ក្រុមប្រឹក្សារដ្ឋចិនបានប្រកាសនៅថ្ងៃទី៩ ខែវិច្ឆិកា ថា ការផ្អាកយកពន្ធ២៤% លើទំនិញនាំចូលពីអាម៉េរិកនឹងបន្តរយៈពេល២ខែទៀតគិតចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា តទៅ ខណៈពន្ធ១០% ដែលនៅសល់នឹងបន្តអនុវត្តដដែល។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីជំនួបរវាងមេដឹកនាំចិន និងអាម៉េរិកនៅទីក្រុងវ៉ាស៊ីនតោន កាលពីអំឡុងខែកញ្ញា ដែលភាគីទាំងពីរបានលើកឡើងពីគម្រោងកាត់បន្ថយពន្ធបដិការលើទំហំពាណិជ្ជកម្មប្រមាណ៦០ពាន់លានដុល្លារ ក្នុងនោះរួមមាន ផលិតផលកសិកម្មរបស់អាម៉េរិក ផងដែរ។ ប៉ុន្តែគម្រោងនេះមិនទាន់ត្រូវបានសម្រេចជាផ្លូវការនៅឡើយទេ។
ទន្ទឹមនេះ មន្ត្រីជាន់ខ្ពស់ចិន និងអាម៉េរិក បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូកាលពីថ្ងៃសុក្រ កន្លងទៅដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលនៅសេសសល់។ ភាគីទាំងពីរបានព្រមព្រៀងបន្តប្រើប្រាស់យន្តការពិគ្រោះយោបល់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិតគ្នា។ ក្រុមអ្នកវិភាគ និងអ្នកដឹកនាំធុរកិច្ចយល់ថា ការប្រែក្លាយកិច្ចព្រមព្រៀងទៅជាឱកាសធុរកិច្ចជាក់ស្តែង និងការបន្តកិច្ចសន្ទនារវាងភាគីទាំងពីរ គឺជាកត្តាគន្លឹះដ៏សំខាន់ក្នុងការស្តារទំនុកចិត្តលើទំនាក់ទំនងពាណិជ្ជកម្មឡើងវិញ។
ទោះបីជាភាពតានតឹងនៅតែបន្តក៏ដោយ ក៏ការធ្វើពាណិជ្ជកម្មរវាងចិន និងអាម៉េរិក នៅតែអាចសម្រេចបានទំហំជាង៤៧៦ពាន់លានដុល្លារក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៦ ខណៈការវិនិយោគរបស់អាម៉េរិក នៅក្នុងប្រទេសចិន ក៏បានកើនឡើង៧,៧% ផងដែរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តំណាងធុរកិច្ចអាម៉េរិក ក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរ ចំពោះការងើបឡើងវិញនៃពាណិជ្ជកម្ម
សណ្តែកសៀង និងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យា និងផលិតកម្ម។ ទោះជាយ៉ាងណា បញ្ហាពន្ធគយ បញ្ហាទណ្ឌកម្ម និងបញ្ហាខ្វែងគំនិតគ្នាជុំវិញការចូលទីផ្សារនៅតែជាឧបសគ្គចម្បងចំពោះការស្តារទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានស្ថិរភាពយូរអង្វែង៕
ដោយ: តែម សុខុម