ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៦ ខែតុលា ដោយស្នើឱ្យបារាំង និងអាល្លឺម៉ង់ ប្រកាន់ខ្ជាប់នូវគោលការណ៍បើកចំហ កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មសេរី ដោយចៀសវាងការអនុវត្តវិធានការការពារនិយម។ ការចេញមកស្នើបែបនេះធ្វើឡើងក្រោយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងអធិការបតីអាល្លឺម៉ង់ លោក ហ្រ្វេឌ្រិក មើស (Friedrich Merz) បានផ្ញើលិខិតរួមគ្នាមួយទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប ដោយជំរុញឱ្យសហភាពអឺរ៉ុប បង្កើតឧបករណ៍ផ្លូវច្បាប់ដ៏មានប្រសិទ្ធភាព ដើម្បីត្រៀមលក្ខណៈឆ្លើយតប និងទប់ទល់ក្នុងករណីផ្ទុះសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗ ជាពិសេសចិន តែម្តង។ វិធានការឆ្លើយតបទាំងនោះរួមមានទាំងលទ្ធភាព នៃការបិទច្រកមិនឱ្យប្រទេសគូជម្លោះចូលទៅកាន់ទីផ្សាររបស់អឺរ៉ុបផងដែរ។
ក្រុមអ្នកវិភាគបានគូសបញ្ជាក់ថា ទោះបីជាលិខិតរួមរបស់មេដឹកនាំបារាំង និងអាល្លឺម៉ង់ មិនបានបញ្ចេញឈ្មោះប្រទេសចិន ចំៗក៏ដោយ ប៉ុន្តែពេលវេលានៃការផ្ញើលិខិតនេះ គឺធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលស្នងការទទួលបន្ទុកផ្នែកពាណិជ្ជកម្មសហភាពអឺរ៉ុប លោក ម៉ារ៉ូស សេហ្វកូវិច ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីចរចាដោះស្រាយភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងប្លុកអឺរ៉ុប និងចិន។ ជាការឆ្លើយតប ក្រសួងពាណិជ្ជកម្មចិន បានគូសបញ្ជាក់ជាថ្មីថា ចិន សង្ឃឹមយ៉ាងមុតមាំថា មហាអំណាចសេដ្ឋកិច្ចទាំងពីររបស់អឺរ៉ុបនឹងមិនដើរលើផ្លូវខុស ដែលនាំឱ្យពួកគេត្រូវទទួលរងផលវិបាកដោយខ្លួនឯងនោះឡើយ។
បច្ចុប្បន្នប្រទេសសមាជិកសហភាពអឺរ៉ុប ទាំង២៧ កំពុងព្រួយបារម្ភយ៉ាងខ្លាំងចំពោះគម្លាតឱនភាពពាណិជ្ជកម្មដ៏ធំធេងជាមួយចិន។ ជាក់ស្តែងកាលពីឆ្នាំ២០២៥ សហភាពអឺរ៉ុប មានឱនភាពពាណិជ្ជកម្មជាមួយចិន ជិត៣៦០ពាន់លានអឺរ៉ូ ក្នុងនោះអឺរ៉ុប នាំចេញទៅចិន ទំហំជិត២០០ពាន់លានអឺរ៉ូ ខណៈចិនបាននាំទំនិញចូលមកទីផ្សារអឺរ៉ុបវិញរហូតដល់ជាង៥៥៩ពាន់លានអឺរ៉ូ៕
ដោយៈ សរ សុជាតិ