ក្រោយស្ងប់ស្ងាត់ស្នូរគ្រាប់កាំភ្លើង និងមីស៊ីលផ្លោងអស់រយៈពេលជាង១ខែ កងកម្លាំងសហរដ្ឋអាម៉េរិកបានបើកការវាយប្រហារជាថ្មីទៅលើប្រព័ន្ធរ៉ាដាបាញ់មីស៊ីល និងនាវាចម្បាំងធុនតូចរបស់អ៊ីរ៉ង់ ដែលព្យាយាមដាក់មីននៅច្រកសមុទ្រហ័រម៉ូសនៅព្រឹកថ្ងៃទី២៦ ខែឧសភា។ ការវាយប្រហារនេះកើតឡើងចំពេលដែលប្រមុខការបរទេស និងអ្នកចរចាកំពូលរបស់អ៊ីរ៉ង់កំពុងស្ថិតក្នុងទីក្រុងដូហា ប្រទេសកាត ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាតា ក្នុងគោលបំណងស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរយៈពេល៣ខែមកនេះ។ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់មួយរូបបានទម្លាយថា ក្រោយផ្ទុះអាវុធជាថ្មី ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់បានកាត់បន្ថយក្តីសង្ឃឹមយ៉ាងខ្លាំងលើលទ្ធភាពនៃការឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ។
រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវដេលី នៅថ្ងៃទី២៦ ខែឧសភា ថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ឱកាសឱ្យបានពេញទំហឹងដល់ផ្លូវការទូត ប៉ុន្តែ លោក បានចោទជាសំណួរថា តើអាម៉េរិកត្រូវចាត់វិធានការបែបណា ប្រសិនបើការចរចាលើកនេះត្រូវបរាជ័យ?
ជាមួយគ្នានេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការទៅមុខ ប៉ុន្តែលោកបានព្រមានចំៗថា វានឹងមានលទ្ធផលតែ២យ៉ាងគត់ គឺទទួលបានកិច្ចព្រមព្រៀងដ៏ល្អបំផុតសម្រាប់គ្រប់ភាគី និងគ្មានកិច្ចព្រមព្រៀង។
នៅប៉ុន្មានម៉ោងក្រោយការព្រមានរបស់លោក ដូណាល់ ត្រាំ ទីបញ្ជាការកណ្តាលកងទ័ពសហរដ្ឋអាម៉េរិកបានចេញសេចក្តីថ្លែងការណ៍ថា ការវាយប្រហារចុងក្រោយនេះ គឺដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីកងកម្លាំងអ៊ីរ៉ង់ ហើយអាម៉េរិកនឹងបន្តការពារកងទ័ពខ្លួន ព្រមទាំងរក្សាភាពអត់ធ្មត់ខ្ពស់បំផុត ក្នុងអំឡុងពេលដែលបទឈប់បាញ់កំពុងមានសុពលភាព។
ឆ្លើយតបនឹងស្ថានភាពនេះ កងកម្លាំងអ៊ីរ៉ង់បានប្រកាសថា ខ្លួនបានបាញ់ទម្លាក់ដ្រូនបំបាំងកាយរបស់សត្រូវមួយគ្រឿង ដោយប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសជំនាន់ថ្មី។ ទោះបីជាអ៊ីរ៉ង់មិនបានបញ្ជាក់ថាដ្រូននេះរបស់ប្រទេសណាក៏ដោយ ប៉ុន្តែបានព្រមានខ្លាំងៗថា ចាប់ពីពេលនេះទៅនឹងគ្មានយន្តហោះគ្មានមនុស្សបើកអាថ៌កំបាំងណាអាចរំលោភបំពានដែនអាកាសនៃឈូងសមុទ្រពែក្សបានទៀតឡើយ។
អ្វីដែលធ្វើឱ្យស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាឡើងកម្តៅកាន់តែខ្លាំងនោះ ក្រោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ប្រកាសបង្កើនការវាយប្រហារលើក្រុមប្រដាប់អាវុធ ហេសបូឡា នៅលីបង់ ដែលជាក្រុមគាំទ្រដោយអ៊ីរ៉ង់។ ភ្លាមៗនោះ យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃ លើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមនេះនៅឯជ្រលងភ្នំបេកា ភាគខាងកើតប្រទេសលីបង់។
ទោះជាយ៉ាងណាបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei របស់ជប៉ុន អាម៉េរិក និងអ៊ីរ៉ង់កំពុងជជែកគ្នាលើផែនការបើកច្រកសមុទ្រហ័រម៉ូសឡើងវិញរយៈពេល៣០ថ្ងៃ ក្រោយពេលចុះកិច្ចព្រមព្រៀងផ្អាកការប្រយុទ្ធ ដើម្បីទុកពេលឱ្យភាគីអ៊ីរ៉ង់បោសសម្អាតមីន និងអនុញ្ញាតឱ្យនាវាអន្តរជាតិឆ្លងកាត់ដោយសុវត្ថិភាព។ ប្រភពពីទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានឱ្យដឹងថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មាននាវាធម្មតាចំនួន៣២គ្រឿង និងនាវាដឹកប្រេងចំនួន៥គ្រឿងបានឆ្លងកាត់ច្រកសមុទ្រនេះ ក្រោមការត្រួតពិនិត្យពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
វិបត្តិដ៏រ៉ាំរ៉ៃនេះបានដុតកម្តៅតម្លៃថាមពល ជី និងស្បៀងអាហារទូទាំងពិភពលោកឱ្យហក់ឡើងខ្ពស់។ ប៉ុន្តែគិតត្រឹមថ្ងៃទី២៥ ខែឧសភា តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះជាង៤% ដែលជាកម្រិតទាបបំផុតនៅ២សប្តាស់ចុងក្រោយនេះ ដោយសារពិភពលោកនៅតែមានក្តីសង្ឃឹមថា កិច្ចព្រមព្រៀងសន្តិភាពអាចនឹងលេចចេញជារូបរាងឡើង៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស