ការព្រួយបារម្ភនេះ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាដែលបំពាក់លើរថយន្តទំនើប ដូចជា កាមេរ៉ា ឧបករណ៍ចាប់សញ្ញា និងប្រព័ន្ធតភ្ជាប់ឌីជីថល ដែលអាចប្រមូលទិន្នន័យ និងព័ត៌មានអំពីបរិស្ថានជុំវិញរថយន្ត។ យោធាអាម៉េរិកបារម្ភថា បច្ចេកវិទ្យាទាំងនេះ អាចបង្កហានិភ័យដល់ព័ត៌មានសន្តិសុខសំខាន់ៗនៅក្នុងមូលដ្ឋានយោធា។ ទោះជាយ៉ាងណា មន្ត្រីយោធាអាម៉េរិកមិនបានបញ្ជាក់លម្អិតអំពីមូលហេតុបច្ចេកទេសជាក់លាក់ ដែលនាំឱ្យមានការហាមឃាត់នេះទេ។
គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២៦ ក្រសួងការពារជាតិអាម៉េរិកបានដាក់បញ្ចូលក្រុមហ៊ុន BYD រួមជាមួយក្រុមហ៊ុនចិនមួយចំនួនទៀត ដូចជា Alibaba, Baidu និង NIO ទៅក្នុងបញ្ជីក្រុមហ៊ុនដែលអាម៉េរិកជឿថាមានការគាំទ្រដល់យោធាចិន។ ជាការឆ្លើយតប ក្រុមហ៊ុន BYD បានច្រានចោលការចាត់ថ្នាក់នេះ និងបានបញ្ជាក់ពីបំណងប្រើប្រាស់មធ្យោបាយរដ្ឋបាល និងផ្លូវច្បាប់ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។
ទន្ទឹមនឹងនេះ មិនទាន់មានការបញ្ជាក់ថា វិធានការហាមឃាត់រថយន្ត BYD នឹងត្រូវពង្រីកទៅកាន់មូលដ្ឋានយោធាអាម៉េរិកផ្សេងទៀតនៅក្នុងប្រទេសជប៉ុន ឬប្រទេសដទៃទៀតក្នុងតំបន់នោះទេ។