យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែកញ្ញា ឧបទ្ទវហេតុប៉ះទង្គិចគ្នានេះបានកើតឡើងនៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១៨ ខែកញ្ញា នៅជិតច្រាំងថ្មប្រជុំកោះ ស្ព្រេតលី (Spratly) ដែលជាតំបន់ជម្លោះដ៏ក្តៅគគុក សម្បូរទៅដោយធនធានជលផល និងជាសមរភូមិប្រឈមមុខដាក់គ្នាដោយហិង្សាជាញឹកញាប់រវាងកងនាវា នៃប្រទេសទាំងពីរនាពេលកន្លងមក។ ទោះបីជាមានសេចក្តីសម្រេចពីតុលាការអាជ្ញាកណ្តាលអន្តរជាតិ (PCA) កាលពីពេលមុនថា ការទាមទាររបស់ចិនគ្មានមូលដ្ឋានផ្លូវច្បាប់យ៉ាងណាក៏ដោយ ក៏ទីក្រុងប៉េកាំង នៅតែបន្តអះអាងកម្មសិទ្ធិស្ទើរតែទាំងស្រុងលើដែនទឹកសមុទ្រចិនខាងត្បូង ហើយជាញឹកញាប់បានដាក់បន្ទុក និងតម្រូវឱ្យភាគីហ្វីលីពីនទទួលខុសត្រូវទាំងស្រុងចំពោះឧប្បត្តិហេតុនានាដែលបានកើតឡើង។
លោក ជេយ ថារៀឡា (Jay Tarriela) អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីនបានគូសបញ្ជាក់ថា នាវាឆ្មាំសមុទ្រចិនបានបើកបុកនាវា របស់ហ្វីលីពីន យ៉ាងពេញទំហឹង ខណៈពេលដែលនាវានេះកំពុងបំពេញបេសកកម្មល្បាត និងចែករំលែកប្រេងឥន្ធនៈបម្រុងជូនដល់ក្រុមអ្នកនេសាទប្រចាំតំបន់។
ជាការឆ្លើយតបលោក ជាំង លូអ៊ី (Jiang Lue) អ្នកនាំពាក្យឆ្មាំសមុទ្រចិនបានទម្លាក់កំហុសផ្ទាល់ទៅលើនាវាហ្វីលីពីនថា មិនត្រឹមតែមើលរំលងការព្រមានដ៏ម៉ឺងម៉ាត់របស់ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចេតនាបត់ទិសដៅភ្លាមៗដើម្បីកាត់មុខនាវាចិនទៀតផង។ លោកបានព្រមានជាថ្មីថា ភាគីហ្វីលីពីនត្រូវតែបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពរំលោភបំពាន និងការបង្កហេតុជាដាច់ខាត បើពុំនោះទេ ហ្វីលីពីនត្រូវតែរ៉ាប់រងរាល់ផលវិបាកទាំងស្រុងដែលកើតចេញពីទង្វើនេះ។
បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈពេលខ្លី ការប្រឈមមុខដាក់គ្នាយ៉ាងស្រួចស្រាល់រវាងហ្វីលីពីន និងចិនបានឆាបឆេះឡើងវិញកាលពីខែកក្កដា កន្លងទៅ ហើយហេតុការណ៍ចុងក្រោយនេះបានក្លាយជាប្រធានបទក្តៅគគុក ដែលធ្វើឱ្យអន្តរជាតិកាន់តែតាមដានយ៉ាងយកចិត្តទុកដាក់ចំពេលដែលទីក្រុងម៉ានីលកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស