់ៗទៅទីផ្សារថៃ ដែលមានតម្លៃទឹកប្រាក់ ៩៣៦លានដុល្លារ  ខណៈថៃនាំចូលមកកម្ពុជាក្នុងទឹកប្រាក់ ៤ពាន់៧០០លានដុល្លារ។ ដូច្នេះបើមើលពីទំហំទឹកប្រាក់រវាងប្រទេសទំាងពីរឃើញថា កម្ពុជាចំណេញតិចតួចណាស់។

កាលពីឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មរវាកម្ពុជា ថៃ កើនឡើង ៥ពាន់លានដុល្លារអាមេរិក។ ថៃបានរៀបចំគោលនយោបាយនាំចេញរបស់ខ្លួនជាថ្មី ដោយងាកទៅរកតំបន់អាស៊ីវិញ ជាពិសេស ប្រទេសជិតខាងដូចជា កម្ពុជា។ ប្រជាពលរដ្ឋកម្ពុជា និងមីយ៉ាន់ម៉ា ដែលត្រូវការទំនិញថៃ មានប្រមាណ ៦៥លាននាក់។

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មធ្លាប់បានមើលឃើញថា ការតំាងពិព័រណ៌ថៃនៅកម្ពុជា បានបង្ហាញឱ្យឃើញពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ថៃមានភាពកាន់តែប្រសើរ ជាពិសេស ពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ 

ដូច្នេះ តាមរយៈការបង្កើតព្រឹត្តការណ៍តាំងពិព័រណ៍ពាណិជ្ជកម្ម ថៃនិងកម្ពុជា រំពឹងថា ទំហំពាណិជ្ជកម្មប្រទេសទាំងពីរនឹងកាន់តែមានការកើនឡើងថែមទៀត៕




អត្ថបទបន្ទាប់


ហេតុអ្វី​វិនិយោគិន​បរទេស​គួរ​តែ​មក​វិនិយោគ​នៅ​កម្ពុជា?

ព័ត៌មាន
ផ្អែកទៅលើកំណើនសេដ្ឋកិច្ច​រឹងមាំ​ជា​រៀង​រាល់​ឆ្នាំ បរិយាកាស​វិនិយោគ​ល្អ ទីតាំង​វិនិយោគ​អំណោយ​ផល​ល្អ នៅ​ចំ​ចំណុច​កណ្តាល​បេះដូង​នៃ​បណ្ត…

ដឹងទេ? អាមេរិក​ចាយ​លុយ​ជាង ៦២ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​លើ​សត្វ​ចិញ្ចឹម

ព័ត៌មាន
រយៈពេល​១០ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ចំណាយ​របស់​ប្រជាជន​អាមេរិក​ទៅ​លើ​សត្វ​ចិញ្ចឹម​កើន​ឡើង​ជា​លំដាប់​រៀង​រាល់​ឆ្នាំ។ នេះ​បើ​យោង​តាម​​ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ