ការលេចឡើងមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង កាលពីចុងខែវិច្ឆិកានេះ បានជះឥទ្ធិពលយ៉ាងអាក្រក់ដល់វិស័យអាកាសចរណ៍ ស្របពេលដែលពេលវេលាចុងឆ្នាំនេះជារដូវកាលសម្រាប់កាធ្វើដំណើរដ៏មានសក្ដានុពលពីជុំពិភពលោក។ ជាក់ស្ដែង ជើងហោះហើរចំនួនជិត២ពាន់ជើងនៅចំថ្ងៃបុណ្យណូអែលត្រូវបានលុបចោលនៅទូទាំងពិភពលោក។ ទន្ទឹមនេះ ចរាចរណ៍ផ្លូវអាកាសពាណិជ្ជកម្មនៅក្នុងសហរដ្ឋអាមេរិកទាំងចូល និងចេញក្រៅប្រទេសច្រើន ពោលគឺមានជាងមួយភាគបួននៃជើងហោះហើរទាំងអស់ក៏ត្រូវបានលុបចោលនៅចុងសប្តាហ៍នេះផងដែរ។
ជុំវិញការកើនឡើងនៃករណីឆ្លងកាន់តែខ្ពស់នៅសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានករណីឆ្លងមេរោគអូមីក្រុង ជិតបីភាគបួននៃករណីឆ្លងថ្មីសរុបនៅសហរដ្ឋអាមេរិក។ ក្នុងនោះ ចំនួនមធ្យមនៃករណីឆ្លងថ្មីរបស់សហរដ្ឋអាមេរិកបានកើនឡើង ៤៥% ដល់ទៅ ១៧ម៉ឺន ៩ពាន់នាក់ក្នុងមួយថ្ងៃក្នុងសប្តាហ៍កន្លងមកនេះ។ បើយោងតាមការបូកសរុបរបស់ Reuters ។
ដោយឡែក នៅក្នុងប្រទេសអង់គ្លេសឯណោះវិញ ឧស្សាហកម្ម និងបណ្តាញដឹកជញ្ជូនជាច្រើនកំពុងជួបបញ្ហាកង្វះបុគ្គលិក ដោយសារបុគ្គលិកដែលឆ្លងកូវីដ១៩កំពុងតែដាក់សម្រាប់ព្យាបាល និងខ្លះដាក់ឲ្យធ្វើចត្តាឡីស័កជាដើម។ ទន្ទឹមនេះ ទិន្នន័យរបស់រដ្ឋាភិបាលដែលបានបង្ហាញកាលពីថ្ងៃទី ២៤ ធ្នូ បានឱ្យដឹងថា ការឆ្លងថ្មីនៅអង់គ្លេស មានចំនួនជាង ១២ម៉ឺន ២ពាន់នាក់នៅទូទាំងប្រទេស ដែលនេះជាថ្ងៃទីបីហើយដែលចំនួនករណីឆ្លងមានលើសពី ១០ម៉ឺននាក់ ។ប្រទេសបារាំងវិញ បានឈានដល់កំណត់ត្រាមួយផ្សេងទៀតកាលពីថ្ងៃទី ២៤ ធ្នូជាមួយនឹងចំនួនឆ្លងប្រចាំថ្ងៃរបស់ខ្លួនមានលើសពី ៩ម៉ឺន ៤ពាន់នាក់ ខណៈពេលដែលការសម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៧ ខែចុងក្រោយនេះ ដែលជំរុញឱ្យរដ្ឋាភិបាលកោះប្រជុំពិសេសនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលទំនងជាអាចដាក់ចេញនូវវិធានការរឹតបន្តឹងសុខភាពសាធារណៈថ្មីៗបន្ថែមទៀត។
ថ្វីបើមានភាពមិនច្បាស់លាស់ និងព័ត៌មានដ៏អាក្រក់ពីមេរោគបំប្លែងថ្មី ក៏ដូចជាការកើនឡើងនៃករណីឆ្លងពីជុំវិញពិភពលោកក៏ដោយ ក៏ប្រជាជនអាមេរិករាប់លាននាក់បានបន្តផែនការធ្វើដំណើរកម្សាន្ដនៅរដូវកាលវិស្សមកាលចុងឆ្នាំនេះដដែល។ ហើយបើតាមសេតវិមានបានឱ្យដឹងថា រដ្ឋបាលលោក ចូ ប៉ៃដិន ក៏នឹងលុបចោលការរឹតបន្តឹងការធ្វើដំណើរលើបណ្តាប្រទេសអាហ្វ្រិកខាងត្បូងចំនួនទាំង ៨ ដែលបានដាក់កាលពីខែមុនផងដែរ៕
អត្ថបទ៖ ស៊ើង និមល់