ថៃ ទិញនាវាចម្បាំងថ្មី

ថៃ ទិញនាវាចម្បាំងថ្មី ខណៈក្រសែភ្នែកខ្លួននៅតែតាមប្រមាញ់មើល និងរារាំងការទិញអាវុធរបស់កម្ពុជា


ចរិតខ្លួនឯងធ្វើបានតែអ្នកជិតខាងហាមធ្វើ នៅតែជាទម្លាប់លាងមិនជ្រះរបស់ថៃ។ ស្របពេលដែលយោធាថៃតែងតែបញ្ចេញឫកពារវក់វី ដើររារាំង និងហាមប្រាមមិនឱ្យប្រទេសដទៃលក់អាវុធ ឬពង្រឹងសមត្ថភាពការពារជាតិមកដល់កម្ពុជា ក្រោមលេសខ្លាចបាត់បង់តុល្យភាពយោធានោះ ស្រាប់តែពេលនេះកងទ័ពជើងទឹកថៃ ខ្លួនឯង បែរជាកំពុងញាប់ដៃញាប់ជើងជិតសម្រេចបានការទិញនាវាចម្បាំងហ្វ្រ៊ីហ្គេត (Frigate) ថ្មីសន្លាងមួយគ្រឿងទៅវិញ។
ថៃ ទិញនាវាចម្បាំងថ្មី
ដោយ

ពួកគេបានលើកឡើងយកត្រូវខ្លួនឯងថា ដំណើរការទិញដូរនេះមានតម្លាភាព សុចរិត និងជាតម្រូវការចាំបាច់បំផុត ដើម្បីពង្រឹងសន្តិសុខដែនសមុទ្ររបស់ខ្លួន ដោយមិនខ្វល់ថា អ្នកជិតខាងគិតយ៉ាងណានោះឡើយ។

សារព័ត៌មាន Kaosod របស់ថៃ បានទម្លាយឱ្យដឹងពីទីបញ្ជាការកងទ័ពជើងទឹកថៃថា ឧត្តមនាវីត្រី ប៉ារ៉ាច រតនាឆៃយ៉ាផាន (Parat Rattanachaiyaphan) អ្នកនាំពាក្យកងទ័ពជើងទឹកថៃបានចេញមុខអះអាងទាំងមោទនភាពពីវឌ្ឍនភាព នៃគម្រោងទិញនាវាចម្បាំងហ្វ្រីហ្គេត ដែលមានប្រសិទ្ធភាពប្រយុទ្ធកម្រិតខ្ពស់ ដោយបញ្ជាក់ថា ពេលនេះដំណើរការពិនិត្យសំណើជិតចប់សព្វគ្រប់ និងឈានដល់ការចុះកិច្ចសន្យាក្នុងពេលឆាប់ៗនេះហើយ។

អ្នកនាំពាក្យរូបនេះបានព្យាយាមបកស្រាយយ៉ាងវែងអន្លាយថា គម្រោងទិញនាវាចម្បាំងហ្វ្រ៊ីហ្គេត ថ្មីនេះ មានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសមត្ថភាពប្រយុទ្ធរយៈពេលវែង និងដើម្បីការពារអធិបតេយ្យភាពរបស់ថៃ។ ការលើកឡើងបែបនេះបានធ្វើឱ្យមជ្ឈដ្ឋានទូទៅនឹកហួសចិត្ត ព្រោះកន្លងមកឱ្យតែឃើញកម្ពុជាអភិវឌ្ឍមូលដ្ឋានទ័ព ឬទិញសម្ភារៈយោធាបន្តិចបន្តួច ភាគីថៃតែងតែសម្តែងការព្រួយបារម្ភជ្រុលហួសហេតុ ដើរញុះញង់ និងព្យាយាមរារាំងមហាអំណាចមិនឱ្យលក់អាវុធឱ្យកម្ពុជា ហាក់ដូចជាចង់ឱ្យកម្ពុជាមានតែដៃទទេ មិនចង់ឱ្យអភិវឌ្ឍន៍វិស័យយោធា។

សូម្បីតែសមត្ថភាពពិតប្រាកដរបស់នាវាចម្បាំងថ្មីនេះ ក៏យោធាថៃលាក់លៀមមិនហ៊ានបង្ហើបឱ្យដឹងដែរ ដោយគ្រាន់តែប្រើពាក្យស្លោកនយោបាយបិទបាំងថា នេះមិនមែនជាការទិញដូរធម្មតាទេ ប៉ុន្តែជាការវិនិយោគលើទំនុកចិត្តសន្តិសុខនាពេលអនាគត។

គួររំលឹកថា នាវាចម្បាំងហ្វ្រ៊ីហ្គេត (Frigate) ដែលថៃកំពុងស្រេកឃ្លានចង់បាននេះ គឺជានាវាចម្បាំងប្រយុទ្ធលើផ្ទៃទឹកខ្នាតមធ្យម ដែលបំពាក់ដោយគ្រាប់រ៉ុកកែតអាវុធទំនើបៗ និងមានប្រព័ន្ធសេនស័រគ្រប់គ្រឿង ដែលមានសមត្ថភាពបំផ្លាញខ្មាំងសត្រូវប្រកបដោយគ្រោះថ្នាក់ ទាំងការវាយប្រហារលើអាកាស ការវាយកម្ទេចលើផ្ទៃទឹក និងការបើកយុទ្ធនាការប្រឆាំងនឹងនាវាមុជទឹក។

ការប្រឹងប្រែងពង្រឹងសព្វាវុធរបស់ថៃនាពេលនេះ វាបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីនយោបាយស្តង់ដាពីរ គឺខ្លួនឯងមានសិទ្ធិទិញនាវាចម្បាំងខ្នាតយក្សដើម្បីការពារខ្លួន តែបែរជាភ័យស្លន់ស្លោ និងដើរតួជាអ្នកហាមឃាត់ នៅពេលដែលប្រទេសជិតខាងចង់ពង្រឹងវិស័យការពារជាតិដើម្បីការពារទឹកដីខ្លួនឯងដូចគ្នា។ យុទ្ធសាស្ត្រដេញជើង និងចរិតច្រណែនឈ្នានីសបែបនេះ ប្រហែលជាមិនអាចប្រើការបានទៀតទេ នៅក្នុងសម័យកាល ដែលកម្ពុជាដឹងខ្លួនច្បាស់ថា អធិបតេយ្យភាពជាតិ ត្រូវការពារដោយកម្លាំងពិតរបស់ខ្លួន មិនមែនពឹងលើការសុំទោស ឬការយោគយល់ពីអ្នកជិតខាងនោះឡើយ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


លោក ត្រាំ កំពុងរងការរិះគន់យ៉ាងខ្លាំង ក្រោយលេចធ្លាយថា ព្រមផ្តល់សំណង៣០០ពាន់លានដុល្លារដល់អ៊ីរ៉ង់

ធ្លាប់តែដើរតួជាកំពូលអ្នកចរចាគ្មានគូប្រៀប តែពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតែធ្លាក់ចូលក្នុងរណ្តៅនយោបាយ ដែលខ្លួនឯងបានជីកកប់អ្នក…

ចិន ព្រមានថា ផ្លូវចរចាសន្តិភាពអាម៉េរិក និង អ៊ីរ៉ង់ នៅវែងឆ្ងាយ និងស្មុគស្មាញ ខណៈអាម៉េរិក អួតថា ខ្លួនសម្រេចបានសន្តិភាព

ស្របពេលដែលលោក ដូណាល់ ត្រាំ ប្រកាសក្តែងៗពីការសម្រេចបានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដោយអះអាងទាំងមោទកភាពថា គ្មានមេដឹកនាំណាធ្វើបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ