ស្របពេលវិបត្តិសង្រ្គាមនៅមជ្ឈិបូព៌ាកំពុងតែលតោលរកទីបញ្ចប់មិនទាន់ឃើញ នៅពេលនេះប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កំពុងបង្កាត់ភ្លើងជម្លោះថ្មីមួយទៀតនៅតំបន់អាម៉េរិកឡាទីន ដែលបានក្លាយជាក្តីបារម្ភមួយទៀតសម្រាប់សេដ្ឋកិច្ចពិភពលោក។ ក្តីបារម្ភនេះបានកើតឡើងក្រោយលោក ត្រាំ បានបង្ហោះរូបភាពផែនទីមួយនៅលើបណ្តាញសង្គម Truth Social ដោយពណ៌នាអំពីប្រទេសវេណេស៊ុយអេឡា គ្របដណ្តប់ដោយទង់ជាតិអាម៉េរិក រួមជាមួយស្លាកសញ្ញាដែលសរសេរថា រដ្ឋទី៥១។
ការបង្ហោះសារដ៏រសើបនេះ បានកើតឡើងក្នុងអំឡុងពេលដែល លោក កំពុងធ្វើដំណើរទៅកាន់ប្រទេសចិន និងបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីបណ្តោះអាសន្នវេណេស៊ុយអេឡាលោកស្រី ដែលស៊ី រ៉ូទ្រីហ្គេ (Delcy Rodriguez) បានថ្លែងអះអាងថា ប្រទេសវេណេស៊ុយអេឡា មិនដែលមានបំណងចង់ក្លាយជារដ្ឋទី៥១ របស់អាម៉េរិកឡើយ ទោះបីជាកងកម្លាំងពិសេសអាម៉េរិក បានចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) កាលពីខែមករា កន្លងទៅក៏ដោយ។
ដោយឡែកទីភ្នាក់ងារព័ត៌មានតួកគី អាណាឌូលូ (Anadolu) បានរាយការណ៍ថា ក្រៅពីវេណេស៊ុយអេឡា លោក ត្រាំ ក៏កំពុងបង្ហាញសាច់ដុំ និងលទ្ធភាពនៃការបើកការឈ្លានពានលើប្រទេសគុយបា ផងដែរ។ សារព័ត៌មានដដែលនេះបានបញ្ជាក់ថា កងកម្លាំងសហរដ្ឋអាម៉េរិក កំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់នៅតាមបណ្តោយឆ្នេរសមុទ្រគុយបា ចាប់តាំងពីខែកុម្ភៈ មកម៉្លេះ។
សកម្មភាពយោធានេះបានបង្កើតជាសញ្ញាសួរយ៉ាងធំ ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលធ្លាប់មានភាពតានតឹងបំផុតក្នុងប្រវត្តិសាស្ត្រចាប់តាំងពីវិបត្តិមីស៊ីលឆ្នាំ១៩៦២។ អ្នកវិភាគបានកត់សម្គាល់ថា តាមរយៈសូចនាករច្បាស់លាស់នាពេលនេះ លោក ត្រាំ ប្រហែលជាមានគម្រោងកំណត់គោលដៅបន្ទាប់ទៅលើប្រទេសគុយបា ដើម្បីពង្រីកឥទ្ធិពលរបស់អាម៉េរិកនៅក្នុងប្រទេសនេះ៕
ដោយៈ សរ សុជាតិ