ថ្លែងទៅកាន់ក្រុមនាយកប្រតិបត្តិផ្នែករ៉ែ អ្នកជំនាញការ អ្នកវិនិយោគ និងអ្នកនយោបាយជាន់ខ្ពស់ជាង២០០នាក់ក្នុងកិច្ចប្រជុំតុមូលនៅក្រសួងការបរទេសអាម៉េរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដោយជំនឿចិត្តថា អាម៉េរិក កំពុងទាមទារឋានៈជាមហាអំណាចរ៉ែរបស់ពិភពលោកត្រឡប់មកវិញ បន្ទាប់ពីវិស័យនេះត្រូវបានគេមើលរំលង និងខកខានមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ពីរដ្ឋបាលក្រុងវ៉ាស៊ីនតោន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា នៅក្នុងឱកាសនោះ លោក ត្រាំ បានប្រកាសផ្តល់ហិរញ្ញប្បទានរហូតដល់៣ពាន់លានដុល្លារដល់ក្រុមហ៊ុនផលិតរ៉ែសំខានៗជាច្រើនរួមមានក្រុមហ៊ុន Sila Nanotechnologies ដែលជាអ្នកផលិតគ្រឿងបន្លាស់អាគុយលីចូម-អ៊ីយ៉ុង និងនវានុវត្តន៍, ក្រុមហ៊ុនរ៉ែ Scan-Dium Sunrise Energy Metals, ក្រុមហ៊ុនអភិវឌ្ឍន៍មេដែកទំនើប Niron Magnetics និងក្រុមហ៊ុនរ៉ែចំនួន៣ផ្សេងទៀត។
លោក ត្រាំ បានចាត់ទុករ៉ែកម្រ និងវត្ថុធាតុដើមយុទ្ធសាស្ត្រ គឺជាគ្រឹះនៃអំណាចរបស់អាម៉េរិក ដែលផ្តល់ថាមពលដល់អ្វីៗគ្រប់យ៉ាងតាំងពីប្រព័ន្ធអាវុធទំនើបៗរហូតដល់រថយន្តអគ្គិសនី ហើយលោកចង់ឱ្យផលិតផលចាំបាច់ទាំងនេះ ត្រូវបានជីកយក កែច្នៃ និងផលិតឡើងនៅលើទឹកដីសហរដ្ឋអាម៉េរិកផ្ទាល់។
ក្រុមអ្នកវិភាគ និងអ្នកជំនាញយោធាបានលើកឡើងថា ចលនាយុទ្ធសាស្ត្ររបស់សេតវិមាននាពេលនេះ ធ្វើឡើងក្នុងគោលដើម្បីបំពេញបន្ថែមលើស្តុកអាវុធជាតិ ដែលបានស្រកចុះយ៉ាងខ្លាំងក្នុងអំឡុងពេលមានជម្លោះ និងតានតឹងយោធាជាមួយប្រទេសអ៊ីរ៉ង់ និងដើម្បីកាត់បន្ថយ ឬផ្តាច់ខ្លួនចេញពីខ្សែច្រវាក់ផ្គត់ផ្គង់របស់ចិន ដែលជាអ្នកក្តោបក្តាប់ទីផ្សាររ៉ែកម្រស្ទើរទាំងស្រុងនៅលើពិភពលោក។
មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ និងតំណាងក្រុមហ៊ុនផលិតយុទ្ធភណ្ឌការពារជាតិ បានអះអាងដូចៗគ្នាថា ការផ្គត់ផ្គង់រ៉ែកម្រយុទ្ធសាស្ត្រដូចជារ៉ែកម្រទុងស្តែន, ជើម៉ាញ៉ូម និងស្កែនឌីញ៉ូម គឺជាបេះដូង និងជាជីវិតដែលមិនអាចខ្វះបានក្នុងការផលិតមីស៊ីលណែនាំគន្លងកំណត់គោលដៅ យន្តហោះចម្បាំងជំនាន់ថ្មី រថពាសដែក ឧបករណ៍ចាប់សញ្ញា និងប្រព័ន្ធការពារអាវុធបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើនទៀត។
គួរបញ្ជាក់ថា ចាប់តាំងពីត្រឡប់មកកាន់អំណាចនៅក្នុងអាណត្តិថ្មីនេះ លោក ដូណាល់ ត្រាំ បានជំរុញឱ្យដំណើរការស្តុកទុកនូវរ៉ែយុទ្ធសាស្ត្រ ដែលមានតម្លៃរហូតដល់១២ពាន់លានដុល្លារ ព្រមទាំងគាំទ្រដល់ការវិនិយោគលើភាគហ៊ុនផ្ទាល់ក្នុងក្រុមហ៊ុនអភិវឌ្ឍន៍អណ្ដូងរ៉ែ និងរោងចក្រចម្រាញ់រ៉ែក្នុងស្រុក ដើម្បីធានាថា ខ្សែច្រវាក់យោធា និងការពារជាតិអាម៉េរិក នឹងមិនត្រូវពឹងផ្អែកលើការផ្គត់ផ្គង់ពីប្រទេសចិនទៀតឡើយ៕
អត្ថបទៈ សួន ឡង់ទី