ទោះជាយ៉ាងណា សម្រាប់ទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា តម្លៃប្រាក់ដុល្លារធៀបនឹងប្រាក់រៀលហាក់មិនទាន់មានការប្រែប្រួលនៅឡើយទេ ដោយធនាគារជាតិនៃកម្ពុជា (NBC) បានកំណត់អត្រាប្តូរប្រាក់ផ្លូវការនៅថ្ងៃទី២០ ខែសីហា ក្នុងកម្រិត១ដុល្លារស្មើនឹង៤,០៤៤រៀល។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា សម្ពាធបំណុលសាធារណៈរបស់អាម៉េរិកដែលកំពុងហើមប៉ោងខ្លាំងបានជះឥទ្ធិពលអវិជ្ជមានភ្លាមៗទៅលើទំនុកចិត្តវិនិយោគិន ជាហេតុធ្វើឱ្យប្រាក់ដុល្លារចុះខ្សោយអំណាចទិញលើទីផ្សារអន្តរជាតិ។ ផ្អែកលើទិន្នន័យអត្រាប្តូរប្រាក់នៅថ្ងៃទី២០ ខែសីហា នេះ ប្រាក់អឺរ៉ូ បានហក់ឡើងដល់១អឺរ៉ូស្មើនឹង១,១៦ដុល្លារ ដែលជាកម្រិតថ្លៃបំផុតប្រចាំត្រីមាស គិតចាប់តាំងពីខែឧសភា មក។ រីឯប្រាក់ផោនអង់គ្លេស បានកើនឡើងដល់១,៣៦ដុល្លារ ខណៈប្រាក់ដុល្លារធៀបនឹងប្រាក់យេនជប៉ុន ធ្លាក់ចុះមកនៅត្រឹម១៥៨,៥៥យេនក្នុង១ដុល្លារ។
អ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិភាគទីផ្សារហិរញ្ញវត្ថុសកល កំពុងតាមដានការប្រែប្រួលនេះយ៉ាងយកចិត្តទុកដាក់ ដោយសារខ្លាចក្រែងមានការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុភ្លាមៗពីរដ្ឋបាលអាម៉េរិក។ លោក ម៉ាត ស៊ីមសុន (Matt Simpson) អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន StoneX បានកត់សម្គាល់ថា ផលប៉ះពាល់នៃការប្រែប្រួលតម្លៃប្រាក់ដុល្លារ គឺមានទំហំធំធេងណាស់ចំពោះសេដ្ឋកិច្ចពិភពលោក ដោយសាររូបិយវត្ថុមួយនេះនៅតែជាសរសរទ្រទ្រង់ពាណិជ្ជកម្ម និងទុនបម្រុងអន្តរជាតិ ដ៏សំខាន់បំផុត។
ដោយឡែកនៅក្នុងបរិបទសេដ្ឋកិច្ចកម្ពុជា តម្លៃប្រាក់ដុល្លារអាម៉េរិក នៅលើទីផ្សារក្នុងស្រុកនៅតែបន្តរក្សាបាននូវស្ថិរភាព។ ទោះជាយ៉ាងណា ធនាគារជាតិនៃកម្ពុជា កំពុងបន្តតាមដានការប្រែប្រួលនៃទីផ្សារអន្តរជាតិ យ៉ាងហ្មត់ចត់បំផុត ដោយសារកម្ពុជា ជាសេដ្ឋកិច្ចដែលមានកម្រិតដុល្លាររូបនីយកម្មខ្ពស់ ហើយប្រាក់ដុល្លារត្រូវបានប្រើប្រាស់ជាឧបករណ៍ចម្បងក្នុងការទូទាត់ពាណិជ្ជកម្ម និងការវិនិយោគទូទាំងប្រទេស៕
ដោយៈ សរ សុជាតិ