បច្ចុប្បន្នវៀតណាម កំពុងស្ថិតក្នុងល្បែងដ៏ពិបាកថ្លឹងថ្លែងមួយរវាងការរក្សាអត្រាការប្រាក់កម្ចីឱ្យនៅទាប និងការប្រឈមមុខនឹងសម្ពាធកើនឡើង នៃការស្វែងរកប្រភពទុន អតិផរណា ព្រមទាំងបម្រែបម្រួលទីផ្សាររូបិយប័ណ្ណ។ ជាងនេះទៅទៀត កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ក្នុងការកាត់បន្ថយថ្លៃដើម នៃការខ្ចីប្រាក់ ដើម្បីជួយសម្រួលដល់ធុរកិច្ចកំពុងប្រឈមនឹងបញ្ហា ដោយសារតែតម្រូវការឥណទានមានកម្រិតខ្ពស់ពេក និងការហក់ឡើង នៃអត្រាការប្រាក់បញ្ញើ។ កត្តារួមផ្សំទាំងនេះបានធ្វើឱ្យក្រុមអ្នកវិភាគសេដ្ឋកិច្ចអះអាងថា គោលដៅរបស់រដ្ឋាភិបាលក្នុងការជំរុញអត្រាកំណើនសេដ្ឋកិច្ចឱ្យបាន១០% ឬច្រើនជាងនេះនៅឆ្នាំខាងមុខកាន់តែប្រឈមនឹងការស្មុគស្មាញខ្លាំង។
នៅក្នុងកិច្ចប្រជុំបន្ទាន់ជាមួយតំណាងធនាគារពាណិជ្ជចំនួន៤៦ នៅថ្ងៃទី២៦ ខែតុលា លោក ផាម ឌុចអាន (Pham Duc An) ទេសាភិបាលធនាគារកណ្តាលវៀតណាម បានដាក់ចេញបទបញ្ជាឱ្យស្ថាប័នហិរញ្ញវត្ថុ និងធនាគារទាំងអស់ត្រូវតែពន្លឿនការកាត់បន្ថយចំណាយប្រតិបត្តិការ និងថ្លៃដើមនៃការប្រមូលទុន និងព្រមទទួលយកកម្រិតប្រាក់ចំណេញទាបជាងមុន ដើម្បីជួយសម្រាលបន្ទុកដល់អ្នកខ្ចីប្រាក់។
ទន្ទឹមនឹងនេះ ធនាគារកណ្តាលវៀតណាម បានព្រមានថា ធនាគារពាណិជ្ជណាដែលមិនអនុវត្តតាមការណែនាំនេះអាចនឹងប្រឈមមុខនឹងការកាត់បន្ថយដែនកំណត់កំណើនឥណទាន ដែលនៅសល់សម្រាប់ឆ្នាំ២០២៦ នេះ ឬត្រូវប្រឈមនឹងការអនុវត្តលក្ខខណ្ឌតម្រូវដ៏តឹងរ៉ឹង។ ការព្រមាននេះកើតឡើងចំពេលដែលកំណើនឥណទានរបស់ធនាគារនានានៅទូទាំងប្រទេសវៀតណាម បានហក់ឡើងដល់ជាង១១% ដែលបង្ខំឱ្យធនាគារពាណិជ្ជជាច្រើនប្រញាប់ប្រញាល់ស្រូបទាញប្រភពទុនបន្ថែម ដើម្បីមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ផ្តល់កម្ចីតាមតម្រូវការទីផ្សារ។
ដើម្បីទាក់ទាញប្រាក់បញ្ញើឱ្យបានលឿន និងច្រើនសន្ធឹកសន្ធាប់ ធនាគារពាណិជ្ជមួយចំនួនបានបង្ខំចិត្តដំឡើងអត្រាការប្រាក់បញ្ញើពី៩%ទៅ៩,៥% ហើយធនាគារខ្លះទៀតថែមទាំងហ៊ានប្រកាសផ្តល់អត្រាការប្រាក់រហូតដល់១០% ក្នុង១ឆ្នាំ សម្រាប់អតិថិជនដែលដាក់ប្រាក់បញ្ញើរយៈពេលវែង។ ប៉ុន្តែបញ្ហាកាន់តែស្មុគស្មាញនោះ គឺនៅពេលដែលធនាគារត្រូវចំណាយថ្លៃដើមទិញទុនខ្ពស់ ធនាគាររដ្ឋបែរជាតម្រូវឱ្យពួកគេទម្លាក់អត្រាការប្រាក់កម្ចីជូនអ្នកខ្ចីពី១,៥%ទៅ២%ទៅវិញ។
ចំណាត់ការនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីភាពចង្អៀតចង្អល់ នៃការកំណត់គោលនយោបាយឥណទាន និងហិរញ្ញវត្ថុរបស់វៀតណាម ខណៈដែលធនាគារនានាកំពុងតែខិតខំប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាល់ ដើម្បីដណ្តើមទុន ដែលជាសរសៃឈាមដ៏ចាំបាច់បំផុតសម្រាប់ចាក់បញ្ចូល និងទ្រទ្រង់សេដ្ឋកិច្ច ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស៕
ដោយៈ សរ សុជាតិ