ជាមួយគ្នានេះ ប្រទេសចិន បានទាក់ទាញការវិនិយោគលើមូលនិធិមាស (Gold ETF) រហូតដល់ទៅ៩ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់ជាងគេក្នុងពិភពលោក ខណៈវិនិយោគិនចិនជាច្រើនបានងាកចេញពីវិស័យអចលនទ្រព្យ និងគ្រឿងអលង្ការ មកវិនិយោគលើមាសដុំវិញ។
ក្រុមប្រឹក្សាមាសពិភពលោក ដែលជាអង្គការឃ្លាំមើលការវិវត្ត នៃទីផ្សារសម្រាប់ឧស្សាហកម្មមាសដែលមានការិយាល័យកណ្ដាលនៅចក្រភពអង់គ្លេស បានព្យាករថា ប្រទេសចិន អាចនឹងបន្តទិញមាសចូល ខណៈដែលធនាគារកណ្តាលចិន កំពុងស្វះស្វែងធ្វើពិពិធកម្មទុនបម្រុងអន្តជាតិរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ធនាគារកណ្តាលចិន បានបង្កើនការទិញមាសចូល១៨ខែជាប់ៗគ្នា ដោយចំនួនមាសសរុបបានឈានរហូតដល់២,៥៥៩តោន គិតត្រឹមខែមេសា ឆ្នាំ២០២៦ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីពេលថ្មីៗនេះ។
តម្រូវការមាសកើងឡើងខ្លាំងពីសំណាក់វិនិយោគិនចិន ក៏បានជំរុញឱ្យមូលនិធិវិនិយោគលើមាសរបស់ពិភពលោកនៅឆ្នាំនេះ កើតឡើងខ្លាំងផងដែរ ដោយក្នុងនោះប្រទេសចិន ទាក់ទាញការវិនិយោគលើមាសបានរហូតដល់ទៅប្រមាណ៩ ពាន់លានដុល្លារអាម៉េរិក ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក។ វិនិយោគិនចិន ជាច្រើនកំពុងងាកចេញពីការវិនិយោគលើអចលនទ្រព្យ និងគ្រឿងអលង្ការ មកវិនិយោគលើដុំមាស និងលុយឌីជីថល។
តម្រូវការមាសកើនឡើងខ្លាំងក៏ដោយសារការព្រួយបារម្ភអំពីការកើនឡើងបំណុលរបស់ពិភពលោក អតិផរណា និងការធ្លាក់ចុះអំណាចទិញនៃក្រដាសប្រាក់ផងដែរ។ ទោះបីជាអត្រាការប្រាក់របស់សហរដ្ឋអាម៉េរិក ខ្ពស់យ៉ាងណាក៏ដោយ ក៏ហាងឆេងមាសនៅតែថ្លៃ ពោលស្ថិតក្នុងតម្លៃប្រមាណ៤,៣៧០ ដុល្លារអាម៉េរិកក្នុងមួយអោន ឬ៥,២៦៥ដុល្លារអាម៉េរិកក្នុងមួយតម្លឹង៕
ដោយ: តែម សុខុម