 
      លោក អាត ភីសានវ៉ានិច នាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិនៃ សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានអះអាងថា ក្នុងរយៈពេលខ្លី ត្រឹមឆ្នាំ ២០២២ខាងមុខ ថៃ នឹងបាត់បង់ចំណែកទីផ្សារប្រមាណ ៦ពាន់លានដុល្លារអាមេរិក ចេញពីចំណែកទីផ្សាររបស់ បណ្តាប្រទេស CLMV រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដោយសារតែការហូរចូលនៃទំនិញធូរថ្លៃរបស់ចិន។
លោក ពន្យល់ថា ចាប់តាំងពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១៨ បណ្តាប្រទេសក្នុងអាស៊ាន បាននាំចូលទំនិញ ដែលមានតម្លៃប្រមាណ ១៩៤ពាន់លានដុល្លារអាមេរិក ទៅកាន់ប្រទេសចិន កើនឡើងប្រមាណ ៤ដង ក៏ប៉ុន្តែការនាំចូលពីចិនមកវិញកើនឡើងរហូតដល់ទៅ ៧ដង ដែលមានទំហំទឹកប្រាក់ប្រមាណ ២៧៧ពាន់លានដុល្លារអាមេរិក។
ដោយឡែក ការនាំចេញរបស់ប្រទេស CLMV ទៅកាន់ចិន កើនឡើង ២២ដង ដែលមានទំហំទឹកប្រាក់ ៥៨ពាន់លានដុល្លារអាមេរិកហើយការនាំទំនិញចិនចូលមកវិញកើនឡើង ១៧ដងផងដែរ ដោយមានទំហំទឹកប្រាក់ ៩៥ពាន់លានដុល្លារអាមេរិក។
លោក អាត ភីសានវ៉ានិច បន្ថែមថា ថៃ អាចនឹងបាត់បង់ការនាំចេញវាយនភ័ណ្ឌ ក្បឿង និងផលិតផលធ្វើអំពីស្បែក ដែលធ្លាប់តែនាំចេញទៅកាន់ វៀតណាម ហើយក៏ព្រួយបារម្ភខ្លាច បាត់បង់ ការនាំចេញភេសជ្ជៈ ដែកថែប និងសម្លៀកបំពាក់ នៅក្នុងចំណែកទីផ្សារមីយ៉ាន់ម៉ាផងដែរ។
សូមជម្រាបថា អ្នកជំនាញថៃ ក៏បានផ្តល់ជាមតិយោបល់ថា ថៃគួរតែភ្ជាប់ខ្លួន ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលរបស់ចិន ដើម្បីជំរុញការនាំចេញទៅកាន់ប្រទេសទី៣ ហើយគួរតែចាប់ឱកាសទាក់ទាញក្រុមហ៊ុនវិនិយោគធំៗរបស់ចិន ឲ្យបានច្រើនបន្ថែមទៀត៕
 
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              