ទីភ្នាក់ងារព័ត៌មាន The Edge Malaysia នៅថ្ងៃទី២៨ ខែកញ្ញា បានរាយការណ៍ថា ផ្អែកតាមឯកសារផ្លូវការដែលចេញផ្សាយដោយរដ្ឋាភិបាលទាំងពីរ បញ្ជីមុខទំនិញនាំចូលទៅកាន់សហរដ្ឋអាម៉េរិកមានចំនួន៧៧មុខរួមមានរំសេវកាំជ្រួចលេងកម្សាន្ត ផលិតផលប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍កីឡា និងប្រដាប់ក្មេងលេងជាដើម។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានចុះបញ្ជីមុខទំនិញចំនួន១,៦១៩មុខ សម្រាប់នាំចូលត្រឡប់ទៅប្រទេសចិនវិញផងដែរក្នុងនោះរួមមានសាច់សត្វ អាហារសមុទ្រ ផលិតផលទឹកដោះគោ គ្រាប់ធញ្ញជាតិ ធ្យូងថ្ម ឈើ និងឧបករណ៍វេជ្ជសាស្ត្រ។
ការសម្រួលពន្ធគយលើពាណិជ្ជកម្មទ្វេភាគីដែលគេកំពុងទន្ទឹងរង់ចាំនេះ ត្រូវបានគេមើលឃើញថា ជាលទ្ធផលជាក់ស្តែងបំផុតមួយ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ទោះបីជាទំហំទឹកប្រាក់នេះគ្រាន់តែជាផ្នែកតូចមួយធៀបនឹងទំហំពាណិជ្ជកម្មទំនិញសរុប៤១៥ពាន់លានដុល្លារ ដែលបានផ្លាស់ប្តូរគ្នារវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរកាលពីឆ្នាំមុនក៏ដោយ។
បន្ថែមលើនេះភាគីទាំងពីរថែមទាំងបានព្រមព្រៀងពន្យារពេលផ្អាកសង្គ្រាមពាណិជ្ជកម្មរហូតដល់ខែមករា ឆ្នាំក្រោយ ខណៈដែលមហាអំណាចទាំងពីរកំពុងស្វែងរកកិច្ចព្រមព្រៀងដ៏ទូលំទូលាយជាងនេះនៅមុនពេលជំនួបកំពូលក្រោយៗទៀត ដែលគេរំពឹងថា នឹងអាចកើតឡើងចំនួន២លើកបន្ថែមទៀតរវាងលោក ត្រាំ និងលោក ស៊ី នៅក្នុងឆ្នាំនេះ។
ដោយឡែកបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian ឯណោះវិញ លោក ដេវីដ ភើឌ្យូ (David Perdue) ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅក្រុងប៉េកាំង បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ សប្តាហ៍មុនថា លោកប្រធានាធិបតី ត្រាំ ដែលតែងតែអះអាងថា អាម៉េរិកនឹងលក់អាវុធទៅឱ្យគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកនោះ នៅក្នុងជំនួបផ្ទាល់ដីកាលពីសប្តាហ៍មុន លោកបានសួរទៅកាន់ប្រធានាធិបតី ស៊ី ជីនពីង ដោយត្រង់ៗថា តើនៅពេលណាមួយខាងមុខ ប្រទេសចិនមានបំណងចង់ទិញអាវុធពីអាម៉េរិកដែរឬទេ? ការលើកឡើងដ៏គួរឱ្យភ្ញាក់ផ្អើលនេះត្រូវបានទម្លាយឡើងនៅក្នុងបទសម្ភាសន៍មួយពាក់ព័ន្ធនឹងគោលនយោបាយរបស់សហរដ្ឋអាម៉េរិកលើកោះតៃវ៉ាន់ ដែលកំពុងរង់ចាំជាច្រើនខែមកហើយ ដើម្បីឱ្យលោក ត្រាំ អនុម័តកញ្ចប់លក់អាវុធថ្មីតម្លៃ១៤ពាន់លានដុល្លារ បន្ទាប់ពីកិច្ចព្រមព្រៀងធំសម្បើមតម្លៃរាប់ពាន់លានដុល្លារត្រូវបានដាក់បង្ហាញកាលពីខែធ្នូ ឆ្នាំមុន។
ទោះជាយ៉ាងណា ភ្លាមៗបន្ទាប់ពីបទសម្ភាសន៍របស់លោក Perdue ត្រូវបានផ្សព្វផ្សាយ មន្ត្រីរដ្ឋបាលសេតវិមានបានចេញមុខបដិសេធ ដោយបញ្ជាក់ប្រាប់កាសែត New York Times ថា សហរដ្ឋអាម៉េរិកគ្មានផែនការលក់អាវុធឱ្យប្រទេសចិននោះឡើយ។ ជាមួយគ្នានេះ ក្រសួងការបរទេសអាម៉េរិក ក៏បានគូសបញ្ជាក់ដែរថា ច្បាប់របស់សហរដ្ឋអាម៉េរិកបានហាមឃាត់ដាច់ខាតនូវការលក់អាវុធឱ្យប្រទេសចិន ហើយក៏គ្មានការស្នើ ឬផែនការណាមួយក្នុងការលក់អាវុធឱ្យចិននោះដែរ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស