ទស្សនាវដ្តីអន្តរជាតិ The Diplomat បានគូសបញ្ជាក់ថា សាលក្រមប្រវត្តិសាស្ត្រឆ្នាំ២០១៦ ក្រោមក្របខណ្ឌអនុសញ្ញា UNCLOS ដែលធ្លាប់កាត់ក្តីឱ្យហ្វីលីពីនឈ្នះក្តីនោះមិនមានការវិវត្តទៅមុខសូម្បីតែបន្តិច ខណៈដែលសហគមន៍អាស៊ានទាំងមូលនៅតែមិនទាន់អាចរកឃើញជំហររួមគ្នាមួយលើរឿងនេះនៅឡើយ។
តថភាពដ៏គួរឱ្យចាប់អារម្មណ៍នោះ គឺអាស៊ានតែងតែបង្ហាញឆន្ទៈគាំទ្រយ៉ាងខ្លាំងក្លាចំពោះអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឬ UNCLOS។ ជាក់ស្តែងនៅក្នុងសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការដែនសមុទ្រនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤៨ នៅទីក្រុងសេប៊ូ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ អាស៊ានបាននិយាយពាក់ព័ន្ធនឹងច្បាប់សមុទ្រ UNCLOS ឆ្នាំ១៩៨២ មិនតិចជាង១៨ដងឡើយ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរក្សាសន្តិភាព ស្ថិរភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ប៉ុន្តែអ្វីៗហាក់ខុសស្រឡះពីសម្តីនៅលើក្រដាស ព្រោះរហូតមកទល់ពេលនេះអាស៊ានមិនដែលបានទទួលស្គាល់សាលក្រមមជ្ឈត្តកម្មឆ្នាំ២០១៦ នោះជាផ្លូវការម្តងណាឡើយ។
នៅខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ គឺជាខួបគម្រប់១០ឆ្នាំពេញ នៃការប្រកាសសាលក្រមប្រវត្តិសាស្ត្រដែលគាំទ្រសិទ្ធិអធិបតេយ្យភាពរបស់ហ្វីលីពីន។ បើក្រឡេកទៅមើលប្រវត្តិ នៃការប្រជុំវិញ ភ្លាមៗបន្ទាប់ពីសាលក្រមនោះចេញបានត្រឹមពីរសប្តាហ៍នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៩ នៅទីក្រុងវៀងចន្ទន៍ បណ្តាប្រទេសជាសមាជិកបានបរាជ័យក្នុងការស្វែងរកកុងសង់ស៊ីស ឬការឯកភាពគ្នា។ មន្ត្រីហ្វីលីពីន បានទម្លាយថា រាល់សំណើទាំងឡាយណា ដែលចង់បញ្ចូលការយោងទៅលើសាលក្រមនោះ ត្រូវបានរដ្ឋសមាជិកខ្លះបោះឆ្នោតវេតូភ្លាមៗ ដោយគ្មានការបកស្រាយអ្វីទាំងអស់។ ទម្រង់នៃការដើរថយក្រោយបែបនេះ បានបន្តលេចឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅទីក្រុងម៉ានីល ក្នុងឆ្នាំ២០១៧ និងក្នុងឆ្នាំបន្តបន្ទាប់ទៀត ដែលធ្វើឱ្យបញ្ហានេះកកស្ទះរកច្រកចេញមិនឃើញ។
សំណួរសំខាន់នៅពេលនេះ ថាតើអាស៊ាននឹងដោះស្រាយវិបត្តិដ៏ក្តៅគគុកនេះដោយរបៀបណា? នៅពេលដែលប្រទេសហ្វីលីពីន គ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ តើបញ្ហាសមុទ្រចិនខាងត្បូងនឹងបន្តស្ថិតក្នុងភាពកកស្ទះដដែល ឬមួយក៏នឹងមានរបត់វិជ្ជមានណាមួយកើតឡើង?
ដោយៈ សរ សុជាតិ