​យានយន្តអគ្គិសនី

តម្លៃឡាននៅអាម៉េរិក១គ្រឿងអាចទិញឡានអគ្គិសនីថ្មីនៅចិន បានចំនួន៥គ្រឿង តើមកពីកត្តាអ្វី?


​​តម្លៃរថយន្តនៅក្នុងប្រទេសចិន ជាពិសេសរថយន្តអគ្គិសនី ឬ EV គឺទាបជាងរថយន្តអាម៉េរិកដូចមេឃ និងដី ដោយជាមធ្យមតម្លៃរថយន្តមួយគ្រឿងនៅសហរដ្ឋអាម៉េរិកអាចទិញបានរថយន្តអគ្គិសនីថ្មីនៅប្រទេសចិនបានរហូតដល់ទៅ៥គ្រឿងឯណោះ ហើយនេះឆ្លុះបញ្ចាំងពីសង្គ្រាមលក់បញ្ចុះតម្លៃដេញជើងគ្នាយ៉ាងស្វិតស្វាញនៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក។ តើមានកត្តាអ្វីទើបធ្វើឱ្យតម្លៃរថយន្តនៅអាម៉េរិក និងចិនខុសគ្នាឆ្ងាយយ៉ាងដូច្នេះ?
​យានយន្តអគ្គិសនី
ដោយ

សារព័ត៌មានរ៉យទ័របានរាយការណ៍ថា នៅសហរដ្ឋអាម៉េរិកជាមធ្យមរថយន្តថ្មីមានតម្លៃប្រមាណ៥១,០០០ដុល្លារ ខណៈនៅប្រទេសចិន មានរថយន្តអគ្គិសនី និងរថយន្ត Hybrid ដល់ទៅជាង ២០០ម៉ូឌែលមានតម្លៃក្រោម២៥,០០០ដុល្លារអាម៉េរិក ហើយម៉ូដែលពេញនិយមជាច្រើនលក់ក្នុងតម្លៃក្រោម១២,០០០ដុល្លារអាម៉េរិក។ នេះមានន័យថា អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន អាចទិញរថយន្តអគ្គិសនី ឬ EV ថ្មីបានរហូតដល់ទៅ៥គ្រឿងសម្រាប់តម្លៃរថយន្តជាមធ្យមមួយគ្រឿងដែលលក់នៅសហរដ្ឋអាម៉េរិក។

ក្រុមហ៊ុនផលិតរថយន្តចិន ធំៗដូចជា BYD, Geely និង Wuling កំពុងនាំមុខគេនៅក្នុងសង្គ្រាមលក់បញ្ចុះតម្លៃដេញជើងគ្នា។ ទោះបីលក់ក្នុងតម្លៃទាបខ្លាំង តែរថយន្តអគ្គិសនីទាំងនោះបានផ្តល់នូវលក្ខណៈពិសេសដូចជាអេក្រង់ Touchscreen ទំហំធំ ប្រព័ន្ធជំនួយអ្នកបើកបរ និងសមត្ថភាពបើកបរលើសពី២០០-៣០០គីឡូម៉ែត្រពេលបញ្ចូលថ្មពេញ។

អ្នកជំនាញបានពន្យល់ថា កត្តាចម្បងដែលនាំឱ្យរថយន្តចិន និងរថយន្តអាម៉េរិកមានតម្លៃខុសគ្នាដូចមេឃ និងដីបែបនេះរួមមាន ការប្រកួតប្រជែងខ្លាំងនៅក្នុងប្រទេសចិន បានបង្ខំឱ្យតម្លៃធ្លាក់ចុះ, ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកដ៏រឹងមាំ និងការផលិតអាគុយមានតម្លៃទាប, ការទទួលបានការជួយគាំទ្រពីរដ្ឋាភិបាលចិន ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនី និងរថយន្តមានទំហំតូចជាង និងការឌីហ្សាញសាមញ្ញជាង បើប្រៀបធៀបទៅនឹងរថយន្តរបស់សហរដ្ឋអាម៉េរិក។

ទោះជាយ៉ាងណារថយន្តអគ្គិសនី ដែលមានតម្លៃថោកបំផុតទាំងនេះ ភាគច្រើនមិនត្រូវបានលក់នៅសហរដ្ឋអាម៉េរិកនោះទេ ដោយសារតែបទប្បញ្ញត្តិស្ដីពីសុវត្ថិភាព ចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ចំពោះរថយន្តធំៗ និងរបាំងពាណិជ្ជកម្ម។ ជារួមប្រទេសចិន បានក្លាយជាទីផ្សាររថយន្តអគ្គិសនី ដែលមានតម្លៃថោកបំផុត និងមានការប្រកួតប្រជែងខ្លាំងបំផុតនៅលើពិភពលោក ដែលដាក់សម្ពាធលើក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី សាកល្បងឱ្យប្រើប្រេងម៉ាស៊ូតដែលលាយប្រេងដូង៥០% ក្រោយតម្លៃប្រេងហក់ឡើងខ្ពស់

​​ប្រទេសឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ាន កំពុងពន្លឿនផែនការបង្កើនការប្រើប្រាស់ជីវៈឥន្ធនៈ ខណៈតម្លៃថាមពលសកលកំពុងហក់ឡើងខ្ពស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ