យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation ដោយផ្អែកលើទិន្នន័យផ្លូវការនៅក្នុងសិក្ខាសាលាសេដ្ឋកិច្ចកាលពីពេលថ្មីៗនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសថៃ ស្ថិតនៅចំណាត់ថ្នាក់ទី២០ ក្នុងចំណោម១៨០ប្រទេសនៅលើពិភពលោក ដែលកំពុងទទួលរងបន្ទុកចំណាយដ៏ច្រើនលើវិស័យសុខាភិបាល ដែលបណ្តាលមកពីវិបត្តិខ្យល់ពុល។ ការបំពុលបរិយាកាសដ៏រ៉ាំរ៉ៃនេះ មិនត្រឹមតែជាវិបត្តិសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងក្លាយជាបញ្ហាស៊ីរូងសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅដោយបានទាញទម្លាក់ផលិតភាព បំផ្លាញកម្លាំងពលកម្មទាំងក្នុង និងក្រៅប្រព័ន្ធ និងបង្កើនអត្រាអវត្តមានពីការងារដោយសារជំងឺ។ លើសពីនេះ វាបានរារាំងការចំណាយរបស់អ្នកប្រើប្រាស់ ទាញទម្លាក់ចំណូលពីវិស័យទេសចរណ៍ និងធ្វើឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះយ៉ាងគំហុកនៅតំបន់ដែលមានកម្រិតពុលខ្លាំង។
កាន់តែធ្ងន់ធ្ងរជាងនេះទៀត ផ្សែងអ័ព្ទពុលដែលកើតមានជាប់រហូតរៀងរាល់រដូវប្រាំងបានក្លាយជារបាំងរារាំងអនាគតជាតិ ដោយវាបានកាត់ផ្តាច់ឱកាសរបស់ថៃ ក្នុងការទាក់ទាញកម្លាំងពលកម្មជំនាញខ្ពស់ និងភ្ញៀវទេសចរលំដាប់មានថវិកាច្រើន។ អ្វីដែលជាគ្រោះមហន្តរាយវែងឆ្ងាយបំផុតនោះ គឺវាបានបំផ្លាញការអភិវឌ្ឍរាងកាយ និងប្រាជ្ញាស្មារតីរបស់កុមារថៃ ដែលជាទំពាំងស្នងឫស្សី និងជាកម្លាំងពលកម្មស្នូលនាពេលអនាគត។
ជុំវិញវិបត្តិនេះ ក្រុមសកម្មជនបរិស្ថាន និងអ្នកសេដ្ឋកិច្ចថៃ បានចេញមុខទិតៀន និងព្រមានចំៗថា ភាពយឺតយ៉ាវ និងការអូសបន្លាយពេលក្នុងការអនុម័តច្បាប់ខ្យល់អាកាសស្អាតនៅក្នុងរដ្ឋសភាថៃ គឺជារបាំងឧបសគ្គធំបំផុត ដែលកំពុងសម្លាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេសថៃ៕
អត្ថបទៈ សួន ឡង់ទី