ទឹកប្រាក់ដ៏មហាសាលនេះកំពុងក្លាយជាកាំបិតចិតដងឯងសម្រាប់លោក ត្រាំ ដែលបានយកបញ្ហានេះវាយប្រហារមេដឹកនាំអាម៉េរិក កាលពីអតីតកាល។
នៅក្នុងបទសម្ភាសដ៏រសើបជាមួយទូរទស្សន៍ CBS News កាលពីថ្ងៃទី១៥ ខែមិថុនា អនុប្រធានាធិបតីអាម៉េរិក លោក ជេឌី វេន (JD Vance) បានភ្លាត់មាត់ទទួលស្គាល់ថា អ៊ីរ៉ង់ពិតជានឹងទទួលបានសិទ្ធិប្រើប្រាស់កញ្ចប់ថវិកាសំណង ដើម្បីស្តារប្រទេសឡើងវិញក្នុងទំហំទឹកប្រាក់រហូតដល់ទៅ៣០០ពាន់លានដុល្លារ ដែលជាលក្ខខណ្ឌដោះដូរក្នុងកិច្ចព្រមព្រៀងសន្តិភាពមែន។ ក្រោយដឹងខ្លួនថា បែកការណ៍ និងបាត់បង់ប្រៀប រដ្ឋបាលលោក ត្រាំ បានខិតខំប្រឹងប្រែង ដើម្បីចេញមុខមកបកស្រាយ និងលាងជម្រះមន្ទិល ដោយសង្កត់ធ្ងន់ហើយសង្កត់ធ្ងន់ទៀតថា ទឹកប្រាក់៣០០ពាន់លានដុល្លារនោះ មិនមែនកាត់ចេញពីកាក់សេន ឬប្រាក់ពន្ធរបស់ប្រជាពលរដ្ឋអាម៉េរិកឡើយ។ ផ្ទុយទៅវិញ សេតវិមាន បានដោះសារថា វាជាទុនវិនិយោគដែលបានមកពីបណ្តាប្រទេសអ្នកមាននៅតំបន់ឈូងសមុទ្រពែក្ស ដែលនឹងត្រូវផ្តល់ទៅឱ្យអ៊ីរ៉ង់ ប៉ុន្តែលុះត្រាតែទីក្រុងតេអេរ៉ង់ ព្រមអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមុនសិន។
ទោះជាខំប្រឹងដោះសារយ៉ាងណាក៏ដោយ ក៏ល្បែងនយោបាយមួយនេះ វាបានស្តែងឱ្យឃើញពីចរិតទ្វេស្តង់ដា និងរឿងរ៉ាវប្រវត្តិសាស្ត្រដៀលត្មះគេឯង តែខ្លួនឯងដើរតាមគន្លងគេ។ មហាជននៅចាំមិនភ្លេចទេថា កាលពីអតីតកាលលោក ត្រាំ ធ្លាប់បានរិះគន់មិនសំចៃមាត់ទៅលើរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ចំពោះការចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ជាមួយអ៊ីរ៉ង់។ កាលណោះលោក ត្រាំ ចំអកថា ការធ្វើសម្បទានឱ្យអ៊ីរ៉ង់ទទួលបានប្រាក់៥០ពាន់លានដុល្លារ គឺជាភាពកម្សោយ គ្មានជំនាញចរចា និងជាការយកលុយទៅចិញ្ចឹមបណ្តាញភេរវកម្មធំជាងគេលើលោក។
ប៉ុន្តែអ្វីដែលលោក ត្រាំ តែងតែលាក់បាំង និងមិនដែលនិយាយប្រាប់ពលរដ្ឋអាមេរិកនោះ គឺលុយ៥០ពាន់លានដុល្លារក្នុងសម័យលោក អូបាម៉ា នោះ វាមិនមែនជាលុយសុំពីប្រទេសផ្សេងៗ ឬលុយពន្ធអាម៉េរិកនោះទេ តែវាជាលុយទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ៊ីរ៉ង់សុទ្ធសាធ ដែលត្រូវបានអាម៉េរិកបង្កកទុកនៅក្នុងធនាគារបរទេសក្រោមវិធានការទណ្ឌកម្មតែប៉ុណ្ណោះ។
ចុះឥឡូវនេះវិញ? លោក ត្រាំ ខ្លួនឯងបែរជាដើរតួសម្របសម្រួល បង្ខំចិត្តរកលុយពីប្រទេសដទៃរហូតដល់ទៅ៣០០ពាន់លានដុល្លារ ច្រើនជាងសម័យលោក អូបាម៉ា រហូតដល់ទៅ៦ដង ដើម្បីយកទៅប្រគល់ឱ្យអ៊ីរ៉ង់គ្រាន់តែដើម្បីដោះដូរយកក្រដាសសន្តិភាពមួយសន្លឹកមកធ្វើជាស្នាដៃនយោបាយរបស់ខ្លួនឯង។
ទោះបីជាស្ថានភាពទាំងពីរលើកនេះមានទម្រង់បច្ចេកទេសខុសគ្នាបន្តិចបន្តួច ដោយសារតែសម័យលោក ត្រាំ ប្រើប្រាស់លុយវិនិយោគពីតំបន់ឈូងសមុទ្រពែក្សក៏ដោយ ប៉ុន្តែខ្លឹមសារស្នូលដូចគ្នា គឺការប្រើប្រាស់លុយធ្វើជាថ្នូរលួងលោមឱ្យអ៊ីរ៉ង់ព្រមចុះញ៉ម។ មតិយោបល់ឌឺដង ចំអកឡកឡឺយដែលលោក ត្រាំ ធ្លាប់ប្រើដើម្បីវាយប្រហារអ្នកដទៃ ពេលនេះបានត្រឡប់មកចាក់ដោតចំកណ្តាលទ្រូងខ្លួនឯងវិញយ៉ាងដំណំ។ នេះហើយដែលគេហៅថា ចេះឯងឱ្យក្រែងចេះគេ បើខ្លាំងពិតមែន ម្តេចក៏មិនប្រើកណ្តាប់ដៃដែកចរចាឱ្យអ៊ីរ៉ង់ចុះចាញ់ដោយមិនបាច់ចំណាយលុយសូម្បីតែមួយសេនទៅ? ទីបំផុតទៅសូម្បីតែកំពូលអ្នកជំនួញចរចាខ្នាតសកលដូចជាលោក ត្រាំ ក៏ត្រូវទាល់ច្រក និងហែកកេរ្តិ៍ខ្លួនឯងនៅលើឆាកអន្តរជាតិព្រោះតែល្បែងលុយ៣០០ពាន់លានដុល្លារនេះដែរ៕
អត្ថបទៈ សួន ឡង់ទី