សារព័ត៌មាន VN Express បានរាយការណ៍ថា ត្រឹមតែរយៈពេល៦ខែដើមឆ្នាំ២០២៦ នេះ ពលរដ្ឋវៀតណាម បានចំណាយពេលលើកម្មវិធី AI សរុបកើនឡើងរហូតដល់ទៅជាង៧០០លានម៉ោង និងថវិកាជាង១៤លានដុល្លារអាម៉េរិក។
ការប្រើប្រាស់ និងការធ្វើសមាហរណកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងប្រទេសវៀតណាម កំពុងឈានដល់ចំណុចកំពូលមួយ ដែលមិនធ្លាប់មាន។ អ្នកប្រើប្រាស់នៅក្នុងប្រទេសនេះបានចំណាយពេលសរុបរហូតដល់ជាង៧០០លានម៉ោងលើកម្មវិធី AI ផ្សេងៗ ព្រមទាំងបានចំណាយថវិកាផ្ទាល់ខ្លួនជាង១៤លានដុល្លារអាម៉េរិកលើជាវសេវាកម្ម AI កម្រិតជានិមិត្តរូបនៅក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២៦។
ផ្អែកតាមរបាយការណ៍វិភាគទីផ្សារសកលពីស្ថាប័ន Sensor Tower បានបង្ហាញថា សន្ទុះនៃការចំណាយពេលវេលាលើការប្រើប្រាស់ AI របស់ពលរដ្ឋវៀតណាមបានកើនឡើងជាងទ្វេដង ពោលគឺពី៣០០លានម៉ោងនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ឡើងដល់ជាង៧០០លានម៉ោងក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ កម្រិតទឹកប្រាក់ដែលអ្នកប្រើប្រាស់ស្ម័គ្រចិត្តចំណាយលើការទិញកម្មវិធី ឬ Premium Subscription ក៏បានស្ទុះឡើងពីជាង៧លានដុល្លារដល់ជាង១៤លានដុល្លារ ដែលបានបញ្ជាក់ថា AI មិនមែនត្រឹមជាឧបករណ៍កម្សាន្តនោះទេ ប៉ុន្តែជាឧបករណ៍ផលិតភាព ដែលប្រជាជនវៀតណាមទទួលស្គាល់ពីគុណតម្លៃ និងព្រមចំណាយលុយពិតប្រាកដ។
កំណើនប្រើប្រាស់បច្ចេកវិទ្យា AI នៅប្រទេសវៀតណាម វាហាក់ផ្ទុយស្រឡះពីទិដ្ឋភាពទូទៅនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកបានជួបប្រទះការធ្លាក់ចុះចំនួនអ្នកប្រើប្រាស់ AI សកម្មប្រចាំខែជិត៤% ដែលជាការស្រុតចុះលើកដំបូង បន្ទាប់ពីបានរក្សាកំណើនជាប់ៗគ្នាអស់រយៈពេល១៣ត្រីមាស។ ប៉ុន្តែផ្ទុយទៅវិញ ទីផ្សារវៀតណាមបែរជាបន្តហក់ឡើងយ៉ាងគំហុក ដែលស្តែងឱ្យឃើញពីការប្ដេជ្ញាចិត្តខ្ពស់របស់ពលរដ្ឋ និងយុវជនក្នុងការបត់បែនតាមបរិបទឌីជីថល។
បច្ចុប្បន្នកម្មវិធី AI ដែលកំពុងគ្របដណ្តប់ និងមានប្រប្រិយភាពបំផុតនៅក្នុងប្រទេសវៀតណាមរួមមានChatGPT របស់ក្រុមហ៊ុន OpenAI និង Gemini របស់ក្រុមហ៊ុន Google ជាវេទិកាកំពូលទាំងពីរ ដែលរក្សាបាននូវចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែខ្ពស់បំផុត និងរឹងមាំជាងគេ។ កម្មវិធី Grok និង DeepSeekរបស់ចិន ក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងដណ្តើមបានទីផ្សារគួរឱ្យកត់សម្គាល់ពីសំណាក់អ្នកបច្ចេកវិទ្យា និងអ្នកធ្វើការវ័យក្មេងផងដែរ។
សម្ទុះកំណើនដ៏អស្ចារ្យនេះបានបង្ហាញយ៉ាងច្បាស់ថា វៀតណាមមិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងបង្កើតកម្លាំងពលកម្មឌីជីថលជំនាន់ថ្មី ដែលមានសមត្ថភាពខ្ពស់ ឆ្លើយតបទៅនឹងការប្រកួតប្រជែងសេដ្ឋកិច្ចសកលលោកនាពេលអនាគតផងដែរ៕
ដោយៈ សរ សុជាតិ