សារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃទី៧ ខែឧសភា ថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានចាប់ផ្តើមសងប្រាក់ពន្ធគយរាប់រយពាន់លានដុល្លារត្រលប់ទៅវិញជាបណ្ដើរៗហើយ បន្ទាប់ពីតុលាការកំពូលអាម៉េរិក សម្រេចកាលពីដើមឆ្នាំនេះថា វិធានការពន្ធគយដ៏ចម្រូង ចម្រាសរបស់លោក ត្រាំ គឺខុសច្បាប់ ដោយក្រុមហ៊ុននាំចូលមួយចំនួនបានទទួលប្រាក់ចូលក្នុងគណនីធនាគាររបស់ពួកគេហើយ រួមទាំងការបង់ការប្រាក់ផងដែរ។ ក្រុមមេធាវីការពារក្ដីឱ្យក្រុមហ៊ុនទាំងនោះបានលើកឡើងថា អាជីវកម្មជាច្រើនទៀតរំពឹងថា នឹងទទួលបានប្រាក់ពន្ធត្រលប់ទៅវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
ការសងប្រាក់ពន្ធត្រលប់ទៅវិញនេះមានទំហំរហូតដល់ទៅប្រមាណ១៦៦ពាន់លានដុល្លារអាម៉េរិកឯណោះ ដែលប្រមូលបានក្រោមគោលនយោបាយពាណិជ្ជកម្មដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ពន្ធគយទាំងនេះត្រូវបានបង់ដោយបណ្ដាក្រុមហ៊ុននាំចូល ខណៈដែលការប្ដឹងផ្ដល់តាមផ្លូវច្បាប់ដ៏ធំមួយកំពុងកើតឡើង។
គយអាម៉េរិក បានដាក់ឱ្យដំណើរការប្រព័ន្ធសងប្រាក់ពន្ធត្រលប់ទៅវិញតាមអ៊ីនធឺណិតកាលពីអំឡុងខែមេសា ឆ្នាំនេះ ប៉ុន្តែដំណើរការនេះនៅតែមានការយឺតយ៉ាវ និងមានភាពស្មុគស្មាញ។ ការទាមទារសំណងរាប់លានពាក្យស្នើសុំ ត្រូវបានបដិសេធរួចហើយ ខណៈដែលការទាមទារសំណងផ្សេងទៀតនៅតែកំពុងត្រូវបានពិនិត្យផ្ទៀងផ្ទាត់។ សូមបញ្ជាក់ថា មានតែក្រុមហ៊ុនដែលបានបង់ពន្ធគយដោយផ្ទាល់ប៉ុណ្ណោះ ដែលអាចដាក់ពាក្យស្នើសុំទារប្រាក់វិញបាន។
ទន្ទឹមនេះ អ្នកប្រើប្រាស់មួយចំនួន ក៏បានដាក់ពាក្យបណ្តឹងប្ដឹងក្រុមហ៊ុន ដែលពួកគេចោទប្រកាន់ថា បានដំឡើងថ្លៃដោយសារតែពន្ធគយផងដែរ ហើយឥឡូវនេះកំពុងស្វែងរកសំណង តែមិនដឹងថា អាចទាមទារបាន ឬក៏អត់នោះឡើយ៕
ដោយ: តែម សុខុម