សង្គ្រាមមជ្ឈិមបូព៌ា

អាម៉េរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងបុគ្គលនៅមជ្ឈិមបូព៌ា និងចិនចំពោះការជួយ អ៊ីរ៉ង់ ខណៈសង្គ្រាមអ៊ីរ៉ង់ នៅតែស្ថិតក្នុងភាពទាល់ច្រក


សហរដ្ឋអាម៉េរិក បានបង្កើនសម្ពាធសេដ្ឋកិច្ច និងការទូតជាថ្មីទៅលើទីក្រុងតេអេរ៉ង់ តាមរយៈការប្រកាសដាក់ទណ្ឌកម្មលើបណ្ដាក្រុមហ៊ុន និងបុគ្គលនៅក្នុងតំបន់មជ្ឈិមបូព៌ា និងប្រទេសចិន ដែលជាប់ពាក់ព័ន្ធនឹងការជួយជ្រោមជ្រែងកម្មវិធីយោធាអ៊ីរ៉ង់។ ខណៈដែលភាពតានតឹងនៅច្រកសមុទ្រ Hormuz នៅតែបន្តកើតមាន ទីក្រុងវ៉ាស៊ីនតោន កំពុងទន្ទឹងរង់ចាំការឆ្លើយតបពីអ៊ីរ៉ង់ ចំពោះសំណើសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមដែលបានអូសបន្លាយជាង២ខែមកនេះ។ តើវិធានការថ្មីនេះនឹងជួយឱ្យការចរចាមានពន្លឺ ឬក៏កាន់តែធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង?
សង្គ្រាមមជ្ឈិមបូព៌ា
ដោយ

កាលពីពេលថ្មីៗនេះសហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន១១ និងបុគ្គលសំខាន់ៗចំនួន៣នាក់ មកពីប្រទេសអ៊ីរ៉ង់ ចិន បេឡារុស និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលជាប់ចោទថា បានជួយប្រទេសអ៊ីរ៉ង់អភិវឌ្ឍមីស៊ីល ដ្រូន និងបច្ចេកវិទ្យាយោធា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីថ្ងៃទី៩ ខែឧសភា។

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានលើកឡើងថា ក្រុមហ៊ុនចិនមួយចំនួន ក៏ត្រូវបានចោទប្រកាន់ពីបទផ្តល់រូបភាពផ្កាយរណប ដើម្បីគាំទ្រប្រតិបត្តិការយោធាអ៊ីរ៉ង់ផងដែរ។ ក្នុងពេលជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោន នៅតែរង់ចាំការឆ្លើយតបរបស់អ៊ីរ៉ង់ ចំពោះសំណើរបស់សហរដ្ឋអាម៉េរិក ដែលមានគោលបំណងបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ដែលបានអូសបន្លាយពេលជាងពីរខែមកនេះ និងចាប់ផ្តើមការចរចាឡើងវិញលើកម្មវិធីនុយក្លេអ៊ែ របស់អ៊ីរ៉ង់។ ទោះជាយ៉ាងណាពេលនេះនៅតែមិនទាន់មានសញ្ញា នៃការទម្លាយភាពទាល់ច្រកនៅឡើយទេ។

ទោះបីជាមានការប៉ះទង្គិចគ្នាម្តងម្កាលនៅក្នុងច្រកសមុទ្រ Hormuz យ៉ាងណាក្ដី ក៏ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា បទឈប់បាញ់នៅតែបន្តដំណើរការ។ ទោះជាយ៉ាងណា អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាម៉េរិកថា បានបន្តសកម្មភាពយោធា ខណៈដែលការចរចាកំពុងត្រូវបានពិភាក្សា។

ទន្ទឹមនេះ កប៉ាល់ដឹកឧស្ម័នធម្មជាតិរាវ LNG មួយគ្រឿងរបស់ប្រទេសកាតា បានធ្វើដំណើរឆ្ពោះទៅកាន់ច្រកសមុទ្រ Hormuz ទៅកាន់ប្រទេសប៉ាគីស្ថាន បន្ទាប់ពីគេរាយការណ៍ថា ទទួលបានការយល់ព្រមពីអ៊ីរ៉ង់។ ប្រសិនបើទទួលបានជោគជ័យ វានឹងក្លាយជាការដឹកឧស្ម័នធម្មជាតិរាវដំបូងគេរបស់ប្រទេសកាតា ដែលឆ្លងកាត់ច្រកសមុទ្រនេះដោយសុវត្ថិភាពចាប់តាំងពីអាម៉េរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

ច្រកសមុទ្រ Hormuz នៅតែជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលធម្មតា ប្រេងឥន្ធនៈរហូតដល់ទៅប្រមាណ២០% នៃការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ពិភពលោកត្រូវដឹកឆ្លងកាត់ទីនេះ។ សង្គ្រាមដែលកំពុងបន្តអូសបន្លាយ និងការរឹតបន្តឹងការដឹកជញ្ជូនបានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងថា វិបត្តិថាមពលសកលនឹងរីករាលដាលកាន់តែធំ ហើយអស្ថិរភាពសេដ្ឋកិច្ចពិភពលោកក៏កាន់តែធ្ងន់ធ្ងរឡើង៕




អត្ថបទបន្ទាប់


ចោរកម្មលួចទិន្នផលកសិកម្ម! តើអាជ្ញាធរគួរចាត់វិធានការបែបណា​ដើម្បីការពារញើសឈាមកសិករ?

បញ្ហាចោរកម្មលួចទិន្នផលកសិកម្មនៅតាមចម្ការក្នុងរដូវប្រមូលផលកំពុងវិវត្តពីបញ្ហាបុគ្គលទៅជាវិបត្តិសន្តិសុខក្នុងសហគមន៍ ដែលគួរឱ្យព្រួយបារម្ភបំផុត។ ស…

តើសង្គ្រាមអ៊ីរ៉ង់ កំពុងរុញច្រានឱ្យអាស៊ានងាកទៅស្អិតល្មួតជាមួយចិន ឬយ៉ាងណា?

សង្គ្រាមនៅអ៊ីរ៉ង់ កំពុងដាក់សម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងឡើងសម្រាប់តំបន់អាស៊ាន ជាពិសេសដោយសារតែប្រទេសជាច្រើននៅក្នុងតំបន់ពឹងផ្អែកយ៉ាងខ្លាំងល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ