យុទ្ធសាស្ត្រដឹកនាំបែបអភិបាលកិច្ចដាច់ខាត ឯកតោភាគី ហ៊ានប្រថុយប្រថានខ្ពស់ និងមិនសូវខ្វល់ពីច្បាប់ទម្លាប់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ខំឱ្យម្ចាស់ឆ្នោតនៅតាមរដ្ឋ និងតំបន់មូលដ្ឋានឆ្នោតដ៏រឹងមាំរបស់គណបក្សសាធារណរដ្ឋ ដែលធ្លាប់រុញច្រានលោកឱ្យឡើងកាន់អំណាចនៅអាណត្តិទី២ កាលពីពីរឆ្នាំមុន បានងាកមកបោះឆ្នោតគាំទ្រគណបក្សប្រជាធិបតេយ្យវិញម្តង។ របត់នយោបាយនេះ បានធ្វើឱ្យគណបក្សរបស់លោក ត្រាំ រងការបរាជ័យយ៉ាងធ្ងន់ធ្ងរ ដែលបានបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការបែងចែកអំណាចនៅសហរដ្ឋអាម៉េរិក។
តាមរយៈលទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិ កាលពីថ្ងៃទី៣ ខែវិច្ឆិកា អំណាចដឹកនាំនៅរដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានបំបែកជាពីរប៉ូល ដោយគណបក្សប្រជាធិបតេយ្យក្តោបក្តាប់អំណាចនីតិបញ្ញត្តិទាំងស្រុង ខណៈគណបក្សសាធារណរដ្ឋរក្សាបានត្រឹមអំណាចប្រតិបត្តិនៅសេតវិមាន។ រចនាសម្ព័ន្ធអំណាចនេះ ត្រូវបានក្រុមអ្នកវិភាគព្រមានថា នឹងជំរុញឱ្យសហរដ្ឋអាម៉េរិកធ្លាក់ចូលទៅក្នុងវិបត្តិជាប់គាំងនយោបាយយ៉ាងរ៉ាំរ៉ៃ ទោះបីជាលោក ត្រាំ ក្តោបក្តាប់សិទ្ធិអំណាចវេតូនៅក្នុងដៃក៏ដោយ។
សម្ទុះនៃការងើបឡើងវិញរបស់គណបក្សប្រជាធិបតេយ្យ ត្រូវបានរុញច្រានដោយរលកកំហឹងពលរដ្ឋអាមេរិកាំង ចំពោះគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ជាពិសេសផលប៉ះពាល់សេដ្ឋកិច្ចពីសង្គ្រាមរវាងអាម៉េរិក និង អ៊ីរ៉ង់ ដែលបានរុញតម្លៃជីវភាពរស់នៅឱ្យហក់ឡើងខ្ពស់កប់ពពក។ បច្ច័យនេះបានជួយឱ្យគណបក្សប្រជាធិបតេយ្យវាយបំបែកបន្ទាយ បក្សសាធារណរដ្ឋ ដណ្តើមបានការគ្រប់គ្រងព្រឹទ្ធសភាដោយសំឡេងភាគច្រើនយ៉ាងហោចណាស់ ៥៤ ទល់នឹង ៤៤អាសនៈ ព្រមទាំងគ្រប់គ្រងសភាតំណាងរាស្ត្រដោយបន្ថែមអាសនៈយ៉ាងតិច ២៥កៅអី។
លោក ហាឃេម ជេសហ្រ្វី (Hakeem Jeffries) មេដឹកនាំគណបក្សប្រជាធិបតេយ្យក្នុងសភាតំណាងរាស្ត្របានថ្លែងសារថា ប្រជាជនអាម៉េរិកបានឃើញច្បាស់ពីការផ្សារភ្ជាប់រវាងអំពើពុករលួយ និងផលវិបាកអវិជ្ជមាននៃគោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ។ លោកបានប្តេជ្ញាថា សំឡេងភាគច្រើនថ្មីនេះនឹងជួយឱ្យគណបក្សប្រជាធិបតេយ្យដើរតួជាជញ្ជីងយុត្តិធម៌ ដើម្បីតាមដាន និងទាមទារការទទួលខុសត្រូវចំពោះរាល់ទង្វើខុសឆ្គងរបស់រដ្ឋបាលលោក ត្រាំ។
ជាមួយគ្នានេះ លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យក្នុងព្រឹទ្ធសភាអាមេរិក បានព្រមានលោក ដូណាល់ ត្រាំ ថា សង្គ្រាមជាមួយអ៊ីរ៉ង់ត្រូវតែបញ្ចប់។ លោកក៏បានលើកឡើងថា បក្សប្រជាធិបតេយ្យរបស់លោកដណ្ដើមបានសំឡេងភាគច្រើននៅក្នុងសភាថ្មី ដូច្នេះលោកអាចប្រើប្រាស់អំណាចលើការអនុម័តថវិកាសហព័ន្ធ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលឱ្យបញ្ចប់សង្គ្រាមនេះ។
លោក ត្រាំ ក៏បានចេញមកធ្វើការព្រមានឆ្លើយតបវិញថា បើសិនជាគណបក្សប្រជាធិបតេយ្យហ៊ាន ទម្លាក់រូបលោកចេញពីតំណែងមែននោះ វានឹងក្លាយជាទង្វើដែលបំផ្លាញគណបក្សប្រជាធិបតេយ្យខ្លួនឯងទៅវិញទេ។ យ៉ាងណាក៏ដោយលោកត្រាំ បានទទួលស្គាល់ពីឥទ្ធិពលអាក្រក់ នៃការចាញ់ឆ្នោតនេះ ប៉ុន្តែប្តេជ្ញាមិនរាថយ ដោយលោកបានបង្ហោះរូបភាពពាក់មួកពណ៌ក្រហម សញ្ញាជាមួយ Make America Great Againមានន័យថា «ធ្វើឱ្យអាមេរិកអស្ចារ្យឡើងវិញ» លើបណ្តាញសង្គមថា លោកស៊ូប្រយុទ្ធដល់ទីបញ្ចប់ និងត្រៀមខ្លួនប្រើប្រាស់អំណាចវេតូធ្វើជារនាំងការពារសេតវិមាន។
យ៉ាងណាម៉ិញក្រុមអ្នកវិភាគហិរញ្ញវត្ថុ និងនយោបាយអន្តរជាតិបានព្យាករណ៍ថា ចាប់ពីដើមឆ្នាំ២០២៧ តទៅ អាជីវកម្មសែស្រឡាយត្រកូល ត្រាំ ធនាគារ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និង វិស័យរូបិយប័ណ្ណឌីជីថល ឬគ្រីបតូ ដែលធ្លាប់ជ្រកក្រោមឆ័ត្រគាំទ្ររបស់លោក ត្រាំ នឹងត្រូវជួបប្រទះនូវរលក នៃការត្រួតពិនិត្យ និងការស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់ពីសំណាក់សភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យជាក់ជាមិនខានឡើយ។
សូមបញ្ជាក់ដែរថា ជាមួយគ្នានេះ ទីផ្សារហិរញ្ញវត្ថុ និងថាមពលពិភពលោកបានរង្គោះរង្គើយ៉ាងខ្លាំង ក្រោយគណបក្សប្រជាធិបតេយ្យទទួលបានជ័យជម្នះក្នុងការដណ្ដើមការគ្រប់គ្រងសភាអាមេរិក តាមរយៈការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ដែលបានបង្កើនក្តីសង្ឃឹមចំពោះការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះជិត ៩% មកក្រោម ១០០ ដុល្លារក្នុងមួយបារ៉ែល ខណៈការធ្លាក់ចុះសរុបក្នុងសប្តាហ៍នេះមានប្រមាណ ២០%។ ចំណែកប្រាក់ដុល្លារអាមេរិក ក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយខែ បើធៀបនឹងប្រាក់អឺរ៉ូ៕
ដោយៈ សរ សុជាតិ