ទន្ទឹមនឹងភាពតានតឹងផ្នែកយោធា ការអនុញ្ញាតឱ្យនាវាដឹកថាមពលរបស់កាតា ឆ្លងកាត់ច្រកសមុទ្រត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រប0ន្ទន់ឥរិយាបថរបស់អ៊ីរ៉ង់ ចំពោះប្រទេសអ្នកសម្របសម្រួល។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានបញ្ជាក់កាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោនរំពឹងនឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ក្នុងពេលឆាប់ៗ។ ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ ទីក្រុងតេអេរ៉ង់នៅមិនទាន់បង្ហាញសញ្ញាវិជ្ជមានណាមួយក្នុងការទទួលយកបទឈប់បាញ់ជាផ្លូវការនោះទេ ដោយពួកគេនៅតែបន្តប្រកាន់ជំហររឹងត្អឹងលើចំណុចខ្វែងគំនិតគ្នាសំខាន់ៗ រួមទាំងកម្មវិធីនុយក្លេអ៊ែរផងដែរ។
ក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតលោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ក៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាតាលោក ម៉ូហាម៉េដ ប៊ីន អាឌុលរ៉ាម៉េន អាលថានី (Mohammed bin Abdulrahman al-Thani) នៅទីក្រុងម៉ៃអាមី ដើម្បីពង្រឹងកិច្ចសហការក្នុងការទប់ស្កាត់ការគំរាមកំហែង និងស្វែងរកស្ថិរភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា។ ជាសញ្ញាវិជ្ជមានមួយ ទិន្នន័យដឹកជញ្ជូនតាមសមុទ្របានបង្ហាញថា នាវាដឹកឧស្ម័នធម្មជាតិរាវ LNG របស់កាតាមួយគ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស (Hormuz) ឆ្ពោះទៅកាន់ប្រទេសប៉ាគីស្ថាន ដោយសុវត្ថិភាព ក្រោមការអនុម័តពីអាជ្ញាធរអ៊ីរ៉ង់។ សកម្មភាពនេះ ត្រូវបានអ្នកវិភាគយល់ថា ជាការសាងទំនុកចិត្តរវាងអ៊ីរ៉ង់ជាមួយកាតា និងប៉ាគីស្ថាន ដែលជាតួអង្គសម្របសម្រួលដ៏សំខាន់ក្នុងវិបត្តិសង្គ្រាមនេះ។
សម្ពាធ នៃការបញ្ចប់សង្គ្រាមកាន់តែមានទម្ងន់ខ្លាំង ខណៈដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ត្រៀមធ្វើដំណើរទៅកាន់ប្រទេសចិន នៅសប្តាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង។ ទោះជាយ៉ាងណាក្រសួងហិរញ្ញវត្ថុអាម៉េរិក ក៏បានប្រើសម្ពាធសេដ្ឋកិច្ច ដោយប្រកាសដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនចំនួន១០នៅប្រទេសចិន និងហុងកុង។ ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា ក្រុមហ៊ុនទាំងនោះបានផ្ដល់ជំនួយយោធាដល់អ៊ីរ៉ង់ ក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតដ្រូនពិឃាត Shahed ដែលជាអាវុធដ៏គ្រោះថ្នាក់បំផុតរបស់ទីក្រុងតេអេរ៉ង់៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស