មន្ត្រីរាជការ

ថៃ ផ្ទុះរឿងអាស្រូវសូកប៉ាន់លុយរាប់ម៉ឺនដុល្លារទិញប្រាក់ខែ៤៥០ដុល្លារនៅក្នុងការប្រលងរើសមន្ត្រីរាជការ


ភាពស្អាតស្អំនៅក្នុងប្រព័ន្ធរដ្ឋបាលថៃ កំពុងរងការរិះគន់ និងវាយប្រហារយ៉ាងចាស់ដៃពីសំណាក់មហាជន ក្រោយផ្ទុះរឿងអាស្រូវពុករលួយដ៏ធំបំផុតមួយត្រូវបានបែកធ្លាយ បន្ទាប់ពីមានការលាតត្រដាងពីបទស៊ីសំណូកសូកប៉ាន់អំពើពុករលួយរាប់ម៉ឹនដុល្លារ ដើម្បីទិញក្របខណ្ឌមន្ត្រីរាជការ។ បញ្ហាដ៏ក្ដៅគគុកនេះ បានរុញច្រានឱ្យនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំងរហូតចេញបទបញ្ជាឱ្យលុបចោលលទ្ធផលប្រឡងជ្រើសរើសមន្ត្រីថ្នាក់មូលដ្ឋានរាប់ពាន់នាក់ជាបន្ទាន់។
មន្ត្រីរាជការ
ដោយ

សារព័ត៌មានបាងកកប៉ុស្តិ៍ បានទម្លាយអំពើពុករលួយមួយថា រដ្ឋាភិបាលថៃ បានបើកកិច្ចប្រជុំបន្ទាន់មួយនៅវិមានរដ្ឋាភិបាល ដើម្បីដោះស្រាយវិបត្តិដ៏អាម៉ាស់មួយពាក់ព័ន្ធរឿងអាស្រូវយកលុយទិញក្របខណ្ឌមន្ត្រីរាជការ។ លោក អានុទីន បានបញ្ជាទៅកាន់អគ្គលេខាធិការអចិន្ត្រៃយ៍ នៃក្រសួងមហាផ្ទៃ ឱ្យនិរាករណ៍ ឬលុបចោលលទ្ធផលនៃការប្រឡងនោះចោល ទោះបីជាត្រូវបានប្រកាសជាផ្លូវការរួចហើយក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា ដំណើរការទាំងមូល គឺខុសច្បាប់ទាំងស្រុង ដូច្នេះលទ្ធផល ក៏ត្រូវតែចាត់ទុកជាមោឃៈដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការតែងតាំងមន្ត្រីជាប់ពាក់ព័ន្ធ នឹងត្រូវលុបចោល ហើយអ្នកដែលមានភស្តុតាងលួចបន្លំនឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ថែមទៀតផង។

ការប្រឡងដ៏ចម្រូងចម្រាសនេះ ត្រូវបានរៀបចំឡើងកាលពីឆ្នាំមុន ដោយនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ដើម្បីជ្រើសរើសមន្ត្រីចំនួន ៦,៦៦៩នាក់។ ចំណាត់ការខាងលើបានកើតឡើងក្រោយអាជ្ញាធរចុះក្របួចកមនុស្សមួយក្រុម ដែលភាគច្រើនជាមន្ត្រីរាជការខិលខូចនៅខេត្តនុនថៈបុរី ខណៈពួកគេកំពុងប្រព្រឹត្តសកម្មភាពលួចបន្លំទិន្នន័យ និងកែលទ្ធផលបេក្ខជនប្រហែល៣ពាន់នាក់ឱ្យប្រឡងជាប់ដោយស្វ័យប្រវត្តិ។

អ្វីដែលធ្វើឱ្យមហាជននៅស្រុកថៃ ហួសចិត្ត និងជាចំណុចចាក់ដោតបំផុតនោះ គឺទំហំទឹកប្រាក់នៃការសូកប៉ាន់ ដោយបេក្ខជនម្នាក់ៗហ៊ានបង់ប្រាក់ចន្លោះពី១ម៉ឺនទៅជាង២ម៉ឺនដុល្លារអាម៉េរិកគ្រាន់តែដើម្បីប្តូរឈ្មោះឱ្យប្រឡងជាប់។ ប៉ុន្តែមុខតំណែងដែលពួកគេទទួលបានត្រឹមជាមន្ត្រីថ្នាក់បឋម ដែលមានប្រាក់ខែប្រមាណ៤៥០ដុល្លារក្នុង១ខែប៉ុណ្ណោះ។ បញ្ហានេះបានបង្កើតឱ្យមានការចោទជាសំណួរដ៏ចាក់ដោតថា តើការហ៊ានចំណាយលុយរាប់ម៉ឺនដុល្លារ ដើម្បីទិញប្រាក់ខែ ៤៥០ដុល្លារនេះជារឿងឆោតល្ងង់ ឬមួយក៏ជាការវិនិយោគទិញអំណាចទុកមុន ដើម្បីចូលទៅកេងប្រវ័ញ្ច ស្រូបយកផលប្រយោជន៍ និងបង្កភាពពុករលួយបន្តនៅក្នុងប្រពន្ធរដ្ឋបាលថៃ ទៅថ្ងៃខាងមុខ?

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


IMF បង្កើតយុទ្ធសាស្ត្រថ្មី ដើម្បីតាមដានសេដ្ឋកិច្ចឌីជីថលរបស់ចិន ខណៈចិន វ៉ាដាច់អាម៉េរិកលើបច្ចេកវិទ្យាកុំព្យូទ័រ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រកាសថា ខ្លួននឹងតាមដានសម្ទុះកំណើនសេដ្ឋកិច្ចរបស់ចិន ឱ្យបានដិតដល់ ជាពិសេសសេដ្ឋកិច្ចឌីជីថល ដែលជាសមរភ…

រលកកម្តៅនៅថៃ ហក់ឡើងដល់ជិត៥២អង្សាសេ ដែលអាចបង្កគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល

ជាទូទៅសីតុណ្ហភាពជាមធ្យមនៅតំបន់អាស៊ីអាគ្នេយ៍ចន្លោះពីខែឧសភា ដល់ខែតុលា គឺស្ថិតនៅត្រឹម ២៤ ដល់៣៥អង្សាសេតែប៉ុណ្ណោះ។ ប៉ុន្តែនៅទីក្រុងបាងកក ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ