បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរបស់សិង្ហបុរី CNA បានរាយការណ៍ថា ផ្អែកលើទិន្នន័យពីមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ នៃរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិសហរដ្ឋអាម៉េរិក បានព្រមានថា ចាប់ពីខែតុលា ដល់ខែធ្នូ ខាងមុខ លទ្ធភាពនៃការកើតមានបាតុភូតអែលនីញ៉ូក្នុងកម្រិតធ្ងន់ធ្ងរបំផុតមានរហូតដល់ទៅ៩៨% ឯណោះ។
ការកើនឡើងកម្ដៅ និងគ្រោះរាំងស្ងួតដ៏ខ្លាំងក្លានេះកំពុងបង្កការគំរាមកំហែងដោយផ្ទាល់ដល់តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសវិស័យកសិកម្ម ការផ្គត់ផ្គង់ទឹក និងប្រភពថាមពល។ ជាក់ស្តែងនៅប្រទេសវៀតណាម កម្រិតទឹកក្នុងអាងស្តុកទឹក នៃទំនប់វារីអគ្គិសនីសំខាន់ៗបានធ្លាក់ចុះដល់កម្រិតប្រកាសអាសន្ន ដែលកំពុងបង្កហានិភ័យ នៃកង្វះខាតថាមពលអគ្គិសនីយ៉ាងធ្ងន់ធ្ងរ។
ទន្ទឹមនឹងនេះ សារព័ត៌មាន Bloomberg បានរាយាការណ៍ថា វិបត្តិថាមពល និងតម្លៃស្បៀងអាហារសកល ដែលកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីសង្គ្រាមស្រាប់ទៅហើយនោះ នឹងត្រូវបន្ថែមទម្ងន់សម្ពាធទ្វេដងដោយសារបាតុភូតអែលនីញ៉ូ នេះ។
លើសពីនេះរបាយការណ៍សិក្សារបស់ក្រុមហ៊ុនប្រឹក្សាយោបល់ Verisk Maplecroft បានព្រមានថា ការប្រែប្រួលអាកាសធាតុដ៏ខ្លាំងក្លានេះនឹងបង្កឱ្យមានគ្រោះមហន្តរាយសន្តិសុខស្បៀងនៅតំបន់អាស៊ី ហើយអាចឈានទៅរកភាពចលាចលក្នុងសង្គម និងអស្ថិរភាពនយោបាយនៅក្នុងបណ្តាប្រទេស ដែលងាយរងគ្រោះដូចជាឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីនជាដើម។
ការប្រកាសអាសន្ននេះកើតឡើងចំពេលដែលខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងជីកសិកម្មត្រូវបានរំខានយ៉ាងខ្លាំងដោយសារជម្លោះប្រដាប់អាវុធនៅតំបន់មជ្ឈិមបូព៌ា។ ឥឡូវនេះពិភពលោកត្រូវធ្លាក់ចូលក្នុងវិបត្តិពីរជាន់ ដោយសារតែគ្រោះមហន្តរាយធម្មជាតិអែលនីញ៉ូ ដែលកំពុងបន្ថែមការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ទិន្នផលដំណាំ និងស្ថិរភាពសេដ្ឋកិច្ចពិភពលោកទាំងមូល៕
ដោយៈ សរ សុជាតិ