អង្គការសហប្រជាជាតិ

UN ព្រមានថា ការបែកបាក់ភូមិសាស្ត្រនយោបាយដោយសារប្រទេសមហាអំណាចកំពុងធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខបាត់បង់ឥទ្ធិពល


ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាស្ថាប័ននីតិប្រតិបត្តិ​រៀបចំសណ្តាប់ធ្នាប់​ពិភពលោក និងមានភារកិច្ចស្នូលក្នុងការធានាសន្តិភាព និងសន្តិសុខអន្តរជាតិ កំពុងតែធ្លាក់ចុះឥទ្ធិពល និងខ្វះប្រសិទ្ធភាពយ៉ាងធ្ងន់ធ្ងរ។ សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ដោយមើលឃើញពីវិបត្តិរបស់ស្ថាប័នការពារសន្តិសុខពិភពលោកនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) បានចេញមុខជំរុញឱ្យមានការកែទម្រង់រចនាសម្ព័ន្ធជាបន្ទាន់ ដើម្បីស្រោចស្រង់ប្រសិទ្ធភាពស្ថាប័នកំពូលមួយនេះឡើងវិញ។
អង្គការសហប្រជាជាតិ
ដោយ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស បានគូសបញ្ជាក់ដោយក្តីបារម្ភថា ការបែកបាក់ផ្នែកភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចកំពុងរារាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនឱ្យសម្រេចបាននូវដំណោះស្រាយសមស្របណាមួយឡើយ ដែលជាហេតុធ្វើឱ្យស្ថាប័នការពារសន្តិសុខពិភពលោកមួយនេះជាប់គាំង និងមិនអាចចាត់វិធានការទប់ស្កាត់វិបត្តិសកល ដែលកំពុងឆាបឆេះនាពេលបច្ចុប្បន្នបាន។ លោកបានសង្កត់ធ្ងន់ថា អាកប្បកិរិយា និងមហិច្ឆតារបស់ប្រទេសមហាអំណាចមួយចំនួន គឺជាដើមចមនៃការជាប់គាំងរបស់ស្ថាប័នកំពូលមួយនេះ។
ឆ្លើយតបនឹងសំណួរដែលសួរថា ហេតុអ្វីការអំពាវនាវរបស់ UN ឱ្យគោរពច្បាប់អន្តរជាតិ ត្រូវបានគេមើលរំលង លោក អង់តូនីញ៉ូ បានលើកឡើងដោយចំៗពីគម្លាត និងជម្លោះផលប្រយោជន៍ក្នុងចំណោមប្រទេសមហាអំណាច។ លោកបានព្រមានថា ពិភពលោកកំពុងរងការរង្គោះរង្គើដោយសារការបែកបាក់ភូមិសាស្ត្រនយោបាយ ហើយអ្វីដែលគួរឱ្យសោកស្តាយនោះ គឺប្រទេសមហាអំណាចមួយចំនួន ដែលអង្គុយលើកៅអីអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ និងមានកាតព្វកិច្ចការពារសណ្តាប់ធ្នាប់អន្តរជាតិបែរជាក្លាយជាអ្នករំលោភបំពានច្បាប់អន្តរជាតិដោយខ្លួនឯងទៅវិញ។
ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានគូសបញ្ជាក់បន្ថែមថា ស្ថានភាពនេះហើយ ដែលធ្វើឱ្យការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខក្លាយជាអាទិភាពបន្ទាន់បំផុត។ ទន្ទឹមនឹងនេះ លោក បានអំពាវនាវឱ្យមានការបែងចែក និងរៀបចំជញ្ជីងអំណាចឡើងវិញ ដោយសារតែផលធៀបអំណាចនៅក្នុងក្រុមប្រឹក្សាសន្តិសុខនាពេលបច្ចុប្បន្នមានលក្ខណៈហួសសម័យ និងលែងឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង នៃនយោបាយពិភពលោកក្នុងសម័យកាលនេះទៀតហើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើការធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ប្រយុទ្ធប្រឆាំងស្កេមអនឡាញ អាចជួយស្តារមុខមាត់ និងជម្រះការចោទប្រកាន់មកលើកម្ពុជា យ៉ាងណាដែរ?

កម្ពុជា កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ដែលនឹងប្រព្រឹត្តទៅ…

ការព្យាករថ្មីចុងក្រោយបានព្រមានថា បាតុភូត អែលនីញ៉ូ នឹងវិវត្តខ្លួនកាន់តែអាក្រក់ ដែលអាចបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់សន្តិសុខស្បៀង និងថាមពល

បាតុភូតអាកាសធាតុ អែលនីញ៉ូ ដែលកំពុងស្តែងរូបរាងនាពេលបច្ចុប្បន្ន មិនមែនគ្រាន់តែធ្វើឱ្យសីតុណ្ហភាព​​កើនឡើង​​​កំដៅនោះទេ តែវា​នឹងវិវត្តខ្លួន​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ