វិស័យ​ពាណិជ្ជកម្ម

វៀតណាម និងប្រទេសនៅអឺរ៉ុប ចំនួន៤ បានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីហើយ


ប្រទេសវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) បានប្រកាសជាផ្លូវការកាលពីថ្ងៃទី២ ខែកក្កដា ថា ភាគីទាំងពីរបានឈានដល់ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី ដោយជោគជ័យ។ នេះគឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងការបើកទ្វារទីផ្សារកាន់តែទូលំទូលាយ ព្រមទាំងជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងវៀតណាមជាមួយបណ្តាប្រទេសអឺរ៉ុប ទាំង៤ ឱ្យកាន់តែរឹងមាំ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអន្តរជាតិ Anadolu Agency របស់ប្រទេសតួកគី។
វិស័យ​ពាណិជ្ជកម្ម
ដោយ

ការសម្រេចបាននូវផ្លែផ្កា នៃការបញ្ចប់ការចរចាពាណិជ្ជកម្មសេរីរវាងប្រទេសវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប កាលពីថ្ងៃទី២ ខែកក្កដា គឺជាលទ្ធផល នៃការខិតខំប្រឹងប្រែងចរចាយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនឆ្នាំរវាងរដ្ឋាភិបាលទីក្រុងហាណូយ និងសមាជិកទាំង៤ នៃសមាគម EFTA រួមមាន ប្រទេសស្វីស ន័រវែស អ៊ីស្លង់ និងលិចតិនស្តាញ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីនេះ មានវិសាលភាពគ្របដណ្តប់យ៉ាងទូលំទូលាយលើវិស័យគន្លឹះជាច្រើនរាប់ចាប់តាំងពីពាណិជ្ជកម្មទំនិញ និងសេវាកម្ម រហូតដល់ការវិនិយោគ កម្មសិទ្ធិបញ្ញា លទ្ធកម្មសាធារណៈ ការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចស៊ីជម្រៅ។
គោលដៅយុទ្ធសាស្ត្រដ៏ធំបំផុត នៃកិច្ចព្រមព្រៀងនេះ គឺការកាត់បន្ថយ ឬលុបបំបាត់របាំងពន្ធគយទាំងស្រុង សម្រួលរំហូរពាណិជ្ជកម្មឱ្យមានភាពរលូន និងកសាងកាលានុវត្តភាពមាសសម្រាប់ធុរកិច្ច ក៏ដូចជាវិនិយោគិននៃភាគីទាំងពីរឱ្យអាចវាយលុក និងឈានជើងចូលទៅកាន់ទីផ្សាររបស់គ្នានៅចំពោះមុខយ៉ាងងាយស្រួល និងមានប្រៀបប្រកួតប្រជែងខ្ពស់។
លោក អេស្ពិន បាស អាយដ៍ (Espen Barth Eide) រដ្ឋមន្ត្រីការបរទេសន័រវែស បានគូសបញ្ជាក់ថា ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា ការពង្រឹងទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម ដែលអាចទុកចិត្តបាន គឺជារឿងសំខាន់បំផុត ហើយកិច្ចព្រមព្រៀង FTA ថ្មីនេះ នឹងក្លាយជាកាតាលីករជួយពង្រីកទីផ្សារទំនិញ និងសេវាកម្មរបស់ភាគីទាំងពីរប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទោះជាយ៉ាងណាក៏ដោយ ការប្រកាសពីភាពជោគជ័យនេះ គ្រាន់តែជាជំហានបញ្ចប់ការចរចាប៉ុណ្ណោះ ខណៈដែលកិច្ចព្រមព្រៀងផ្លូវការត្រូវឆ្លងកាត់ការពិនិត្យផ្នែកនីតិវិធីច្បាប់ និងការចុះហត្ថលេខាជាផ្លូវការ មុននឹងចូលជាធរមាន ដើម្បីអនុវត្តពេញលេញនាពេលខាងមុខ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ប្រទេសមហាអំណាចធំៗសុទ្ធតែបង្ហាញបំណងចង់ជួយពង្រឹងយោធាកម្ពុជា តើកម្ពុជា គួរចាប់យកឱកាស និងប្រកាន់គោលជំហរបែបណា?

បណ្តាប្រទេសមហាអំណាចយោធា និងសេដ្ឋកិច្ចធំៗរាប់ចាប់តាំងពីសហរដ្ឋអាម៉េរិក ចិន រុស្ស៊ី រហូតដល់ឥណ្ឌា បាន​និងកំពុងបង្ហាញឆន្ទៈយ៉ាងសកម្មក្នុងការផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ