សង្គ្រាមនៅអ៊ីរ៉ង់ បានផ្ទុះឡើង បន្ទាប់ពីការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ កាលពី៦ខែមុន បានធ្វើឱ្យទីផ្សារផ្គត់ផ្គង់ថាមពលក្រឡាប់ចាក់ និងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុពិភពលោករងការរង្គោះរង្គើយ៉ាងខ្លាំង។ ជាការកត់សម្គាល់ ប្រេងឥន្ធនៈរងផលប៉ះពាល់ខ្លាំងបំផុត ដោយតម្លៃប្រេងឆៅបានហក់ដល់១២០ដុល្លារក្នុងមួយបារ៉ែល កាលពីខែមេសា ហើយមានតម្លៃជាមធ្យម៩០ដុល្លារនៅឆ្នាំនេះ បើធៀបនឹងប្រមាណ៧០ដុល្លារកាលពីឆ្នាំមុន។ តម្លៃប្រេងម៉ាស៊ូត ក៏បានហក់ឡើងខ្ពស់កប់ពពកផងដែរ ដោយសារកង្វះការផ្គត់ផ្គង់។
បញ្ហានៅច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនទំនិញ និងប្រេងឥន្ធនៈដ៏ធំនៅលើពិភពលោកនៅតែជាក្តីបារម្ភធំ ដោយសារវានៅតែរងការគំរាមកំហែង ដែលវានឹងក្លាយជាការរំខានបន្ថែមទៀតដល់ការដឹកជញ្ជូនប្រេង ដែលអាចធ្វើឱ្យថ្លៃប្រេងឥន្ធនៈ និងអតិផរណាហក់ឡើង ជាពិសេសនៅពេលរដូវរងាខិតជិតចូលមកដល់។
សង្គ្រាមនៅអឺរ៉ង់នេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្បៀងផងដែរ ដោយការរាំងស្ទះការដឹកជញ្ជូនជីកសិកម្ម។ ហើយ សង្គ្រាមនៅអ៊ុយក្រែន និងរួមបញ្ចូលនឹងបញ្ហាដ៏ធំមួយទៀត គឺ បាតុភូត អែលនីណូ ដ៏ខ្លាំងក្លាឆ្នាំនេះ វានឹងជំរុញឲ្យតម្លៃស្បៀងពិភពលោកឱ្យហក់ខ្ពស់បំផុត។
ទោះបីជាមានសង្គ្រាមក្ដី ក៏ភាគហ៊ុនពិភពលោកនៅតែរឹងមាំគួរឱ្យភ្ញាក់ផ្អើល ដោយសន្ទស្សន៍ភាគហ៊ុនពិភពលោក MSCI បានហក់ឡើងដល់កម្រិតកំណត់ត្រា ១០៥ទ្រីលានដុល្លារកើនឡើងប្រមាណ៩% ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ផ្ទុះឡើង ដែលបានជំរុញយ៉ាងខ្លាំងក្លាដោយសារការវិនិយោគលើ AI ជួយទប់ផលប៉ះពាល់។ ទ្រព្យសកម្មសុវត្ថិភាពក៏ប្រែប្រួលខ្លាំងដែរ ដោយមូលបត្របំណុលរបស់អាម៉េរិកខាតបង់ ៣,៥% ខណៈហាងឆេងមាសធ្លាក់ចុះជិត ២៥% មុនងើបឡើងវិញជាង ១៥% នៅក្នុងខែនេះ៕
ដោយ: តែម សុខុម