រថយន្តប្រណីតរហូតដល់ទៅ៤៧គ្រឿង កំពុងត្រូវបានដាក់ដេញថ្លៃក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ឌឹ ឡយ តាមរយៈវេទិកាអនឡាញមួយ បន្ទាប់ពីអាជ្ញាធរសិង្ហបុរី បានរឹបអូសវាបានក្នុងប្រតិបត្តិការបង្ក្រាបការលាងលុយកខ្វក់ដ៏ធំកាលពីអំឡុងឆ្នាំ២០២៣។ ក្នុងចំណោមរថយន្តទាំងនេះមាន Rolls-Royce ចំនួន១១គ្រឿង, Bentley Flying Spur ២គ្រឿង, Ferrari, McLaren និងរថយន្តប្រភេទ Toyota ប្រណីតៗចំនួន២៤គ្រឿង។ រថយន្តភាគច្រើនត្រូវបានចុះបញ្ជីនៅចន្លោះឆ្នាំ២០១៧ដល់ឆ្នាំ២០២៣។
រថយន្តមួយចំនួនស្ទើរតែមិនបានប្រើប្រាស់ តែរថយន្តខ្លះត្រូវការការជួសជុលមួយចំនួនដូចជាប្តូរអាគុយ សម្បកកង់ ឬជួសជុលម៉ាស៊ីនត្រជាក់ជាដើម ហើយរថយន្តខ្លះថែមទាំងមានធូលី និងផ្សិតរុំជុំជិតដោយសារវាត្រូវបានរក្សាទុកក្នុងឃ្លាំងតាំងពីឆ្នាំ២០២៣។
សូមបញ្ជាក់ថា ការដេញថ្លៃនេះ គឺជាផ្នែកមួយនៃការចាត់ចែងដោះស្រាយទ្រព្យសម្បត្តិដែលរដ្ឋាភិបាលសិង្ហបុរី បានរឹបអូស បន្ទាប់ពីការបង្ក្រាបករណីលាងលុយកខ្វក់ដ៏ធំបំផុតជាប្រវត្តិសាស្ត្ររបស់ខ្លួនកាលពីអំឡុងខែសីហា ឆ្នាំ២០២៣។ ប្រតិបត្តិការនោះបាននាំទៅដល់ការចាប់ខ្លួនជនបរទេសចំនួន១០នាក់ និងរឹបអូសអចលនទ្រព្យរាប់រយកន្លែង រថយន្តប្រណីតរាប់សិបគ្រឿង សាច់ប្រាក់ គណនីធនាគារ និងទ្រព្យសម្បត្តិផ្សេងៗ ដែលមានតម្លៃសរុបប្រមាណ៣ពាន់លានដុល្លារ។ អាជ្ញាធរសិង្ហបុរី បានបញ្ជាក់ថា ថវិកាទាំងអស់ ដែលទទួលបានពីការលក់រថយន្តប្រណីតទាំងនេះ នឹងត្រូវបញ្ចូលទៅក្នុងមូលនិធិរដ្ឋ បន្ទាប់ពីដំណើរការលក់ដេញថ្លៃ និងជម្រះទ្រព្យសម្បត្តិត្រូវបានបញ្ចប់៕
ដោយ: តែម សុខុម