យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន SCMP ទោះបីជាអាជ្ញាធរថៃ បានអះអាងថា ជនរងគ្រោះជនជាតិ ម៉ាឡេស៊ីទាំង២នាក់ ដែលបានរងរបួស មិនមែនជាគោលដៅចម្បងនៃការវាយប្រហារនេះក្តី ប៉ុន្តែផលប៉ះពាល់ជាយថាហេតុនេះ បានឆ្លុះបញ្ចាំងថា គ្មាននរណាម្នាក់មានសុវត្ថិភាពឡើយឱ្យតែឈានជើងចូលតំបន់ជម្លោះមួយនេះ។ ហេតុការណ៍បំផ្ទុះគ្រាប់បែកដ៏កាចសាហាវនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា នៅជិតទីរួមស្រុកតាក់បៃ ខេត្តណារ៉ាធីវ៉ាត ដែលមានចម្ងាយត្រឹមតែ១៥គីឡូម៉ែត្រប៉ុណ្ណោះពីខ្សែបន្ទាត់ព្រំដែនប្រទេសម៉ាឡេស៊ី។ គ្រាប់បែកច្នៃដែលបង្កៃដោយក្រុមផ្ដាច់ខ្លួន បានផ្ទុះកម្ទេចឡានពាក់ស្លាកលេខម៉ាឡេស៊ីទាំងកម្រោល ខណៈពួកគេកំពុងធ្វើដំណើរឆ្លងកាត់។
អ្វីដែលជាការពិតដ៏គួរឱ្យជូរចត់ និងជាមេរៀនចាក់ដោតបំផុតនោះ គឺក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ មនុស្សរាប់ពាន់នាក់ទាំងជនស៊ីវិលស្លូតត្រង់ ក្រុមឧទាម និងកងកម្លាំងសន្តិសុខថៃ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅក្នុងភ្នក់ភ្លើងជម្លោះ នៃតំបន់ភាគខាងត្បូងដែលភាគច្រើនជាជនជាតិ ម៉ាឡេ-មូស្ល៊ីម។ ការបាញ់ប្រហារ ការលបឆ្មក់ និងការបង្កៃគ្រាប់បែក បានក្លាយជាសុបិន្តអាក្រក់ប្រចាំថ្ងៃរបស់ពលរដ្ឋនៅទីនោះ ប៉ុន្តែសោកនាដកម្មទាំងនេះ បែរជាកម្រលេចឮ ឬត្រូវបានមើលរំលងនៅលើទំព័រសារព័ត៌មានអន្តរជាតិទៅវិញ។
ទោះជាយ៉ាងណាជុំវិញស្ថានភាពជនរងគ្រោះ ក្រសួងការបរទេសម៉ាឡេស៊ី បានប្រកាសថា បុរសទាំង២នាក់ត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយ និងបានធ្វើដំណើរត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញដោយសុវត្ថិភាព។ ប៉ុន្តែសម្រាប់ពលរដ្ឋនៅភាគខាងត្បូងថៃ ពួកគេនៅតែត្រូវបន្តរស់នៅក្នុងភាពភ័យខ្លាច និងដេកឱបស្រមោលគ្រាប់បែកជារៀងរាល់ថ្ងៃ ដរាបណាយន្តការសន្តិភាពពិតប្រាកដនៅមិនទាន់អាចរកឃើញពន្លឺ៕
អត្ថបទៈ សួន ឡង់ទី