ការវិវត្តនៃទំនាក់ទំនងរវាងកម្ពុជា និងចិននេះ បានក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍បំផុត សម្រាប់អ្នកតាមដានស្ថានការណ៍សន្តិសុខក្នុងតំបន់ ជាពិសេសប្រទេសថៃតែម្តង។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ និងស៊ីនហួរ (Xinhua) លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានថ្លែងយ៉ាងម៉ឺងម៉ាត់ និងច្បាស់ៗថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាដៃគូផ្នែកសន្តិសុខដ៏រឹងមាំជាមួយប្រទេសកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងស្ថិរភាពក្នុងតំបន់។ សញ្ញាព្រមានដាច់ណាត់ពីទីក្រុងប៉េកាំងនេះ បានធ្វើឱ្យបណ្តាញព័ត៌មានរបស់ថៃ News1 ចេញផ្សាយទាំងក្តីបារម្ភថា ទំនាក់ទំនងរវាងចិន និងកម្ពុជា ពេលនេះ មិនមែនត្រឹមតែជារឿងពាណិជ្ជកម្ម ឬការវិនិយោគនោះឡើយ តែវាបានឈានចូលដល់បញ្ហាសន្តិសុខយោធាជាផ្លូវការបាត់ទៅហើយ។
អ្វីដែលកាន់តែចាក់ដោត និងស្តែងឱ្យឃើញពីភាពទន់ជ្រាយរបស់រដ្ឋាភិបាលថៃ នោះគឺប្រតិកម្មបែបអន្ទះអន្ទែងរបស់លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ។ កាលពីថ្ងៃទី២៧ ខែមិថុនា លោក ស៊ីហាសាក់ បានចេញមុខមកថ្លែងការពារទាំងខំប្រឹងសម្រួលអារម្មណ៍សាធារណជនថា ប្រទេសថៃ មិនគួរញាប់ញ័រ ឬភិតភ័យចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន នោះទេ។
អ្នកសង្កេតការណ៍អន្តរជាតិ មើលឃើញថា នេះគ្រាន់តែជាការនិយាយលួងចិត្តខ្លួនឯង និងជាការលួងលោមចិត្តពលរដ្ឋថៃ ទាំងបង្ខំតែប៉ុណ្ណោះ ខណៈដែលលោក ស៊ីហាសាក់ បានព្យាយាមបកស្រាយថា ប្រទេសចិននឹងដើរតួនាទីយ៉ាងសមស្រប ហើយនឹងមិនចាត់វិធានការណាមួយ ដែលធ្វើឱ្យស្ថានការណ៍រវាងថៃ និងកម្ពុជា កាន់តែធ្ងន់ធ្ងរនោះឡើយ។ លោក ថែមទាំងបានប្រើពាក្យលួងចិត្តពលរដ្ឋខ្លួនឯងទៀតថា ចិន មិនទាន់កាត់បន្ថយតម្លៃរបស់ប្រទេសថៃ នោះទេ។
ប៉ុន្តែវាំងនននៃការលួងលោមខ្លួនឯងរបស់រដ្ឋាភិបាលថៃ ត្រូវបានរហែកខ្ទេចខ្ទី ដោយសារតែការព្រមានចំៗពីសំណាក់ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយនៅក្នុងប្រទេសថៃ ខ្លួនឯង។ ក្រុមអ្នកជំនាញថៃ បានសង្កត់ធ្ងន់ថា ការដែលមហាអំណាចចិន និងរុស្ស៊ី បានចាប់ដៃគ្នាពង្រឹងខ្នងបង្អែកសន្តិសុខឱ្យកម្ពុជា ចំពេលដែលថៃ និងកម្ពុជា កំពុងមានចំណុចទាស់ទែងគ្នាយ៉ាងក្តៅគគុកនោះ គឺជារបត់គ្រោះថ្នាក់បំផុត ដែលរដ្ឋាភិបាលបាងកក មិនអាចធ្វេសប្រហែស ឬដេកលក់ក្នុងមនោសញ្ចេតនាបានតទៅទៀតឡើយ។
អ្នកជំនាញនៅក្នុងប្រទេថៃ បានលើកឡើងថា វិបត្តិនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា យុទ្ធសាស្ត្រការទូតរបស់ថៃ កំពុងតែដើរដល់ផ្លូវទាល់ច្រក។ រដ្ឋាភិបាលថៃ រវល់តែភ័យស្លន់ស្លោ និងខំប្រឹងរកពាក្យពេចន៍មកលួងចិត្តខ្លួនឯងនៅលើប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា បានដើរទៅមុខរាប់រយជំហាន ដោយក្តោបក្តាប់បានទាំងឥទ្ធិពលសេដ្ឋកិច្ច និងខែលការពារសន្តិសុខពីមហាអំណាចពិភពលោក។ ប្រសិនបើរដ្ឋាភិបាលបាងកក នៅតែមិនព្រមភ្ញាក់រលឹក ហើយបន្តបង្ហាញភាពទន់ជ្រាយ និងអសមត្ថភាពក្នុងការបង្កើតគោលនយោបាយច្បាស់លាស់បែបនេះទៀតនោះ ថៃនឹងត្រូវឯកោខាងផ្លូវការទូត និងសន្តិសុខនៅក្នុងតំបន់អាស៊ានទាំងមូលដោយចៀសមិនរួចឡើយ៕
អត្ថបទៈ សួន ឡង់ទី