អ្នកនាំពាក្យខេត្តព្រះសីហនុ ឯកឧត្តម ឡុង ឌីម៉ង់ បានទទួលស្គាល់ពីភាពស្ងប់ស្ងាត់ និងផលប៉ះពាល់ចំពោះមុខលើអ្នកប្រកបមុខរបរតូចតាច ខណៈអ្នកជំនាញសេដ្ឋកិច្ចសង្គម បានអំពាវនាវឱ្យរដ្ឋបាលប្រញាប់ទម្លាក់កញ្ចប់ជំនួយគាំពារ និងបិទជាស្ថាពរនូវល្បែងប្រផេះទាំងនេះ ដើម្បីកាត់ឫសគល់អសន្តិសុខ ហើយស្ដារសេដ្ឋកិច្ចស្អាតស្អំបែបពណ៌បៃតងឡើងវិញ។
ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ស្ថានភាពនៅខេត្តជាប់មាត់សមុទ្រមួយនេះនាពេលបច្ចុប្បន្នពិតជាមានសភាពស្ងប់ស្ងាត់ និងបង្កផលប៉ះពាល់ចំពោះមុខមែន បន្ទាប់ពីមានការរៀបចំសណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើសអនឡាញ ដែលធ្វើឱ្យក្រុមជនបរទេសពាក់ព័ន្ធចាកចេញជាបន្តបន្ទាប់។ តែយ៉ាងណា ឯកឧត្តម បានគូសបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ច និងការវិនិយោគជារួមមិនមានផលប៉ះពាល់ធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះទេ ដោយសារបច្ចុប្បន្នមានគម្រោងវិនិយោគប្រមាណ១០០គម្រោងកំពុងដំណើរការយ៉ាងសកម្ម។ ជាមួយគ្នានេះអាជ្ញាធរខេត្តក៏កំពុងបង្កើនល្បឿនរៀបចំយុទ្ធសាស្ត្រស្ដារមុខមាត់ខេត្តឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមានគុណភាពខ្ពស់។ ស្ថិតក្នុងស្ថានភាពនេះ ឯកឧត្តម លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ដែលធ្លាប់អាស្រ័យផលពីសេដ្ឋកិច្ចប្រផេះប្រញាប់ទៅប្រកបមុខរបរថ្មី ដែលឆ្លើយតបនឹងតម្រូវការទីផ្សារ។
ជាមួយគ្នានេះលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានកត់សម្គាល់ថា ការចាកចេញរបស់ជនបរទេសក្រោយវិធានការក្តៅរបស់អាជ្ញាធរបានធ្វើឱ្យអ្នកប្រកបរបរនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធជួបការលំបាកយ៉ាងខ្លាំង។ ទោះជាយ៉ាងណាលោកបានចាត់ទុកនេះថា ជាវិធានការវះកាត់ប្រកបដោយភាពវិជ្ជមាន ដើម្បីដកសាច់ហើម និងដេញក្រុមជនបរទេសមិនល្អចេញ ដែលកន្លងមកធ្លាប់ធ្វើឱ្យខេត្តព្រះសីហនុរបូតភ្ញៀវទេសចរគុណភាពខ្ពស់មកពីអឺរ៉ុប។ ដើម្បីទប់ទល់នឹងសម្ពាធនេះ លោក វន់ ពៅ បានសំណូមពរយ៉ាងទទូចដល់រដ្ឋាភិបាលឱ្យប្រញាប់ទម្លាក់កញ្ចប់ថវិកាឧបត្ថម្ភគាំពារដល់ពលរដ្ឋនៅតំបន់បង្ក្រាប និងអនុវត្តតាមគោលនយោបាយជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨ ដើម្បីស្រោចស្រង់ជីវភាពពលរដ្ឋ។
ដោយឡែកលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានសង្កត់ធ្ងន់ថា ទោះបីជាការផ្អាកល្បែងអនឡាញបានប៉ះពាល់ដល់ប្រាក់ចំណូលប្រជាពលរដ្ឋបណ្តោះអាសន្នក៏ដោយ ប៉ុន្តែរដ្ឋាភិបាលមិនគួរត្រឹមតែផ្អាកនោះទេ គឺត្រូវបិទជាស្ថាពរតែម្តង ពីព្រោះវាជាប្រភពដើម នៃអសន្តិសុខសង្គម ហើយកម្ពុជាមិនត្រូវពឹងផ្អែកលើចំណូលពីអាជីវកម្មប្រផេះទាំងនេះឡើយ។ ទន្ទឹមនឹងនេះ លោកបណ្ឌិត បានអំពាវនាវឱ្យរដ្ឋពន្លឿនការបង្កើតឱកាសការងារថ្មីៗ និងបង្វែរទិសដៅទៅអភិវឌ្ឍសេដ្ឋកិច្ចពណ៌បៃតង ដែលមានចីរភាព និងសុវត្ថិភាពវែងឆ្ងាយសម្រាប់ជាតិ។
គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្អាកប្រតិបត្តិការល្បែងភ្នាល់អនឡាញនៅតាមគ្រប់កាស៊ីណូទូទាំងប្រទេសចាប់ពីខែតុលា ឆ្នាំ២០២៦ តទៅ ដើម្បីលុបបំបាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចរាចរណ៍សាច់ប្រាក់ខ្មៅ។ ក្នុងប្រតិបត្តិការរយៈពេលជាង១ឆ្នាំកន្លងមកនេះ អាជ្ញាធរបានបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធបទល្មើសសរុបប្រមាណជាង៣០០លានដុល្លារអាម៉េរិកក្នុងគណនីធនាគារ និងកំពុងបន្តនីតិវិធីលើទ្រព្យសម្បត្តិផ្សេងៗទៀតជាបន្តបន្ទាប់៕
អត្ថបទ៖ ជា ម៉ារ៉ា