ក្រុមហ៊ុនប្រេងឥន្ធនៈដ៏ធំរបស់ថៃ PTT បានត្អូញត្អែរថា ការលក់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា បានដាំក្បាលចុះយ៉ាងខ្លាំងចន្លោះពី ៥០% ទៅ ៦០% ដែលបង្ខំឱ្យអាជីវកម្មជាច្រើនរបស់ខ្លួនត្រូវបិទទ្វារ ឬប្តូរឈ្មោះហាង។ ជាក់ស្ដែងចំនួនស្ថានីយប្រេងឥន្ធនៈ PTT នៅកម្ពុជា បានធ្លាក់ចុះពីប្រមាណ២០០ ស្ថានីយមកត្រឹម៩១ស្ថានីយ គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦ ខណៈដែលចំនួនសាខាហាងកាហ្វេ Amazon បានធ្លាក់ចុះពី១៥០សាខា មកត្រឹម១៣៦សាខា។ ទន្ទឹមនេះ ស្ថានីយប្រេងឥន្ធនៈ PTT ប្រមាណពី៤០ ទៅ៥០ស្ថានីយ បានប្តូរឈ្មោះទៅម៉ាកយីហោផ្សេង បន្ទាប់ពីផ្ទុះសង្គ្រាមព្រំដែនកម្ពុជា-ថៃ។
ទិន្នន័យបានបង្ហាញថា នៅត្រីមាសទី១ឆ្នាំ២០២៦ ការលក់ប្រេងនៅក្រៅប្រទេសរបស់ក្រុមហ៊ុន PTT បានធ្លាក់ចុះជាង១២% មកត្រឹម៥១៩លានលីត្រ ដែលភាគច្រើនដោយសារតែការបិទទ្វារនៅកម្ពុជា។ ប្រាក់ចំណូលនៅក្រៅប្រទេសរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ៤% មកនៅត្រឹមជិត១៤ពាន់លានបាត ឬ ជាង៤២៦លានដុល្លារអាម៉េរិក ខណៈដែលប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះជាង៣% មកត្រឹម៥,៤ពាន់លានដុល្លារអាម៉េរិក។ ចំណែកឯប្រាក់ចំណេញសុទ្ធបានធ្លាក់ចុះ៤៤% មកនៅត្រឹម៧៤លានដុល្លារអាម៉េរិក។
ទោះបីជាប្រទេសកម្ពុជា មានចំណែកគ្របដណ្ដប់ត្រឹមតែប្រមាណពី២% ទៅ ៣% នៃប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុន PTT យ៉ាងណាក្ដី ក៏ក្រុមហ៊ុនថៃ មួយនេះ បានទទួលស្គាល់ថា ជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការលក់ផលិតផលថៃ និងប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន PTT បានអះអាងថា ខ្លួននឹងបន្តស្វែងរកឱកាសកំណើននៅទូទាំងអាស៊ី-ប៉ាស៊ីហ្វិក ជាពិសេសនៅក្នុងអាជីវកម្មសាកថ្មរថយន្តអគ្គិសនី EV និងអាជីវកម្មមិនមែនប្រេង៕
ដោយ: តែម សុខុម