សណ្តាប់ធ្នាប់ពិភពលោក

ផែនការចង់ផ្លាស់ប្តូរសណ្តាប់ធ្នាប់ថ្មីក្នុងតំបន់មជ្ឈិមបូព៌ារបស់អាម៉េរិក–អ៊ីស្រាអែល រងសម្ពាធ ខណៈអ៊ីរ៉ង់ បង្ហាញភាពធន់ខ្លាំង


ការផ្ទុះឡើងនៃសង្គ្រាមទ្រង់ទ្រាយធំប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលកើតចេញពីការចាប់ដៃគ្នាយ៉ាងស្អិតរមួតរវាងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាការប៉ុនប៉ងផ្លាស់ប្តូររូបរាង និងសណ្តាប់ធ្នាប់ភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ាទាំងមូល។ ទោះជាយ៉ាងណា សារព័ត៌មានអន្តរជាតិ BBC បានព្រមានថា គម្រោងដ៏មហិច្ឆតានេះកំពុងធ្លាក់ចូលក្នុងភាពជាប់គាំង និងវិបត្តិរយៈពេលវែង។
សណ្តាប់ធ្នាប់ពិភពលោក
ដោយ

សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានផ្ទុះឡើងតាំងពីថ្ងៃទី ២៨ ខែកុម្ភៈ ត្រូវបានគេមើលឃើញថា អាចជាលទ្ធផលនៃការវាយតម្លៃខ្ពស់ហួសហេតុរបស់មេដឹកនាំអាម៉េរិក និងអ៊ីស្រាអែល ដែលជឿថា អំណាចយោធារបស់ពួកគេនឹងអាចវាយបំបាក់អ៊ីរ៉ង់ បានយ៉ាងឆាប់រហ័ស ដើម្បីបើកផ្លូវទៅរកការរៀបចំសណ្តាប់ធ្នាប់ថ្មីក្នុងតំបន់។
ក្នុងដំណាក់កាលដំបូង ការវាយប្រហាររួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែល បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អ៊ីរ៉ង់។ ទោះជាយ៉ាងណា ការវាយប្រហារតាមអាកាស និងកាំជ្រួចយុទ្ធសាស្ត្រទាំងនោះ នៅតែមិនអាចបំផ្លាញសមត្ថភាពការពារជាតិស្នូល ឬកាត់ផ្តាច់ប្រព័ន្ធសេដ្ឋកិច្ចសំខាន់ៗរបស់អ៊ីរ៉ង់បានឡើយ។
ផ្ទុយទៅវិញ ការប្រឈមមុខគ្នានេះ កំពុងបង្ហាញថា បើសង្គ្រាមអូសបន្លាយយូរ វាអាចធ្វើឱ្យភាគីទាំងពីរដើរចូលទៅក្នុងវិបត្តិយូរអង្វែងទាំងផ្នែកយោធា សេដ្ឋកិច្ច និងនយោបាយអន្តរជាតិ។
រដ្ឋាភិបាលអ៊ីរ៉ង់ នៅតែរក្សាសមត្ថភាពយោធាដែលមានរចនាសម្ព័ន្ធរឹងមាំ និងការប្រតិកម្មយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យសង្គ្រាមកាន់តែស្មុគស្មាញ។ អ្នកវិភាគមួយចំនួនបានលើកឡើងថា សមត្ថភាពវាយបករបស់អ៊ីរ៉ង់ គឺជាសញ្ញាបង្ហាញថា ប្រទេសនេះមិនអាចត្រូវបានបំបាក់ដោយសម្ពាធយោធាទេ។
សម្រាប់អ៊ីរ៉ង់ និយមន័យនៃ “ជ័យជម្នះ” មិនមែនជាការដណ្តើមយកទឹកដីនោះទេ ប៉ុន្តែគឺការរស់រានមានជីវិត និងការរក្សាសមត្ថភាពទប់ទល់នឹងការគំរាមកំហែងពីខាងក្រៅ។ ក្នុងនោះ គោលដៅយុទ្ធសាស្ត្រសំខាន់មួយ គឺការរក្សាឥទ្ធិពល និងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់បំផុតមួយនៅលើពិភពលោក។
ទិដ្ឋភាពសង្គ្រាមបច្ចុប្បន្ន កំពុងបង្ខំឲ្យមេដឹកនាំអាម៉េរិក និងអ៊ីស្រាអែលជួបប្រទះមេរៀនប្រវត្តិសាស្ត្រដ៏សំខាន់មួយ គឺសង្គ្រាមអាចងាយចាប់ផ្តើម ប៉ុន្តែពិបាកបញ្ចប់។ ការវាយតម្លៃលើសកម្រិតចំពោះអំណាចយោធាទំនើប បាននាំឲ្យមានការរំពឹងខុសពីស្ថានភាពជាក់ស្តែង ខណៈអ៊ីរ៉ង់ ជារដ្ឋមួយដែលបានឆ្លងកាត់ការដាក់ទណ្ឌកម្ម និងសម្ពាធអន្តរជាតិជិត ៥០ ឆ្នាំ ហើយនៅតែបន្តរក្សាភាពរឹងមាំរបស់ខ្លួន៕

ដោយ: សរ សុជាតិ




អត្ថបទបន្ទាប់


លទ្ធផលស្ទង់មតិថ្មីបង្ហាញថា ទំនុកចិត្តលើអាម៉េរិក ធ្លាក់ចុះ ខណៈចិន កំពុងកើនឥទ្ធិពលវិជ្ជមាន

លទ្ធផលស្ទង់មតិថ្មីៗ ជាបន្តបន្ទាប់ពីតំបន់អឺរ៉ុប រហូតដល់ប្រទេសនូវែលសេឡង់ បានបង្ហាញនិន្នាការគួរឱ្យកត់សម្គាល់ ដោយទំនុកចិត្តរបស់សាធារណជនចំពោ…

សមរភូមិបច្ចេកវិទ្យាពិភពលោកកាន់តែក្តៅ ចិន បោះទុនជិត ៣០០ពាន់លានដុល្លារលើ AI ខណៈប៉េកាំង បោះជំហានផ្តាច់ព្រ័ត្រប្រជែងអាម៉េរិក

ខណៈបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាបច្ចេកវិទ្យាស្នូលដែលអាចកំណត់អ្នកដឹកនាំសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរបស់ពិភពលោកក្នុងសតវត្សរ៍ទី២១ ប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ