យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២៦ កម្ពុជា សម្រេចបានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ សរុប ក្នុងទំហំទឹកប្រាក់ជាង៨ពាន់លានដុល្លារកើនឡើងជាង១៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ក្នុងនោះសហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ដោយបានរួមចំណែកជាង៤១% បន្ទាប់មកគឺវៀតណាម បានរួមចំណែកជាង១៥% ជប៉ុន៦% ខណៈចិន ជាង៥%។
លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានចាត់ទុកកំណើននាំចេញរបស់កម្ពុជា ជាង១៧% នេះ គឺជាសក្ខីភាពបង្ហាញពីភាពធន់របស់សេដ្ឋកិច្ចកម្ពុជា បើទោះបីស្ថិតក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចសកល។ បើតាមអ្នកជំនាញរូបនេះ កំណើននាំចេញនេះត្រូវបានរុញច្រានដោយសារតម្រូវការបញ្ជាទិញខ្ពស់ នៃផលិតផលសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា ពីទីផ្សារធំៗ។ បន្ថែមលើនេះ ការទទួលបានគម្រោងវិនិយោគផ្ទាល់ពីបរទេសជាបន្តបន្ទាប់ ដែលជួយជំរុញសមត្ថភាពផលិត និងការមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយប្រទេសក្នុងតំបន់ និងលើពិភពលោក ក៏ជាកត្តារួមចំណែកជួយជំរុញការនាំចេញរបស់កម្ពុជា ផងដែរ។
ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានកត់សម្គាល់ថា បើទោះជាមានការគំរាមកំហែងខ្ពស់ពីបញ្ហាប្រឈមសកល តែការនាំចេញរបស់កម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមានជាបន្តបន្ទាប់នៅដើមឆ្នាំនេះ។ លោកឧកញ៉ា បានគូសបញ្ជាក់ថា ក្រៅពីវិស័យកាត់ដេរ ផលិតផលកសិកម្មដូចជាអង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមីស្ងួត ក៏បានក្លាយជាក្បាលម៉ាស៊ីនរុញច្រានការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងអឺរ៉ុបផងដែរ។
គួរបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ នៅ៣ខែឆ្នាំនេះ សម្រេចបានទំហំទឹកប្រាក់សរុបជិត១៧ពាន់លានដុល្លារ កើនឡើងជាង១៧% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនដ៏រឹងមាំនេះ មិនត្រឹមតែបង្ហាញពីសមត្ថភាពប្រកួតប្រជែងរបស់ទំនិញខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាវិជ្ជមានសម្រាប់ស្ថិរភាពសេដ្ឋកិច្ចជាតិពេញមួយឆ្នាំ២០២៦ នេះផងដែរ៕