លោកស្រី អេមី ប៉ប (Amy Pope) អគ្គនាយិការអង្គការអន្តរជាតិប្រឆាំងនឹងការជួញដូរមនុស្ស នៃអង្គការសហប្រជាជាតិ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២៨ ខែកក្កដា ថា មជ្ឈមណ្ឌលឆបោកតាមអនឡាញ ដែលមានកម្លាំងពលកម្មរហូតដល់ទៅ៣០ម៉ឺននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ រួមមាន នៅមីយ៉ាន់ម៉ា ថៃ កម្ពុជា និងឡាវ ត្រូវបានបង្កើតឡើង ដើម្បីប្រមូលប្រាក់រាប់ពាន់លានដុល្លារតាមរយៈល្បិចកលបោកប្រាស់ ពិសេសតម្រង់ទិសដៅលើប្រជាជនវ័យចំណាស់នៅក្នុងបណ្តាប្រទេសលោកខាងលិច។ បណ្តាញឧក្រិដ្ឋជនដ៏ស្មុគស្មាញទាំងនេះ កំពុងបង្កើនការទាក់ទាញលើក្រុមអ្នកស្វែងរកការងារធ្វើដែលមានកម្រិតវប្បធម៌ខ្ពស់តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មក្លែងក្លាយលើបណ្តាញសង្គម។ ពួកគេបានប្រើប្រាស់ប្រាក់ខែខ្ពស់ធ្វើជានុយ ដើម្បីល្បួងមនុស្ស ដែលមានជំនាញភាសាអង់គ្លេសស្ទាត់ជំនាញ និងមានសញ្ញាបត្របរិញ្ញាបត្រ។
ថ្នាក់ដឹកនាំអង្គការខាងលើ បានអះអាងថា ជនរងគ្រោះដែលចាញ់បោក ហើយត្រូវគេជម្លៀសទៅដល់ទីតាំងឆបោកនៅអាស៊ី ត្រូវរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដោយត្រូវបានដកហូតលិខិតឆ្លងដែន ទទួលរងការធ្វើទារុណកម្មផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងត្រូវបាត់បង់សេរីភាពដោយមិនអាចចាកចេញពីទីតាំងឃុំឃាំងបានឡើយ។ លោកស្រី បានលើកឡើងពីទិន្នន័យប៉ាន់ស្មានថ្មីៗរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ដែលបង្ហាញថា ការខាតបង់ប្រាក់កាសជាសកលដោយសារប្រតិបត្តិការឆបោកតាមអនឡាញបានកើនឡើងដល់ចន្លោះពី៨៨ពាន់លានដុល្លារទៅ១១៤ពាន់លានដុល្លារឯណោះ កាលពីឆ្នាំកន្លងទៅ។
បើតាមការអះអាងរបស់លោកស្រី អេមី អង្គការ IOM បានជួយសង្គ្រោះជនរងគ្រោះបានជាង៣,៥០០នាក់ មកពី៣៣ប្រទេស។ យ៉ាងណាមិញជនរងគ្រោះភាគច្រើនត្រូវត្រឡប់ទៅស្រុកកំណើតវិញ ជាមួយនឹងវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ បំណុលវ័ណ្ឌក និងគ្មានសល់ទ្រព្យសម្បត្តិអ្វីជាប់ខ្លួនឡើយ បន្ទាប់ពីត្រូវគេឃុំឃាំង និងបង្ខំឱ្យធ្វើការរាប់ខែ ឬរាប់ឆ្នាំ។ ទន្ទឹមនឹងនេះ លោកស្រីទទូចឱ្យមានកិច្ចសហប្រតិបត្តិការឆ្លងដែនកាន់តែរឹងមាំ បង្កើនយុទ្ធនាការផ្សព្វផ្សាយដាស់តឿនសាធារណជន និងជំរុញការទប់ស្កាត់ឱ្យចំគោលដៅ ដើម្បីបំបែកបណ្តាញជួញដូរមនុស្ស និងការពារពលរដ្ឋស្លូតត្រង់ពីឧក្រិដ្ឋកម្មឆបោកគ្រប់ទម្រង់៕
អត្ថបទៈ សួន ឡង់ទី