លោកស្រី ជេណេត យេឡេន អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក បានរិះគន់ធ្ងន់ៗថា សកម្មភាពដែលរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងអនុវត្តលើប្រទេសសម្ពន្ធមិត្តជិតស្និទ្ធ ដូចជាកាណាដា ជាដើម គឺជាទង្វើហួសហេតុ។ លោកស្រី ជឿជាក់យ៉ាងមុតមាំថា កាណាដា និងបណ្តាប្រទេសរងគ្រោះផ្សេងទៀតនឹងមិនឱបឈរមើល ហើយចាត់វិធានការតបត ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានព្រមានថា សហរដ្ឋអាម៉េរិកខ្លួនឯងកំពុងខាតបង់យ៉ាងធ្ងន់ធ្ងរពីនយោបាយដំឡើងពន្ធដែលដាក់ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ នេះ។ ស្ថិតក្នុងបរិបទ ដែលប្រជាជនអាម៉េរិក កំពុងប្រឈមនឹងសម្ពាធជីវភាព និងការកើនឡើងនៃតម្លៃទំនិញ ការដំឡើងពន្ធគយបន្ថែមទៀត មានតែធ្វើឱ្យបន្ទុកហិរញ្ញវត្ថុរបស់ពលរដ្ឋកាន់តែធ្ងន់ធ្ងរឡើងប៉ុណ្ណោះ។
យោងតាមការសិក្សារបស់មជ្ឈមណ្ឌលគោលនយោបាយពន្ធរបស់អាម៉េរិក គោលនយោបាយដំឡើងពន្ធរបស់រដ្ឋបាលលោក ត្រាំ នឹងបង្កជាបន្ទុកចំណាយបន្ថែមជាមធ្យមប្រមាណ៩២០ដុល្លារក្នុងមួយគ្រួសារសម្រាប់ប្រជាជនអាម៉េរិកនៅឆ្នាំនេះ។
លោកស្រី ជេណេត យេឡេន បានរិះគន់ទៀតថា លោក ត្រាំ កំពុងបំបែកបំបាក់ និងប្រើប្រាស់សម្ពន្ធភាពអន្តរជាតិ ធ្វើជាឧបករណ៍បម្រើផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន។ លោកស្រី បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងសហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តប្រជាធិបតេយ្យ គឺជាសោតែមួយគត់ក្នុងការប្រឈមមុខ និងដោះស្រាយបញ្ហាប្រឈមពាណិជ្ជកម្មសកល ដែលបង្កឡើងដោយប្រទេសចិន។ លោកស្រី ជឿជាក់ថា បើទោះបីជាសហរដ្ឋអាម៉េរិក ដាក់ចេញវិធានការរឹតបន្តឹងការនាំចេញ និងការវិនិយោគយ៉ាងណាក៏ដោយ ក៏វិធានការទាំងនោះនឹងមិនអាចសម្រេចបានជោគជ័យឡើយ ប្រសិនបើគ្មានការចូលរួម និងសហការយ៉ាងសកម្មពីសំណាក់ប្រទេសជាសម្ពន្ធមិត្តនោះទេ៕
ដោយៈ សរ សុជាតិ