ប្រភពព័ត៌មានផ្ទៃក្នុងចំនួនពីរបានបង្ហើបថា រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានរៀបចំកញ្ចប់វិធានការទណ្ឌកម្មទ្រង់ទ្រាយធំរួចរាល់ហើយ ដើម្បីប្រឆាំងនឹងស្ថាប័នតុលាការព្រហ្មទណ្ឌអន្តរជាតិ ហើយគ្រោងនឹងប្រកាសជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។ នេះ គឺជាការបង្កើនសម្ពាធនយោបាយ ដើម្បីប្រឆាំងនឹងស្ថាប័នយុត្តិធម៌ពិភពលោក ដែលមានបេសកកម្មកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាម និងអំពើប្រល័យពូជសាសន៍។ កន្លងមករដ្ឋបាលលោក ត្រាំ មិនដែលលាក់បាំងជំហរប្រឆាំងរបស់ខ្លួនឡើយ ដោយបានព្យាយាមគ្រប់មធ្យោបាយដើម្បីបំបាក់ឥទ្ធិពល ICC។ ទីក្រុងវ៉ាស៊ីនតោន ចង់គៀបសង្កត់ឱ្យតុលាការនេះដកដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល ព្រមទាំងលុបចោលការស៊ើបអង្កេតលើសកម្មភាពយោធាអាម៉េរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នាពេលកន្លងមក។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) កាលពីខែកក្កដា បានប្រកាសបើកយុទ្ធនាការមួយ ដើម្បីធ្វើឱ្យ ICC ធ្លាក់ចូលក្នុងភាពឯកា ដោយបានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកទាំងអស់ដកខ្លួនចេញពីស្ថាប័ននេះ។ ទោះបីជាកន្លងមក អាម៉េរិក ធ្លាប់បានដាក់ទណ្ឌកម្មលើចៅក្រម និងព្រះរាជអាជ្ញារបស់ ICC មួយចំនួនរួចហើយក្តី ប៉ុន្តែការសម្រេចចិត្តដាក់ទណ្ឌកម្មដោយផ្ទាល់លើស្ថាប័នទាំងមូលបែបនេះ គឺជាវិធានការកម្រិតធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក។
បន្ទាប់ពីព័ត៌មានដ៏រសើបនេះត្រូវបានទម្លាយចេញ ក្រសួងការបរទេសអាម៉េរិក មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។ ទោះជាយ៉ាងណា ប្រភពព័ត៌មានបានអះអាងថា ឯកសារទណ្ឌកម្មប្រឆាំងនឹង ICC ត្រូវបានរៀបចំរួចរាល់ជាស្ថាពរហើយ ខណៈកាសែត The Wall Street Journal បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាម៉េរិកថា ការសម្រេចចិត្តចុងក្រោយអាចនឹងត្រូវបិទបញ្ចប់ផ្លូវការនៅក្នុងសប្តាហ៍នេះ ចំពេលដែលកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ កំពុងប្រព្រឹត្តទៅ៕
ដោយៈ សរ សុជាតិ