អាម៉េរិកចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែ

អាម៉េរិកចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែជាមួយអារ៉ាប៊ីសាអ៊ូឌីត ខណៈអ្នកជំនាញបារម្ភអាចបង្កហានិភ័យដល់ពិភពលោក


សហរដ្ឋអាម៉េរិក និងអារ៉ាប៊ីសាអ៊ូឌីតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដែលនឹងអនុញ្ញាតឱ្យរាជាណាចក្រនៅតំបន់ឈូងសមុទ្រមួយនេះ អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន។ យោងតាមការបញ្ជាក់ពីក្រសួងថាមពលសហរដ្ឋអាម៉េរិក នេះគឺជាកិច្ចព្រមព្រៀងសហប្រតិបត្តិការនុយក្លេអ៊ែដោយសន្តិវិធី ដែលនឹងបើកទ្វារយ៉ាងទូលំទូលាយឱ្យក្រុមហ៊ុនអាម៉េរិកចូលរួមក្នុងគម្រោងថាមពលនុយក្លេអ៊ែរបស់អារ៉ាប៊ីសាអ៊ូឌីត។
អាម៉េរិកចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែ
ដោយ

ទោះបីជាខ្លឹមសារផ្លូវការនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរវាងអាម៉េរិក និងអារ៉ាប៊ីសាអូឌីតមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈក៏ដោយ តែទីភ្នាក់ងារព័ត៌មាន BBC និងប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកជាច្រើនបានរាយការណ៍ថា កិច្ចព្រមព្រៀងនេះអាចបើកផ្លូវឱ្យអារ៉ាប៊ីសាអ៊ូឌីតបង្កើនកម្រិតសារធាតុអ៊ុយរ៉ានីញ៉ូមដោយខ្លួនឯងនាពេលអនាគត។ បណ្តាញព័ត៌មានទាំងនោះបានគូសបញ្ជាក់ថា សារធាតុអ៊ុយរ៉ានីញ៉ូមដែលបង្កើនកម្រិតរួចប្រៀបដូចជាដាវពីរមុខ ដោយសារវាអាចប្រើប្រាស់ជាឥន្ធនៈផលិតអគ្គិសនីផង និងអាចកែច្នៃទៅជាអាវុធនុយក្លេអ៊ែផងដែរ។
ក្រុមអ្នកវិភាគព្រមានថា ប្រសិនបើអារ៉ាប៊ីសាអ៊ូឌីតទទួលបានសិទ្ធិបង្កើនកម្រិតអ៊ុយរ៉ានីញ៉ូមមែននោះ វានឹងក្លាយជាការសម្រេចចិត្ត ដែលមិនធ្លាប់មានពីមុនមករបស់ទីក្រុងវ៉ាស៊ីនតោន ដែលអាចបង្កជាហានិភ័យនៃការរីកសាយភាយអាវុធនុយក្លេអ៊ែនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលកំពុងមានសភាពក្តៅគគុកស្រាប់។ ទន្ទឹមនឹងនេះ អ្នកជំនាញនុយក្លេអ៊ែ និងអតីតមន្ត្រីអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តដែកថែបរបស់អាម៉េរិក បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផែនការ ដែលអាចបើកផ្លូវឱ្យអារ៉ាប៊ីសាអ៊ូឌីតអភិវឌ្ឍអាវុធនុយក្លេអ៊ែនៅថ្ងៃខាងមុខ ទោះបីដំណើរការនេះត្រូវចំណាយពេលរាប់សិបឆ្នាំ និងប្រឈមនឹងការរារាំងពីសហគមន៍អន្តរជាតិយ៉ាងណាក៏ដោយ។
លោកស្រី រ៉ូសម៉ារី ខេឡានិក (Rosemary Kelanic) នាយិការកម្មវិធីមជ្ឈិមបូព៌ានៅអង្គការ Defense Priorities បានលើកឡើងថា វាជារឿងគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ប្រសិនបើកិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យអារ៉ាប៊ីសាអ៊ូឌីតបង្កើតរោងចក្របង្កើនអ៊ុយរ៉ានីញ៉ូមដោយខ្លួនឯង។ សហរដ្ឋអាម៉េរិកមិនដែលប្រគល់សិទ្ធិនេះឱ្យប្រទេសណាមួយពីមុនមកនោះទេ ព្រោះកាលណាប្រទេសមួយអាចផលិតឥន្ធនៈនុយក្លេអ៊ែដោយខ្លួនឯងបានហានិភ័យនៃការឈានទៅផលិតអាវុធនុយក្លេអ៊ែក៏កាន់តែខ្ពស់ដែរ។
គួររំលឹកថា កាលពីឆ្នាំ២០១៨ ព្រះអង្គម្ចាស់រជ្ជទាយាទ មូហាម៉េត ប៊ិន សាល់ម៉ាន (Mohammed bin Salman) ធ្លាប់បានបញ្ជាក់ក្នុងបទសម្ភាន៍ជាមួយ CBS News ថា អារ៉ាប៊ីសាអ៊ូឌីតគ្មានបំណងស្វែងរកអាវុធនុយក្លេអ៊ែឡើយ ប៉ុន្តែប្រសិនបើអ៊ីរ៉ង់ផលិតគ្រាប់បែកនុយក្លេអ៊ែបាន នោះខ្លួនក៏នឹងធ្វើឱ្យបានដូចគ្នាភ្លាមៗ។
ប្រភពនានាបានវាយតម្លៃថា កិច្ចព្រមព្រៀងនេះ គឺជាជ័យជម្នះផ្នែកភូមិសាស្ត្រនយោបាយដ៏ធំធេង សម្រាប់អារ៉ាប៊ីសាអ៊ូឌីត ដែលអាចផ្លាស់ប្តូរជញ្ជីងអំណាចនៅមជ្ឈិមបូព៌ានាពេលអនាគត។ បច្ចុប្បន្នកិច្ចព្រមព្រៀងនេះត្រូវបានបញ្ជូនទៅកាន់សភាអាម៉េរិកដើម្បីពិនិត្យ និងអនុម័តរួចហើយ។ ទោះជាយ៉ាងណា ក្រុមអ្នកនយោបាយ មកពីទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ត្រូវបានគេរំពឹងថា នឹងចេញមុខជំទាស់យ៉ាងខ្លាំង ទោះបីជាគណបក្សសាធារណរដ្ឋកំពុងក្តោបក្តាប់សំឡេងភាគច្រើននៅក្នុងសភាក៏ដោយ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំធុរកិច្ចវៀតណាម លោកស្រី ង្ង្វៀន ធីភឿង ថាវ បើកការជួញដូរនៅផ្សារហ៊ុនឡុងដ៍ ក្នុងអំឡុងពេលទស្សនកិច្ចនៅចក្រភពអង់គ្លេស

ភ្នំពេញ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ – ថ្នាក់ដឹកនាំធុរកិច្ចវៀតណាម លោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ (Nguyen Thi Phuong Thao) ដែលត្រូវ…

អាជ្ញាធរមានសមត្ថកិច្ចសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ខ្ញុំ (CASINO KCHOM) នៅខេត្តកំពត

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ខ្ញុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ