គិតចាប់ពីចុងខែសីហា នេះតទៅ បណ្ដាក្រុមហ៊ុននៅលើទឹកដីសហរដ្ឋអាម៉េរិក នឹងត្រូវបានហាមឃាត់មិនឱ្យនាំចេញកាកសំណល់អេឡិចត្រូនិកទៀតឡើយរួមមានទុងស្តែន និងម៉ាស់ខ្មៅជាដើមដែលជាសមាសធាតុកែច្នៃបានពីអាគុយលីចូម-អ៊ីយ៉ុងចាស់ៗជាដាច់ខាត លុះត្រាតែក្រុមហ៊ុនទាំងនោះទទួលបានការអនុញ្ញាតពិសេសពីរដ្ឋាភិបាលអាម៉េរិក។ វិធានការនេះនឹងមានសុពលភាពរយៈពេលមួយឆ្នាំ។ ការសម្រេចដ៏គួរឱ្យភ្ញាក់ផ្អើលនេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខាផ្តល់អំណាចឱ្យរដ្ឋាភិបាលអាចរឹតបន្តឹងការនាំចេញកាកសំណល់ឧស្សាហកម្មដែលមានផ្ទុករ៉ែសំខាន់ៗ ដោយប្រើច្បាប់ផលិតកម្មការពារជាតិ ក្នុងគោលបំណងពង្រឹងសន្តិសុខជាតិ និងកាត់បន្ថយការពឹងផ្អែកលើចិន។
ក្រសួងពាណិជ្ជកម្មអាម៉េរិកបានបញ្ជាក់ថា កង្វះការផ្គត់ផ្គង់រ៉ែ និងវត្ថុធាតុដើមសំខាន់ៗកំពុងបង្កហានិភ័យកាន់តែខ្លាំងដល់វិស័យការពារជាតិ និងសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក ដូចនេះរដ្ឋាភិបាលអាម៉េរិកចាំបាច់ត្រូវចាត់វិធានការបន្ទាន់ ដើម្បីរក្សាទុកធនធានដែលអាចកែច្នៃយកមកប្រើឡើងវិញបាន។
គួរបញ្ជាក់ទុងស្តែន គឺជាលោហៈដ៏រឹងមាំដែលប្រើប្រាស់ក្នុងការផលិតគ្រឿងសឹកយោធា គ្រាប់រំសេវ ឧបករណ៍ឧស្សាហកម្ម និងបច្ចេកវិទ្យាមួយចំនួន ខណៈម៉ាស់ខ្មៅ គឺជាប្រភពដ៏សំខាន់ នៃរ៉ែលីចូម រ៉ែកូបាល់ រ៉ែនីគែល និងរ៉ែផ្សេងៗដែលចាំបាច់សម្រាប់ការផលិតអាគុយរថយន្តអគ្គិសនី និងបច្ចេកវិទ្យាថាមពលស្អាត។
ក្រុមអ្នកវិភាគមើលឃើញថា វិធានការថ្មីនេះបង្ហាញយ៉ាងច្បាស់ថា កាកសំណល់អេឡិចត្រូនិកលែងជា សំរាមដូចមុនទៀតហើយ ប៉ុន្តែវាបានក្លាយជាប្រភពរ៉ែដ៏មានតម្លៃជាយុទ្ធសាស្ត្រ ដែលបណ្ដាប្រទេសមហាអំណាចកំពុងប្រជែងគ្នាដណ្តើមគ្រប់គ្រង ដើម្បីធានាសន្តិសុខសេដ្ឋកិច្ច បច្ចេកវិទ្យា និងការពារជាតិរបស់ខ្លួន៕
ដោយ: តែម សុខុម